សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយកម្មករ នៅស្រុកត្រាំកក់ ខេត្តតាកែវ

ចង់សួរសំណួរខ្លះ មុនពេលយើងចាប់ផ្ដើម។ ចង់សំណួរថា អ្នកដែលមានទូរស័ព្ទប្រើនៅក្នុងកន្លែងនេះ មានប៉ុន្មាននាក់ទៅ សូមលើកដៃ? អ្នកមានច្រើនហើយ។ ឥឡូវចង់សួរអ្នកដែលអត់មានទូរស័ព្ទតែម្ដង មានប៉ុន្មាននាក់ទៅ? មិនចង់ប្រើ ឬយ៉ាងម៉េច ឬយកលុយចូលខារ៉ាអូខេមិនដឹង។​ មានមិនដល់ ១% ផងទេ។ ឥឡូវងាកមកសួរអញ្ចេះវិញម្ដង អ្នកដែលមកធ្វើការ ហើយដែលមានមធ្យោបាយជិះ ឬក៏នៅតាមផ្ទះដែលមានម៉ូតូជិះ ប៉ុន្មាននាក់ទៅ សូមលើកដៃ? (មានច្រើន)។ ឥឡូវចង់សួរ អ្នកដែលអត់មានម៉ូតូ ប៉ុន្មាននាក់ សូមលើកដៃ? មានច្រើន។​ ឥឡូវចង់សួរ តាមគ្រួសាររបស់ខ្លួនដែលមានគោយន្តហ្នឹង ប៉ុន្មាននាក់ទៅ សូមលើកដៃ? (មានច្រើន)។ ឥឡូវបកមកសំណួរនេះវិញ អ្នកដែលបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ប៉ុន្មាននាក់ទៅ សូមលើកដៃ?​ ចាក់បានទាំងអស់គ្នា។ ឥឡូវសុំសួរថា អ្នកដែលបានចាក់វ៉ាក់សាំងចាប់ពីដូសទី ៣ឡើង បានប៉ុន្មាននាក់? ទាំងអស់។ នៅនេះ ចាក់ដល់ដូសទីប៉ុន្មានហើយ? ដូសទី៤។ ឥឡូវសួរអញ្ចេះវិញ ចំនួនស្រ្ដីដែលមកធ្វើការនៅទីនេះ មានប្ដីប៉ុន្មានទៅ និងនៅក្រមុំប៉ុន្មាន? ឥឡូវសួរអ្នកមានប្ដីមុន។ មានភាគច្រើនតែម្ដង។ ឥឡូវសួរពីរឿងអ្នកដែលនៅលីវ ប៉ុន្មាននាក់? នៅលីវ និងនៅក្រមុំ…