សុន្ទរកថា និងសេចក្ដីដកស្រង់ប្រសាសន៍សម្ដេចតេជោ, ពិធីបិទសន្និបាតបូកសរុបការងារ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ ២០២១ និងទិសដៅអនុវត្តឆ្នាំ ២០២២

សម្តេច ឯកឧត្ដម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស-ជាតិអន្តរជាតិ អង្គសន្និបាតជាទីមេត្រី ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដែល​បានមកចូលរួម​ក្នុង​ពិធីបិទសន្និបាតបូក​សរុប​ការងារ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ ២០២១ និងទិស​ដៅ​អនុវត្ត​ឆ្នាំ ២០២២ នាឱកាសនេះ។ ខ្ញុំសូមអបអរសាទរ និងវាយ​តម្លៃ​​ខ្ពស់ចំពោះ​​ថ្នាក់​ដឹកនាំ និង​​មន្រ្តី​រាជការ​គ្រប់​លំដាប់​ថ្នាក់​ នៃក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាល​ថ្នាក់​​​ក្រោមជាតិ ដែលបាន​ខិតខំបំពេញ​ការងារប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ ហើយសម្រេច​បាន​​សមិទ្ធ​ផល​ជាច្រើនក្នុង​វិស័យកសិកម្ម​ក្នុង​ឆ្នាំ​​ ២០២១ កន្លង​ទៅ ទោះបីកម្ពុជាបាន​ជួបប្រទះ​នូវ​បញ្ហា​​ប្រឈមលើវិស័យជាច្រើន ដែលបណ្តាលមកពីជំងឺរាតត្បាតសកលកូវីដ-១៩។ អង្គសន្និបាតបូកសរុប​ការងារ​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទដែលបានប្រព្រឹត្ត​ទៅ​រយៈ​ពេល​ ២ ថ្ងៃកន្លងមក ​គឺជា​ការបង្ហាញ និងវាយតម្លៃ​លើ​​សមិទ្ធ​ផល​ដែលសម្រេច​បាន​ក្នុងឆ្នាំ២០២១ និងលើកទិសដៅសម្រាប់អភិវឌ្ឍវិស័យ​កសិកម្មឆ្នាំ ២០២២ ស្របតាម​គោល​នយោបាយ និង​យុទ្ធសាស្រ្តរាជរដ្ឋាភិបាល ដែលបាន​តម្រង់ទិស​ការ​អភិវឌ្ឍ ដើម្បីឱ្យ​វិស័យ​កសិកម្ម​កម្ពុជាក្លាយជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង ចូលរួម​ទ្រទ្រង់​​​កំណើនសេដ្ឋកិច្ចជាតិ ធ្វើឱ្យជីវភាពគ្រួសារកសិករកាន់តែមានភាពល្អប្រសើរឡើង និងសម្រេចបាន​ជា​ប្រទេស​ដែល​មានចំណូល ​មធ្យម​កម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ តាម​ការលើកឡើងដោយ ឯកឧត្តម វេង សាខុន…