សេចក្តីដកស្រង់សង្កថា សម្ពោធគម្រោងធ្វើអោយប្រសើរឡើង កំណាត់ផ្លូវជាតិលេខ ១ ប្រវែង ៤ គ.ម (ច្បារអំពៅ-ក្តីតាកុយ)

ព្រះតេជព្រះគុណ ព្រះមេគណ សម្តេច ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ ជាទីសក្ការៈ ឯកឧត្តម លោកជំទាវ ឯកឧត្តម Hidehisa Horinouchi អគ្គរដ្ឋទូតជប៉ុនប្រចំានៅព្រះរាជណាចក្រកម្ពុជា សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ជាទីស្រឡាញ់! រួចផុតពីបាបកម្ម ទាក់ទងនឹងផ្លូវជាតិលេខ ១ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមជាមួយសម្តេច ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ ជាពិសេសជាមួយឯកឧត្តមអគ្គរដ្ឋទូតជប៉ុន ដើម្បីសម្ពោធដាក់អោយប្រើប្រាស់ កំណាត់ផ្លូវចំនួន ៤ គីឡូម៉ែត្រ ដែលជាដំណាក់កាលចុងក្រោយ នៃផ្លូវជាតិលេខ ១ របស់យើង។ ថ្ងៃនេះអាចចាត់ទុកថា ជាការបញ្ចប់បាបកម្មពាក់ព័ន្ធជាមួយបញ្ហាផ្លូវជាតិលេខ ១ នេះ។ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ សម្តែងនូវអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន ប្រជាជនជប៉ុន ដែលបានផ្តល់ជំនួយសម្រាប់ផ្លូវជាតិលេខ ១របស់យើងនេះ។ ដោយសារតែវាដល់ដំណាក់កាលនៃការបញ្ចប់ ហើយខ្ញុំព្រះករុណាខ្ញុំ គួរតែនិយាយថា ការបញ្ចប់ផ្លូវជាតិលេខ ១ នេះ…