សេចក្តីដកស្រង់សង្កថានៅ ស្រុកអូរជ្រៅ (ទីតាំងទី ១) បន្ទាយមានជ័យ សួរសុខទុក្ខប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយសារទឹកជំនន់

សុំចូលរួមមរណទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋដែលបានបាត់បង់គ្រួសារជាទីស្រឡាញ់ ថ្ងៃនេះខ្ញុំពិតជារីករាយបើទោះបីថា ទឹកជំនន់បានយាយីក៏ដោយ តែខ្ញុំបានរីករាយជាមួយការមកដល់សាជាថ្មីម្ដងទៀត ហើយយើងបានគិតត្រូវកាលពីជំហានដំបូង នៅពេលដែលខ្ញុំបាននិយាយថាត្រឡប់មកវិញ ខ្ញុំគិតថាព្រឹកនេះបានចេញតាមឧទ្ធម្ភាចក្រមកដល់ខេត្តបន្ទាយមានជ័យ ប៉ុន្តែបើសិនជាចេញតាមឧទ្ធម្ភាចក្រប្រហែលជាពេលនេះ យើងនៅហោះត្រឹមពោធិសាត់អីប៉ុណ្ណឹង ព្រោះត្រូវការពេលហោះ១ ម៉ោង ៤៥ នាទី។ បើគិតទាំងឡើងទាំងចុះ ២ ម៉ោងគត់។ ប៉ុន្តែ ដោយសារម្សិលមិញនេះ ប្រជុំគណៈរដ្ឋមន្ត្រីចប់ក៏បានធ្វើដំណើរមកសៀមរាប។ មុនម៉ោង ៥ កន្លះ យើងចាប់ផ្ដើមចេញដំណើរ(ពីសៀមរាប)។ ដូច្នេះយើង(អាច)ចាប់ផ្ដើមបានរហ័ស ចំណេញពេលវេលាទាំងនៅទីនេះផង និងទៅឯស្រុកម៉ាឡៃផង។ សុំយកឱកាសនេះពាំនាំព្រះរាជបណ្ដាំសាកសួរសុខទុក្ខពីព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមាតាជាតិខ្មែររបស់យើង ដែលព្រះអង្គតែងតែយកចិត្តទុកដាក់ជាមួយសុខទុក្ខរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះដែរ ខ្ញុំក៏សូមចូលរួមរំលែកនៃការលំបាក ជាមួយបងប្អូនដែលបានជួបប្រទះនូវគ្រោះទឹកជំនន់នេះ។ អម្បាញ់មិញអភិបាលខេត្ត អ៊ំ រាត្រី បានធ្វើរបាយការណ៍ថាបន្ទាយមានជ័យមានអ្នកស្លាប់ដល់ ២២ នាក់ហើយ ក្នុងចំណោម ៣៩ នាក់ដែលបានស្លាប់(ក្នុងគ្រោះទឹកជំនន់ទូទាំងប្រទេស)។ ក្នុងនោះ នៅខាងម៉ាឡៃ មានកុមារអាយុ ២ ឆ្នាំម្នាក់ ដែលខ្ញុំនឹងហៅទៅជួបនៅកន្លែងនោះតែម្ដង។ ការបាត់បង់ជីវិតគឺជាការសោកស្ដាយសម្រាប់យើង មិនមែនគ្រាន់តែក្រុមគ្រួសារទេ ក៏ប៉ុន្តែសម្រាប់ជាតិយើង។ ខ្លួនខ្ញុំផ្ទាល់សុំចូលរួមមរណទុក្ខជាមួយនឹងបងប្អូនប្រជាពលរដ្ឋ ដែលបានបាត់បង់គ្រួសារជាទីស្រលាញ់ ព្រមជាមួយគ្នានេះ ក៏សូមចែករំលែកនូវការលំបាកដែលបងប្អូនបានជួបប្រទះក្នុងរយៈពេលនៃគ្រោះទឹកជំនន់។ វីរភាពរបស់ប្រជាជន…