សេចក្តីដកស្រង់ប្រសាសន៍ សង្កថាពិធីពិសារអាហារសាមគ្គីជាមួយសមាគមខ្មែរ-ចិន

ឯកឧត្តម Xiong Bo ឯកអគ្គរដ្ឋទូតវិសាមញ្ញ នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា អរគុណសមាគមខ្មែរ-ចិន ដែលរួមចំណែករក្សាស្ថេរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ​ ដោយបានជួបជុំសាជាថ្មីម្តងទៀត ជាមួយនឹងសមាគមខ្មែរ-ចិននៅក្នុងព្រះរាជាណាចក្រកម្ពុជា ​មុនពេលដែលឆ្នាំចាស់ត្រូវបញ្ចប់នៅប៉ុន្មានថ្ងៃខាងមុខ ជំនួសដោយឆ្នាំថ្មីដែលនឹងមកដល់។ ខ្ញុំពិតជាមានការសប្បាយរីករាយ ដែលបានឃើញវឌ្ឍនភាព ដែលត្រូវបានលើកឡើងដោយឧកញ៉ា ពង្ស ខៀវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិន។ រយៈកាលមួយឆ្នាំកន្លងទៅនេះ ខ្ញុំពិតជាមានការរីករាយដោយបានឃើញថា សមាគមបានដើរតួនាទីមួយ​នៅក្នុងការជួយជម្រុញទៅលើ​​ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិរបស់យើង។ ខ្ញុំសូមយកឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្ញុំផ្ទាល់ កោតសរសើរចំពោះថ្នាក់ដឹកនាំនៃសមាគម ក៏ដូចជាសម្ព័ន្ធសមាគមរួមទាំងមូល និងសមាគមនីមួយៗ ដែលបានខិតខំធ្វើសកម្មភាពក្នុងរយៈពេលកន្លងទៅ ដែលជាការរួមចំណែកទៅដល់ការរក្សាស្ថេរភាពនយោបាយ ក៏ដូចជាស្ថេរភាពនៃម៉ាក្រូសេដ្ឋកិច្ច។ បង្កើតមជ្ឈមណ្ឌល​បណ្តុះបណ្តាលគ្រូបង្រៀនភាសាចិន ទន្ទឹមនឹង​ការអបអរសាទរជាមួយនឹងវឌ្ឍនភាព ដូចដែលបានលើកឡើងដោយឧកញ៉ា ពង្ស ខៀវសែ ខ្ញុំក៏សូមឯកភាពជាមួយនឹងផែនការនៅក្នុងឆ្នាំថ្មីទាំង ៣ ចំណុចដែលត្រូវបានលើកឡើងអម្បាញ់មិញនេះ។ ក្នុងនោះ ចំ ណុចត្រូវយកចិត្តទុកដាក់ គឺ (១) សមាគមបង្កើតមជ្ឈមណ្ឌល​បណ្តុះបណ្តាលគ្រូបង្រៀនភាសាចិន ដែលបច្ចុប្បន្នមានសិស្ស ៥៥…