សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន ទិវាមច្ឆជាតិ អាងទឹកត្រពាំងថ្ម ភូមិត្រពាំងថ្ម ឃុំប៉ោយចារ ខេត្តបន្ទាយមានជ័យ

(១) មកបន្ទាយមានជ័យជាថ្មី បន្ទាប់ពីទឹកជំនន់ឆ្នាំ២០០០ និងដាក់ឱ្យប្រើប្រាស់ទ្វារទឹកនិងអភិរក្សសត្វក្រៀលឆ្នាំ (២០០៦) ថ្ងៃនេះ ខ្ញុំបានវិលត្រឡប់មកខេត្តបន្ទាយមានជ័យសាជាថ្មីម្ដងទៀត បន្ទាប់ពីគ្រោះទឹកជំនន់នៅឆ្នាំ២០០០។ ដោយឡែក គឺបានមកអាងត្រពាំងថ្មសាជាថ្មីម្ដងទៀត បន្ទាប់ពីប្រមាណជាជិត ២០ ឆ្នាំមុនមកកាន់ទីនេះ ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់នូវទ្វារទឹក កាលពីយើងធ្វើពិធីអភិរក្សសត្វក្រៀល។ សេនាធិការរបស់ខ្ញុំ គឺគេមិនបានកត់ត្រានូវអ្វីដែលជាទីកន្លែងដែលខ្ញុំធ្លាប់​មកទីនេះទេ ព្រោះមិនឃើញកំណត់បង្ហាញនៅក្នុងនេះ។ តែខ្ញុំក៏មិនច្បាស់ ក៏ប៉ុន្តែខ្ញុំនៅចាំបានថា ពេលនោះខ្ញុំមកជាមួយនឹងអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិក Kenneth M. Quinn ដើម្បីមកបើកទ្វារទឹកមួយ ដែលពេលនោះយើងយកវិធានការការពារសត្វក្រៀលជាចម្បង។ ថ្ងៃនេះ យើងរៀបចំពិធីព្រលែងកូនត្រី ដែលហៅថា ទិវាមច្ឆជាតិ ១ កក្កដា ឡើងវិញ បន្ទាប់ពីអាក់ខានរយៈពេល ២ ឆ្នាំ ដោយសារកូវីដ-១៩។ ឆ្នាំ២០២០ និងឆ្នាំ២០២១ យើងមិនបានធ្វើទេ ដោយសារពេលនោះមានបញ្ហាកូវីដ-១៩។ ការដាំកូនឈើក្រោមអធិបតីភាពរបស់ព្រះមហាក្សត្រជាទីសក្ការៈ​ក៏មិនបានធ្វើដែរ។ ឆ្នាំនេះ យើងបានធ្វើទាំង២៖ ទីមួយ គឺព្រឹត្តិការណ៍នៅថ្ងៃនេះ ដែលយើងជួបជុំគ្នា ដើម្បីព្រលែងកូនត្រីនៅក្នុងអាងទឹកត្រពាំងថ្ម ប្រមាណជាង ១ លានកូនត្រី និងទីពីរ នៅថ្ងៃទី៩ ខែកក្កដាខាងមុខនេះ ព្រះមហាក្សត្ររបស់យើង…