សុន្ទរកថា ក្នុងពិធីផ្សព្វផ្សាយលើកដំបូងនូវសៀវភៅជាខេមរភាសាស្តីពី «ស៊ី ជីនភីង៖ អភិបាលកិច្ចប្រទេសចិន»

ឯកឧត្តមជាំង ជានគ័រ (Jiang Jianguo) រដ្ឋមន្ត្រីក្រុមប្រឹក្សាព័ត៌មាននៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តមហ្សង់ ព័រ (Xiong Bo) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី, ក្មួយៗយុវជន សិស្ស-និស្សិត ជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីផ្សព្វផ្សាយលើកដំបូងនូវសៀវភៅជាខេមរភាសាស្តីពី «ស៊ី ជីនភីង៖ អភិបាលកិច្ចប្រទេសចិន»។ ជាបឋម ខ្ញុំសូមស្វាគមន៍ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវជាតិ- អន្តរជាតិទាំងអស់ ជាពិសេស ឯកឧត្តម ជាំង ជានគ័រ ដែលបានដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាព័ត៌មាន នៃសាធារណរដ្ឋប្រជាមានិតចិនមកចូលរួមក្នុងពិធីនេះ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំរបស់រដ្ឋបាលបោះពុម្ភសៀវភៅជាភាសាបរទេសរបស់ប្រទេសចិន និងរាជបណ្ឌិត្យសភាកម្ពុជា ដែលបានជំរុញ និងលើកទឹកចិត្តដល់វិទ្យាស្ថានខុងជឺរាជបណ្ឌិត្យសភាកម្ពុជា ក្នុងការបកប្រែសៀវភៅដ៏សំខាន់នេះ ឱ្យទៅជាភាសាខ្មែរ ដើម្បីបានជាប្រយោជន៍សម្រាប់ប្រជាជនខ្មែរយើង។ ជារួម សៀវភៅនេះ នឹងបង្ហាញឱ្យប្រជាជាតិខ្មែរយល់កាន់តែច្បាស់ពីគោលគំនិតរបស់ឯកឧត្តម ស៊ី ជីន​ភីង ប្រធានាធិបតីចិន ក្នុងការកែទម្រង់ស៊ីជម្រៅលើអភិបាលកិច្ចប្រទេសចិន សម្រាប់ឱ្យយើងទាំងអស់គ្នាបានរៀនសូត្រ និងក្រេបយកបទពិសោធន៍។ ពិធីនេះក៏បានឆ្លុះបញ្ជាំងពីទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងកាន់តែស្អិតរមួតពីមួយឆ្នាំទៅមួយឆ្នាំរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិនលើគ្រប់វិស័យ។ ជាការពិត បច្ចុប្បន្ននេះ ប្រទេសចិនបាន និងកំពុងដើរតួយ៉ាងសំខាន់ក្នុងសកម្មភាពនៃវិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម និងនយោបាយសកលលោក។ ជាក់ស្តែង ចាប់ពីឆ្នាំ ២០១១…