សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យស្ថានការណ៍ជំនន់ទឹកភ្លៀង, ព្រែកជ្រៃ

ចូលរួមការលំបាកជាមួយប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ ទទួលផលប៉ះពាល់ពីគ្រោះទឹកជំនន់ទឹកភ្លៀង … បងប្អូនប្រជាពលរដ្ឋ ដែលបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព។ អម្បាញ់មិញនេះ ខ្ញុំព្រះករុណាខ្ញុំបានទៅសួរសុខទុក្ខ និងពិនិត្យមើលពីស្ថានភាពនៅឯបុរី ពិភពថ្មី កួរស្រូវ ២។ ឥឡូវនេះ យើងមកកាន់តំបន់ស្ពានថ្ម​ ដែលជាទីតាំងមួយទៀតក្នុងការជម្លៀសប្រជាពលរដ្ឋចេញពីតំបន់រងគ្រោះ។ ពិតមែនហើយ នៅទីនេះមានពន្លឺអគ្គិសនីខ្លះ ដោយប្រើប្រាស់នូវម៉ាស៊ីនភ្លើង។ សុំអភ័យទោសពីសំ​ណាក់ប្រជាពលរដ្ឋ ដែលយើងត្រូវផ្ដាច់ចរន្តអគ្គិសនី ហើយស្ថានភាពរបស់ប្រជាពលរដ្ឋនៅតំបន់មួយចំនួន គឺងងឹតតែម្ដង។ បើសិនជាយើងនៅបន្តបើកអគ្គិសនីតទៅទៀត វានឹងអាចមានគ្រោះថ្នាក់ដល់អាយុជីវិត។ ដូច្នេះ ការទ្រាំទ្រការលំបាកនៅក្នុងរយៈពេលនេះ ខ្ញុំព្រះករុណាខ្ញុំសូមចូលរួមនូវការលំបាកនេះ ជាមួយនឹងប្រជាពលរដ្ឋនៅទីនេះក្ដី នៅក្របខណ្ឌទូទាំងប្រទេសក្ដី ដែលរាប់ម៉ឺនគ្រួសារ ទទួលនូវផលប៉ះពាល់ ដែលចេញមកអំពីគ្រោះទឹកជំនន់ទឹកភ្លៀង ដែលបាន និងកំពុងកើតនៅក្នុងប្រទេស។ ការជម្លៀសប្រជាជន ជាបទបញ្ជាអាទិភាព ពេលដែលខ្ញុំធ្វើដំណើរចេញមក ភ្លៀងចាប់ផ្ដើមរលឹម ហើយមកដល់កន្លែងទី ១ ភ្លៀងក៏ធ្លាក់ខ្លាំង​ ហើយ បន្ទាប់ទៅក៏នៅរលឹម។ តែឥឡូវ យើងកំពុងនៅក្រោមផ្ទៃមេឃរលឹមនៅឡើយ។ នេះហើយដែលហៅថា ម្ខាងគឺរដូវវស្សា តែម្ខាងទៀតគេហៅថា គ្រោះមហន្តរាយធម្មជាតិ គឺទឹកជំនន់នេះឯង។ ដោយសារតែទឹកជំនន់នេះហើយ បានជាមានតម្រូវការជម្លៀសប្រជាជនចេញ។ នេះជាអាទិភាពខ្ពស់បំផុតនៃបទបញ្ជារបស់ខ្ញុំព្រះករុណាខ្ញុំ ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាល។ ឥឡូវនេះ ក្រុមយុវជនស្រឡាញ់សន្តិភាព…