សុន្ទរកថា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែន និង ពិធីប្រគល់-ទទួលក្បាលរថភ្លើង (DMU) អំណោយរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ជូនរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

– ឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ – ឯកឧត្តម ឤខុម ទើមភីតាយ៉ាផៃស៊ីធ (Arkhom Termpittayapaisith) រដ្ឋមន្ត្រីដឹកជញ្ជូននៃព្រះរាជាណាចក្រថៃ – ឯកឧត្តម ផែនយ៉ារ៉ាក់ ផូលធូប (Panyarak Poolthup) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃ ព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា – សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និង ព្រះរាជាណាចក្រថៃ ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដែលបានជួបឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ជាថ្មីម្តងទៀត ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នា ស្តីពីការដឹកជញ្ជូនឆ្លងកាត់ ព្រំដែនតាមផ្លូវដែក និងពិធីប្រគល់-ទទួលក្បាលរថភ្លើង (DMU) ដែលជាអំណោយរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ជូនរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសនេះ។ ខ្ញុំ និងគណៈប្រតិភូរួមដំណើរទាំងអស់ ពិតជាមានសេចក្តីរីករាយក្នុងការធ្វើដំណើររួមគ្នាជាប្រវត្តិសាស្ត្រ នាពេលបន្តិចទៀតនេះ ជាមួយឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃតាមខ្សែរថភ្លើង រវាង ស្ថានីយបានក្លងលឹក និងស្ថានីយប៉ោយប៉ែត តាមការសន្យា និងការគ្រោងទុករបស់ខ្ញុំ។ ឆ្លៀតឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ដែលបានសាងសង់ជាថ្មីស្ពាន ផ្លូវដែកព្រំដែនកម្ពុជា-ថៃ អូរជ្រៅ ប្រវែង ៤៣ ម៉ែត្រ ប្រើប្រាស់ថវិកាសាងសង់ប្រមាណ ១ លានដុល្លារនិងបានធ្វើអំណោយក្បាលរថភ្លើងចំនួន ១ គ្រឿង ជាប់ជាមួយទូអ្នកដំណើរចំនួន ៤ ដែលឤចផ្ទុកអ្នកដំណើរបានដល់ ៨០ នាក់ ក្នុងទូនីមួយៗ។ ខ្ញុំក៏សូមថ្លែងអំណរគុណឯកឧត្តម ឤខុមទើមភីតាយ៉ាផៃស៊ីធ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ និងលោកប្រធានអគ្គនាយកស្តីទី នៃសហគ្រាសរថភ្លើងរដ្ឋប្រទេសថៃ ដែលបានជួយជំរុញកិច្ចព្រមព្រៀង ដើម្បីចុះហត្ថលេខានៅថ្ងៃនេះ ខ្ញុំសង្ឃឹមថា…