សេចក្ដីដកស្រង់ប្រសាសន៍ សម្ពោធដាក់ឱ្យប្រើប្រាស់នូវ ផ្លូវជាតិ លេខ៥៥ និងប្រកាសបើកការដ្ឋាន​ ផ្លូវជាតិ លេខ១០

រីករាយចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់នូវ ផ្លូវជាតិ លេខ ៥៥ ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយបង្គំព្រះតេជព្រះគុណ ព្រះអនុគុណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ។ ឯកឧត្តម Wang WenTian អគ្គរដ្ឋទូតវិស្សមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងប្រិយមិត្តចិន។ សម្តេច ឯកឧត្តម និងលោកជំទាវ អស់លោក លោកស្រី ដែលបានចូលរួម។ សូមគោរពចំពោះលោកយាយ លោកតា បងប្អូនជនរួមជាតិទាំងអស់ជាទីគោរព ស្រលាញ់ និងនឹករលឹកពីខ្ញុំព្រះករុណាខ្ញុំ។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយដែលបានមកចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់នូវផ្លូវលេខ ៥៥ ប្រវែង ១៨២ គីឡូម៉ែត្រ  និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ១០ ប្រវែង ១៩៨ គីឡូម៉ែត្រ។ នេះជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ព្រះរាជាណាចក្រកម្ពុជា និយាយជារួម និងសម្រាប់បងប្អូនដែលរស់នៅក្នុងតំបន់នេះនិយាយដោយឡែក។ «អរគុណសន្តិភាព» … ស្រុកវាលវែង ជួរភ្នំក្រវាញ កម្រត្រួតត្រាបានដោយរដ្ឋាភិបាល មុនចូលដល់បញ្ហាទាក់ទិនជាមួយនឹងបញ្ហានិយាយដល់ផ្លូវនេះ ខ្ញុំព្រះករុណាខ្ញុំ គួរតែស្រែកថា «អរគុណ សន្តិភាព» ហើយក៏សុំនិទានរឿងបន្តិចទាក់ទងនឹងតំបន់នេះ និងការតភ្ជាប់ពីតំបន់នេះ តើស្ថានភាពវាបែបណា។ ហើយថ្ងៃនេះកាលពីអតីតកាលស្ថានភាពបែបណា?…

សេចក្ដីដកស្រង់ប្រសាសន៍ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវផ្លូវជាតិលេខ ៥៨

[…] ខ្ញុំព្រះករុណាខ្ញុំក៏ចង់យកឱកាសនេះដើម្បីបញ្ជាក់ជូនថា មិនមែនខ្ញុំព្រះករុណាខ្ញុំត្រូវបញ្ចប់តួនាទីត្រឹមមួយថ្ងៃពីរថ្ងៃ ឬត្រឹមឆ្នាំ ២០២៣ ទេ។ ខ្ញុំព្រះករុណាខ្ញុំមានមហិច្ឆតា នឹងឈានទៅគ្រប់គ្រងបន្តតំណែងជានាយករដ្ឋមន្ត្រីរហូតទៅដល់ក្រោយឆ្នាំ ២០២៨ ឬក្រោយឆ្នាំ ២០២៨ តទៅទៀត … សង្ឃឹមថា ប្រជាពលរដ្ឋយើងនឹងបន្តបោះឆ្នោតឱ្យគណបក្សប្រជាជននៅឆ្នាំ ២០២២ ក្នុងការបោះឆ្នោតឃុំ-សង្កាត់ និងឆ្នាំ ២០២៣ ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនៅពេលនោះ […]

[…] ការតភ្ជាប់ផ្លូវជាតិលេខ ៥៦ ពីទីក្រុងប៉ោយប៉ែត លើផ្លូវជាតិលេខ ៥ ទៅទល់នឹងទីក្រុងសំរោង នៃខេត្តឧត្ដរមានជ័យ ចម្ងាយ ១៧៤ គីឡូម៉ែត្រ ដើរតួនាទីដ៏សំខាន់ និងបានឱ្យខ្ញុំព្រះករុណាខ្ញុំសម្រេចនូវគោលគោលដៅ ២ ក្នុងពេលតែមួយ។ បន្ទាប់ពីការអនុវត្តនូវនយោបាយឈ្នះឈ្នះរួចហើយ ខ្ញុំព្រះករុណាខ្ញុំបានដាក់ចេញនូវគោលដៅ ២ នៅក្នុងការអភិវឌ្ឍប្រទេសរបស់យើង … ទី ១ ការប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ ឱ្យទៅជាទីផ្សារ និងជាតំបន់ដែលមានការអភិវឌ្ឍ។ ឯគោលដៅទី ២ គឺប្រែក្លាយព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ […]

[…]ពេលសភាពការណ៍ធម្មតាត្រូវការចិនជួយនេះត្រូវការចិនជួយនោះ ដល់ទៅពេលមានរឿងរត់ចោលចិនអស់។ ហ៊ុន សែន ដែលតំណាងឱ្យកម្ពុជា និងព្រះមហាក្សត្រកម្ពុជា សម្តេចម៉ែ ព្រះអង្គបានប្រទានព្រះរាជសារទៅកាន់ប្រធានាធិបតីចិន ក៏ដូចជាថវិកា […] បង្ហាញពីទឹកចិត្ត ពីបេះដូងរបស់កម្ពុជា។ ឯខ្ញុំព្រះករុណាខ្ញុំបានធ្វើនូវកិច្ចការ ដែលភាសាខ្មែរថា “ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងពេលលំបាក” […]

[…] ច្រកទាំង ៤ នេះបានបើក ៣ ច្រកហើយ […] ទំនិញរបស់យើងត្រូវលក់ឱ្យថៃ ទំនិញថៃលក់ឱ្យកម្ពុជា។ យើងត្រូវការទំនិញពីថៃ ច្រើនជាងពីថៃទិញពីកម្ពុជា។ យើងត្រូវការដូចជាសម្ភារៈសំណង់ […] វត្ថុធាតុដើម […] ប្រេងឥន្ធនៈ នាំចេញពីព្រះរាជាណាចក្រថៃមកកាន់កម្ពុជា […] ខ្ញុំពិភាក្សាជាមួយឯកឧត្តម ប្រាយុទ្ធ ចាន់អូចា ថា មានគម្រោងបើកនូវច្រកអូរនាង ដើម្បីតភ្ជាប់តំបន់សេដ្ឋកិច្ចពិសេស ជាមួយនិងការដឹកជញ្ជូនទៅក្នុងប្រទេសថៃ […]

[…] ម៉ាស៊ីនច្រូតស្រូវ ចាំតែច្រកបាវយកមកផ្ទះ ហើយជួនកាលមិនយកមកផ្ទះទៀតគេទៅទិញដល់កន្លែងហ្នឹងទៅទៀត។ ប៉ុន្តែអាហ្នឹង វាចេញមកពីអី? ដំបូងចេញមកពីសន្តិភាព ហើយបន្តទៅវាចេញពីការខិតខំរួមរបស់យើងរវាងរដ្ឋ និងប្រជាជនតាមគ្រួសារមួយៗ។ រដ្ឋបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងរាប់ទាំងការមិនយកពន្ធលើដីស្រែដីចំការរបស់ប្រជាពលរដ្ឋរបស់យើង […] ខ្ញុំព្រះករុណាខ្ញុំ បន្តប្រកាសថារយៈពេល ៤១ ឆ្នាំកន្លងផុតទៅ យើងមិនដែលយកពន្ធលើដីកសិកម្មរបស់កសិករទេ ហើយបើសិនជាគណបក្សប្រជាជនកាន់អំណាច ១០០ ឆ្នាំទៀត ក៏យើងនៅតែមិនយកពន្ធលើដីធ្លីកសិកម្មបន្តទៅទៀត […]

[…] (ខ្លះ)គិតតែពីវិភាគថា (កម្ពុជា)បោះបង់ចោលអាមេរិក បោះបង់ចោលអឺរ៉ុប ទៅចាប់យកតែចិន។ ខ្ញុំបានបញ្ជាក់ហើយ ខ្ញុំអត់បោះបង់ចោលអ្នកណាមួយទេ ខ្ញុំត្រូវការមិត្តទាំងអស់។ អ្នកខ្លះទៅហួសជ្រុល។ សូម្បីតែអាមេរិកកាំងក៏រកស៊ីជាមួយចិន។ ហេតុអ្វីបានជាអ្នកឯងស្អប់ចិនខ្លាំងម្លេះ? នេះជាភាពមិនប្រាកដនិយមកក្នុងការធ្វើនយោបាយ។ បើការធ្វើនយោបាយបែបនេះ មិនអាចធ្វើមេដឹកនាំកម្ពុជាបានទេ។ កម្ពុជាប្រកាន់យកនូវទំនាក់ទំនងអន្តរជាតិ ដោយមិនប្រកាន់របបនយោបាយ។ មកដល់ពេលនេះ មានជាង ១៧០ ប្រទេស មានទំនាក់ទំនងការទូតជាមួយនឹងកម្ពុជា […]

សម្ដេចតេជោ ហ៊ុន សែន, សម្ពោធផ្លូវជាតិលេខ ៥៨ តភ្ជាប់ពីប៉ោយប៉ែតទៅសំរោង, ២៦ កុម្ភៈ ២០២០