សេចក្តីដកស្រង់ប្រសាសន៍ ពិធីចែកសញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យ បៀលប្រាយ

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ រីករាយ ដែលមកចូលរួមសាជាថ្មីម្ដងទៀត ដើម្បីចែកសញ្ញាបត្រ សម្រាប់និស្សិតសាកលវិទ្យាល័យ បៀលប្រាយ សរុប ៤ ០៣៨ នាក់ ដែលនេះចាត់ទុកថា ជាសមិទ្ធផលថ្មីមួយទៀត សម្រាប់សង្គមជាតិរបស់យើង។​ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ដើម្បីសម្ដែងជូននូវការវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព នៃសាកលវិទ្យាល័យ ដែលបានខិតខំរួមចំណែក ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្ស។  ដូចដែល ឯកឧត្តម សាកលវិទ្យាធិការ ឌៀប សីហា បានលើកឡើងក្នុងរបាយការណ៍អម្បាញ់មិញសា​កលវិទ្យាល័យបានធ្វើសកម្មភាពច្រើន ហើយបើយើងពិនិត្យអំពីតួលេខ នៃចំនួននិស្សិតដែលបានធ្វើការបណ្ដុះបណ្ដាលនៅក្នុងសាកលវិទ្យាល័យនេះ ហើយដែលបានចេញកន្លងទៅ និងថ្ងៃនេះ មានរហូតទៅដល់ ៦៦ ២២០ នាក់។ ក្នុងនោះ មួយផ្នែកទៀតនិស្សិតដែលកំពុងបន្តការសិក្សានៅទីនេះ គឺមានរហូតទៅដល់ ១១ ៤៣៧ នាក់ ទៀតផងដែរ។ នេះចាត់ទុកថា ជាការរួមចំណែកដ៏ធំពីវិស័យឯកជន ក្នុងការរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្សរបស់យើង ដែលចំណុចនេះ មិនអាចមើលរំលង ហើយក៏ចាត់ទុកថា ជាគោលនយោបាយអាទិភាពរបស់យើងផងដែរ។ សម័យសង្គ្រាម និងរបបប្រល័យពូជសាសន៍​ យុវជនបាត់បង់ឱកាសអប់រំទាំងស្រុង ខ្ញុំពិតជានៅចងចាំ អំពីអតីតកាលដ៏លំបាករបស់យុវជនសម័យមុន ដែលបានបាត់បង់ឱកាសទាំងស្រុង​ ឬជិតទាំងស្រុង…