សេចក្តីដកស្រង់ប្រសាសន៍ ក្នុងសង្កថាពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

… និយាយរឿងកងទ័ពទៅព្រះវិហារក្នុងខែហ្នឹង កាលពីឆ្នាំ ២០០៨-២០០៩ មុននឹងទៅហ្នឹង គេរៀបការបាន ៣ ខែ ហើយក៏មានសភាពការណ៍នៅព្រះវិហារ ក៏ត្រូវឡើងទៅព្រះវិហារ។ សម័យថ្ងៃមួយហ្នឹង​ ទាហានហ្នឹង គេបានស្នើសុំច្បាប់មកលេងផ្ទះ។ ប្រពន្ធនៅជាមួយម្ដាយក្មេក ដល់ពេលប្ដីមកដល់ ម្ដាយក៏ចាប់ផ្ដើមដឹងចិត្តកូន ក៏ចាប់ផ្ដើមទាញក្រមាបង់កដើរចេញទៅ ដើម្បីទុកឱកាសអោយកូន។ ធម្មតា ឆ្កែខែកត្ដិកវារកគ្នាដែរ។ ស្រាប់តែអ៊ំស្រី គាត់ថា ស្អីហ្អែងមកពីព្រះវិហារស្អីនឹងគេដែរ? សុំទោស! ចាប់ផ្ដើមមិនទាន់និយាយពីស្អីផង និយាយពីរឿងខែកត្ដិកអីណា។ សន្យាថា បើឈ្នះឆ្នោត បន្តជួបកម្មករ បើមិនឈ្នះ មិនបំពានការងារគេ ​ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានមកជួបជុំជាមួយនឹងក្មួយៗសាជាថ្មីម្ដងទៀត ជាមួយនឹងពេលវេលា ដែលសល់តែមួយថ្ងៃនេះ ប៉ុន្តែ ក៏នៅជំពាក់អ្នកខេត្តកំពង់ស្ពឺមួយលើក នៅមួយលើកទៀត ហើយជំពាក់អ្នកខេត្តកណ្ដាល ២ លើកទៀត។ ខាងភ្នំពេញអស់ហើយ។ នៅជំពាក់ពោធិ៍សាត់ កោះកុង កំពត តាកែវ បន្ទាយមានជ័យ និងកន្លែងមួយចំនួន នឹងត្រូវធ្វើការសងនូវសំណងនេះ ព្រោះដូចដែលពូបានបញ្ជាក់តាំងពីមុនយុទ្ធនាការបោះឆ្នោតថា យើងឈប់តែពេលវេលាក្នុងយុទ្ធនាការបោះឆ្នោតតែប៉ុណ្ណោះ។ ប៉ុន្តែបន្ទាប់ពីការបោះឆ្នោតហើយ ប្រសិនបើគណបក្សប្រជាជនកម្ពុជាឈ្នះ​ ហើយពូបន្តជានាយករដ្ឋមន្រ្តី នឹងបន្តដំណើរការជួបគ្នាតទៅទៀត។…