សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧-២០២៣

(១) តភ្ជាប់នយោបាយឈ្នះឈ្នះជាមួយប្រវត្ដិនៃការចាប់ផ្ដើម(ដំណើរការតស៊ូរំដោះជាតិ) ថ្ងៃនេះ ជាខួបលើកទី៤៦ នៃថ្ងៃចាកចេញរបស់ខ្ញុំ ជាថ្ងៃយកជីវិតធ្វើជាដើមទុនដើម្បីរំដោះប្រទេស។ ខ្ញុំសូមអរគុណ គណៈកម្មាការសិក្សានិងកសាងវិមានឈ្នះឈ្នះ និងការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ដែលបាន​សិក្សាដំណើរតភ្ជាប់ប្រវត្ដិនៃនយោបាយឈ្នះឈ្នះជាមួយនឹងប្រវត្ដិនៃការចាប់ផ្ដើម(ការតស៊ូរំដោះជាតិ)របស់ខ្ញុំ។ ខ្ញុំសូមអរគុណចំពោះសម្ដេចពិជ័យសេនា ទៀ បាញ់ ដែលបានដឹកនាំការងារនេះដ៏ល្អិតល្អន់ ព្រមជាមួយសហការីឯទៀតមាន ឯកឧត្តម ​សៅ​ សុខា បានកសាងតំបន់ X16 ឲ្យក្លាយជាតំបន់ប្រវត្ដិសាស្ដ្រមួយ បន្ថែមទៅដោយការស្រាវជ្រាវរបស់ឯកឧត្តម ណឹម សុវត្ថិ ដែលបានចងក្រងនូវបណ្ដាឯកសារទាំងឡាយ។ (២) X16 តំបន់ឆ្លងកាត់ព្រំដែនទៅវៀតណាម កាលពីឆ្នាំទៅយើងបានធ្វើខួប​អនុស្សាវរីយ៍លើកទី ៤៥ នៅឯ X16 ដែលមានការចូលរួមពីសំណាកនាយករដ្ឋមន្ដ្រីនៃសាធារណរដ្ឋសង្គម​និយម​វៀតណាម។ X16 ជាតំបន់ដែលខ្ញុំបានឆ្លងកាត់ព្រំដែន(ពីខាងកម្ពុជាទៅខាងវៀតណាម)ទាំងលំបាក។ ឆ្នាំនេះ យើងក៏បានធ្វើខួបសំណេះ​សំណាលខួបលើកទី ៤៥ឆ្នាំនៃការបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា។​ ប៉ុន្ដែ ដោយសារយើងជាប់(ធ្វើជាម្ចាស់ផ្ទះ)ស៊ីហ្គេម យើងមិនអាចបំបែកកំលាំងទៅរៀបចំនៅ X16 ដែលជាតំបន់ប្រវត្ដិសាស្ដ្រយោធាបាន។ ដូច្នេះបានជាមានការសំណេះ​សំណាលនៅឯទីក្រុងភ្នំពេញនេះតែប៉ុណ្ណោះ។ (៣) ស្នើសិក្សា​ជាមួយអ្នកច្បាប់ ស្តីពីការបង្កើតច្បាប់ប្រវត្ដិសាស្ដ្រយោធា មុននឹងចាប់ផ្ដើមបន្ដ ខ្ញុំសូមឆ្លើយសំណូមពររបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ដែលមានទាំងអស់ ៥ សំណូមពរ។ ជាគោលការណ៍ខ្ញុំយល់ស្រប…