សុន្ទរកថាសម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការនូវសមិទ្ធិផលនានា នៃកងពលតូចលេខ ៧០

–សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ–អន្តរជាតិ –មេបញ្ជការ មេបញ្ជាការរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានមកចូលរួម ជាមួយសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំង ៥២ ផែននៃកងយោធពលខេមរភូមិន្ទ ក្នុងពិធីសម្ពោធសមិទ្ធផលនានា នៃកងពលតូចលេខ ៧០ ។ ពិធីនេះក៏ជាឱកាសដ៏ប្រសើរថ្មីមួយទៀត ដែលនេះគឺជាលើកទី៧ ហើយនៃការជួបសំណេះសំណាល និងសាកសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធ ពិសេសនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចលេខ ៧០។ ខ្ញុំសូមសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅ និងសូមកោតសរសើរចំពោះនាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ ដែលតែងតែធ្វើពលិកម្មយ៉ាងធំធេង និងខិតខំពុះពារ ជំនះគ្រប់ឧបសគ្គ ក្នុងបុព្វហេតុការពារជាតិ មាតុភូមិកម្ពុជា។ ខ្ញុំក៏សូមសម្តែងនូវការដឹងគុណចំពោះបងប្អូន ជនរួមជាតិនៅគ្រប់ជំនាន់ ដែលបានលះបង់កូនចៅ ប្តីសី និង សាច់ញាតិជាទីស្រឡាញ់របស់ខ្លួនឲ្យចូលបម្រើក្នុងជួរកងទ័ព ដើម្បីបុព្វហេតុការពារជាតិ និងមាតុភូមិ។…