សំណេរលើហ្វេសប៊ុក ផេក សម្ដេចតេជោ ហ៊ុន សែន ​ប្រធានព្រឹទ្ធសភា

ថ្ងៃ៧មិថុនា២០២៤នេះ មានកាសែតបរទេសមួយចុះផ្សាយអំពីប្រទេសអាស៊ីអាគ្នេយ៍ចូលរួមសន្និសីទសន្តិភាពអ៊ុយក្រែន នៅស្វីសនាពេលខាងមុខ។ គេខិតខំទម្លាក់កំហុសឲ្យចិន ប្រសិនកម្ពុជាមិនបានចូលរួម។ កាលពីសប្តាហ៍មុន ក្នុងជំនួបតាមវីដេអូជាមួយប្រធានសភាអ៊ុយក្រែន ទន្ទឹមនឹងការជម្រាបជូនគាត់ថា កម្ពុជាកំពុងពិចារណាលើផែនការសន្តិភាព និងការចូលរួម ឬមិនចូលរួម ខ្ញុំក៏បានជម្រាបគាត់ថា សន្និសីទមិនទទួលបានជោគជ័យទេ ប្រសិនបើភាគីពាក់ព័ន្ធពិសេសរុស្ស៊ី មិនត្រូវបានអញ្ជើញឲ្យចូលរួម។ ខ្ញុំបានប្រាប់គាត់បន្ថែមថា មុនសន្និសីទពេលសន្និសីទ និងក្រោយសន្និសីទ រុស្ស៊ីនឹងវាយខ្លាំងលើសមរភូមិយោធា។ ខ្ញុំក៏និយាយបែបនេះទៅកាន់អគ្គនាយក CIA នៅថ្ងៃ ០២ មិថុនា និងរដ្ឋមន្ត្រីការពារជាតិអាមេរិកថ្ងៃ ០៤ មិថុនា ពេលពួកគាត់មកជួបជាមួយខ្ញុំ។ តើសម្ដីបែបនេះ ចិនណែនាំឲ្យខ្ញុំនិយាយឬកម្ពុជាមានសិទ្ធិនិយាយ? កម្ពុជាជារដ្ឋឯករាជ្យ ហើយខ្ញុំបានធ្វើការជាមួយមេដឹកនាំចិនច្រើនឆ្នាំ និងច្រើនជំនាន់ខ្ញុំមិនធ្លាប់លឺ មេដឹកនាំចិនណាម្នាក់ និយាយមកកាន់ខ្ញុំឲ្យធ្វើនេះ ឬធ្វើនោះតាមបំណងរបស់ចិនឡើយ។ ផ្ទុយទៅវិញពួកអ្នកដែលនិយាយថា កម្ពុជាធ្វើតាមចិនទៅវិញទេ ដែលតែងតែមកដាក់ការគាបសង្កត់ឲ្យកម្ពុជាធ្វើតាមខ្លួនរហូតប៉ះទង្គិចសម្ដីជាមួយខ្ញុំជាញឹកញាប់។ ការសម្រេចចិត្តមិនចូលរួមសន្និសីទរបស់កម្ពុជា វាជាសិទ្ធិរបស់កម្ពុជា ដោយកម្ពុជាមើលឃើញថា វាមិនមានជោគជ័យ។ ឯប្រទេសផ្សេងទៀតចូលរួមឬមិនចូលរួម វាជាសិទ្ធិរបស់ប្រទេសទាំងនោះ។ សូមកុំព្យាយាមទម្លាក់កំហុសឲ្យចិន ពេលកម្ពុជាមិនចូលរួមក្នុងសន្និសីទ និងសូមបញ្ឈប់ការភ្ជាប់កម្ពុជាទៅក្នុងល្បែងភូមិសាស្ត្រនយោបាយប្រឆាំងចិនទៅ៕

សារសម្តេចតេជោ តាមហ្វេសប៊ុក ថ្ងៃ ១៩ មករា ២០១៧ ស្តីអំពី “ក្នុងជំនួបទ្វេភាគីជាមួយ លោកស្រី Doris Leuthard ប្រធានាធិបតី នៃសហព័ន្ធស្វីស សម្តេចតេជោ អរគុណរដ្ឋាភិបាលស្វីស ដែល បានជួយ និងផ្តល់ជំនួយដល់កម្ពុជាកន្លងមក និងស្នើអោយពង្រីកទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរ”

សម្ដេចតេជោ ហ៊ុន សែន ជួបប្រធានាធិបតីស្វីស នៅរសៀលម៉ោង ៤:៣០ នាទី ថ្ងៃទី ១៩ មករា ឆ្នាំ ២០១៧ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ លោកស្រី Doris Leuthard ប្រធានាធិបតី នៃសហព័ន្ធស្វីស។ ទំនាក់ទំនងកម្ពុជាស្វីស គឺមានរយៈពេល ៤០ ឆ្នាំមក ហើយ ពេលនេះ គឺកាន់តែជិតស្និទ្ធជាងមុន។ លោកស្រីប្រធានាធិបតីស្វីសរីករាយស្វាគមន៍ សម្តេចតេជោ និងកោតសរសើរដល់ការរីកចម្រើនរបស់កម្ពុជា។ លោកស្រីទទួលស្គាល់ អំពីការប្រឹងប្រែងរបស់សម្តេច តេជោ ដែលបានចេញជាលទ្ធផលផ្លែផ្កាល្អមកទល់សព្វថ្ងៃនេះ។ សម្តេចតេជោ នាយករដ្ឋមន្រ្តី អរគុណរដ្ឋាភិបាលស្វីស ដែលបានជួយ និងផ្តល់ជំនួយដល់កម្ពុជាកន្លងមក រួមទាំងជំនួយផ្នែកដោះមីន សុខាភិបាល និងជំនួយផ្នែកតុលាការកាត់ក្តីខ្មែរក្រហម។ សម្តេចតេជោ បាន ស្នើអោយពង្រីកទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរ ដែលសព្វថ្ងៃមានប្រមាណជាង ៣០ លានដុល្លា អោយមានទំហំធំឡើង។ ក្រុមការងារនៃប្រទេសទាំងពីរនឹងបន្តពិភាក្សាគ្នា…

សារសម្តេចតេជោ តាមហ្វេសប៊ុក ថ្ងៃ ១៧ មករា ២០១៧ ស្តីអំពី “សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិសារអាហារពិភាក្សាការងារជាមួយក្រុមហ៊ុនស្វីស និងស្វាគមន៍វត្តមានអ្នកវិនិយោគទុនស្វីស ទាំងអស់ ដែលមានបំណងទៅបណ្តាក់ទុននៅកម្ពុជា”

នៅល្ងាចម្សិលមិញ បន្ទាប់ពីបានជួបជុំសំណេះសំណាលជាមួយបងប្អូនសហគមន៍ និងនិស្សិតខ្មែររួច ហើយ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានអញ្ជើញពិសារអាហារការងារពេលល្ងាច ជាមួយតំណាងក្រុម ហ៊ុនល្បីៗរបស់សហព័ន្ធស្វីស នៅភោជនីយដ្ឋាន Club of the Restaurant នៅសណ្ឋាគារ Park Hyatt Zurich។ តំណាងអ្នកវិនិយោគទុនស្វីស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានផ្តល់កិត្តិយសអញ្ជើញចូលរួមពិសារអាហារ និងផ្តល់ព័ត៌មានសំខាន់ៗមួយចំនួន អំពីឱកាសវិនិយោគនៅកម្ពុជា។ មានអ្នកវិនិយោគទុនស្វីសជាច្រើន មានបំណងទៅបណ្តាក់ទុននៅ ប្រទេសកម្ពុជា ព្រោះពួកគេមានទំនុកចិត្ត និងមើលឃើញយ៉ាងច្បាស់ពីស្ថេរភាពនយោបាយ ការរីកចម្រើន ជាពិសេស គឺសក្តានុពលសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន។ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានអ្នកវិនិយោគទុនស្វីសទាំងអស់ ដែលមានបំណងទៅបណ្តាក់ទុននៅកម្ពុជា។ ទន្ទឹមនឹងនោះ សម្តេចតេជោ ក៏បានអញ្ជើញអ្នកវិនិយោគទុន ស្វីសទាំងអស់ ទៅចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ ២០១៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នៅ ក្នុងវេទិកានេះ គឺនឹងផ្តល់ឱកាសអោយអ្នកវិនិយគទុនស្វីសបានឃើញកាន់តែច្បាស់ អំពីឱកាសមាស និងសក្តានុពលទាំងឡាយ ក្នុងកាបណ្តាក់ទុនវិនិយោគ។ ទន្ទឹមនឹងនោះដែរ កម្ពុជាក៏ចង់បាននូវការចូល រួមជាគំនិតយោបល់ពីថ្នាក់ដឹកនាំនានា…