សេចក្តីដកស្រង់ប្រសាសន៍ ពិធីសម្ពោធសួនសត្វ ភ្នំពេញសាហ្វារី
សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនជនរួមជាតិដែលបានចូលរួមក្នុងឱកាសនេះ ជាទីនឹករលឹកពីខ្ញុំ។ ថ្ងៃនេះ យើងនេះទាំងអស់គ្នាមានការរីករាយ ដែលបានចូលរួមសម្ពោធដាក់អោយប្រើប្រាស់សួនសត្វភ្នំពេញសាហ្វារី ដែលវិនិយោគដោយក្រុមហ៊ុន អិល វ៉ាយ ភី (LYP) គឺ លី យ៉ុងផាត់ តែម្ដង។ ពិតមែនហើយវិស័យឯកជនបានចូលរួមការរីកចម្រើនសម្រាប់ទាំងអស់គ្នា។ ខ្ញុំគិតថា គប្បីខ្ញុំត្រូវពន្យល់លើបញ្ហានេះបន្ដិចមុនពេលដែលចាប់ផ្ដើមបន្ដ។ ការវិនិយោគឯកជនបាន ចូលរួមអភិវឌ្ឍប្រទេស សំណង់នានា ការវិនិយោគបានប្រព្រឹត្ដទៅដោយវិស័យឯកជន ប៉ុន្ដែពេលសម្ពោធម្ដងៗ ក៏មានការចូលរួមរបស់ប្រជាជន។ តើនេះវាជាការខុសឆ្គង ឬជាការត្រឹមត្រូវ? មានការឃោសនាមួយចំនួនបានលើកឡើងថា យើងបានធ្វើត្រឹមតែបម្រើឲ្យវិស័យឯកជនតែប៉ុណ្ណោះ។ យើងគួរសាកល្បងគិតរួមគ្នាមើលថា ប្រសិនបើគ្មានវិស័យឯកជនចូលរួមអភិវឌ្ឍប្រទេសទេ សួរថាតើរដ្ឋមួយអាចដោះស្រាយបញ្ហាបានឬទេ? វាមានតែប្រទេសដែលអនុវត្ដនូវរបបបែបផែនការជារបបសេដ្ឋកិច្ចទីផ្សារ នៅតាមបណ្ដាប្រទេសសង្គមនិយមកាលពីពេលពីមុនតែប៉ុណ្ណោះ ដែលរដ្ឋគ្រប់គ្រងលើអ្វីៗទាំងអស់។ ប៉ុន្ដែ នៅក្នុងដំណាក់កាលនៃសេដ្ឋកិច្ចទីផ្សារ ហើយសូម្បីតែប្រទេសដែលមានឯកបក្ស ដែលមានបក្សកុំម្មុយនីស្ដដឹកនាំ ហើយជាប្រទេសសង្គមនិយម ក៏គេប្រើប្រាស់នូវវិស័យឯកជន ដើម្បីរួមចំណែកនូវការអភិវឌ្ឍ ជាពិសេសក្រុមហ៊ុនរដ្ឋត្រូវបានកាត់បន្ថយស្ទើរតែទាំងស្រុង។ រដ្ឋបង្វែរប្រាក់ពន្ធបានពីការអភិវឌ្ឍនៃវិស័យឯកជន វិនិយោគលើតម្រូវការរបស់ប្រជាជន យើងពិនិត្យមើល តើទីកន្លែងមួយនេះ វាបានផលចំណេញអ្វីមកសម្រាប់រដ្ឋ ហើយតាមរយៈរដ្ឋ តើមានផលប្រយោជន៍អ្វីសម្រាប់ប្រជាជន? ច្បាស់ណាស់វិស័យឯកជនធ្វើការអភិវឌ្ឍទាំងអស់ សុទ្ធតែបានបង់ពន្ធជូនរដ្ឋ។…