សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយកម្មកររោងចក្រមកពីស្រុកសំរោងទង និងគងពិសី ខេត្តកំពង់ស្ពឺ

សំណួរសំណេះសំណាល សុខសប្បាយទេទាំងអស់គ្នានេះ? ឥឡូវ ចង់សួរសំណួរទៀតហើយ។ នៅក្នុងចំណោម ១៨ ០០០ នាក់ តើមានប៉ុន្មាននាក់ដែលបានចាក់វ៉ាក់សាំង​ការពារកូវីដ ១៩? តើអ្នកចាក់បានដល់ដូសទី​៤ មានប៉ុន្មានទៅ? អ្នកមានផ្ទៃពោះអត់ចាក់ទេឬ? អ្នកចាប់ពីដូសទី ៣ ឡើងទៅមានប៉ុន្មាន? តើមាននៅបន្ដការចាក់ទេ? ឥឡូវនេះដូចជាដូសទី៥។ ​ហើយ​ឥឡូវចង់សួរថា តើប៉ុន្មាននាក់ដែលទទួលទាននំប៉័ងដែលគេដាក់ឲ្យ? ខាងនេះ អត់ទាន់ហូបទេអញ្ចឹង! ឥឡូវអ្នកដែលមានទូរស័ព្ទប្រើមានប៉ុន្មាននាក់? មិនចាំបាច់តែស្មាតហ្វូនទេ ឲ្យតែទូរស័ព្ទនិយាយគ្នាបាន។ ឥឡូវ ចង់សួរអ្នកអត់មានទូរស័ព្ទប្រើ​ តើ​មានប៉ុន្មានអ្នកទៅ? … ថ្ងៃនេះ យើងជួបជុំគ្នានៅក្នុងបរិយាយកាសរីករាយមួយ ហើយថ្ងៃស្អែកជាខួបចម្រើនព្រះជន្មព្រះវស្សាសម្ដេចម៉ែ​ សម្ដេចយាយ សម្ដេចយាយទួតរបស់យើង។ ខ្ញុំសង្ឃឹមថាកម្មករ/ការិនីទាំងអស់រួមជាមួយខ្ញុំដើម្បីថ្វាយព្រះពរ​ចំពោះហ្លួងម៉ែជាទីគោរពសក្ការៈ សូមព្រះអង្គមានព្រះរាជសុខភាពល្អ ព្រះកាយពលំមាំមួន សម្រាប់គង់ជាម្លប់​សម្រាប់ប្រជារាស្ដ្រទូទៅ។​ ខានមកជួបកម្មករ/ការិនី ដោយសារកូវីដ-១៩ ថ្ងៃនេះ ជាការជួបជុំគ្នាលើទឹកដីខេត្តកំពង់ស្ពឺសាជាថ្មី។ លើកមុនយើងជួបគ្នានៅគងពិសី។ ​លើក​នេះដើមឡើយគ្រោងធ្វើនៅសំរោងទង ប៉ុន្ដែដោយសារទីតាំងនោះមិនអំណោយផល​សំរាប់​ការជួបជុំទ្រង់ទ្រាយធំ បានជាលើកមកទឹកដីស្រុកគងពិសីវិញ។ ខ្ញុំចាំបានថាកាលពីខែធ្នូ ឆ្នាំ ២០២២ ខ្ញុំជាមួយអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន មកបើកការដ្ឋានលើកកម្រិតផ្លូវលេខ៤១​។ ថ្ងៃនេះ​យើងជួបជុំជាមួយកម្មករ/ការិនី ដើម្បីពិនិត្យមើលអ្វីដែលយើងបានធ្វើកន្លងទៅ។ ​ខ្ញុំចង់ជួបជាមួយកម្មករ/ការិនីនៅជុំទី​២ តាំងពីឆ្នាំ​២០២០…

សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយកម្មករ នៅស្រុកត្រាំកក់ ខេត្តតាកែវ

ចង់សួរសំណួរខ្លះ មុនពេលយើងចាប់ផ្ដើម។ ចង់សំណួរថា អ្នកដែលមានទូរស័ព្ទប្រើនៅក្នុងកន្លែងនេះ មានប៉ុន្មាននាក់ទៅ សូមលើកដៃ? អ្នកមានច្រើនហើយ។ ឥឡូវចង់សួរអ្នកដែលអត់មានទូរស័ព្ទតែម្ដង មានប៉ុន្មាននាក់ទៅ? មិនចង់ប្រើ ឬយ៉ាងម៉េច ឬយកលុយចូលខារ៉ាអូខេមិនដឹង។​ មានមិនដល់ ១% ផងទេ។ ឥឡូវងាកមកសួរអញ្ចេះវិញម្ដង អ្នកដែលមកធ្វើការ ហើយដែលមានមធ្យោបាយជិះ ឬក៏នៅតាមផ្ទះដែលមានម៉ូតូជិះ ប៉ុន្មាននាក់ទៅ សូមលើកដៃ? (មានច្រើន)។ ឥឡូវចង់សួរ អ្នកដែលអត់មានម៉ូតូ ប៉ុន្មាននាក់ សូមលើកដៃ? មានច្រើន។​ ឥឡូវចង់សួរ តាមគ្រួសាររបស់ខ្លួនដែលមានគោយន្តហ្នឹង ប៉ុន្មាននាក់ទៅ សូមលើកដៃ? (មានច្រើន)។ ឥឡូវបកមកសំណួរនេះវិញ អ្នកដែលបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ប៉ុន្មាននាក់ទៅ សូមលើកដៃ?​ ចាក់បានទាំងអស់គ្នា។ ឥឡូវសុំសួរថា អ្នកដែលបានចាក់វ៉ាក់សាំងចាប់ពីដូសទី ៣ឡើង បានប៉ុន្មាននាក់? ទាំងអស់។ នៅនេះ ចាក់ដល់ដូសទីប៉ុន្មានហើយ? ដូសទី៤។ ឥឡូវសួរអញ្ចេះវិញ ចំនួនស្រ្ដីដែលមកធ្វើការនៅទីនេះ មានប្ដីប៉ុន្មានទៅ និងនៅក្រមុំប៉ុន្មាន? ឥឡូវសួរអ្នកមានប្ដីមុន។ មានភាគច្រើនតែម្ដង។ ឥឡូវសួរពីរឿងអ្នកដែលនៅលីវ ប៉ុន្មាននាក់? នៅលីវ និងនៅក្រមុំ…