សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីមីទ្ទីងរំឭកខួបទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

ថ្ងៃនេះ មើលមុខឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ប្រហែលជាមិនស្លក់ប៉ុន្មានទេ ប្រហែលបើយើងធ្វើមីទ្ទីងពីម្សិលមុខស្លក់បន្ដិច ប្រហែលអ្នកទាំងអស់គ្នាតាមដានបាល់ទាត់ក្បែរៗភ្លឺ។ មិនដឹងថាអ្នកណាឈ្នះ ​ប៉ុន្មាន​ ចាញ់ប៉ុន្មានហើយទេ យប់នេះខ្ញុំច្បាស់ជាយកអាល្លឺម៉ង់ហើយ។ សូមក្រាបថ្វាយបង្គំ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្ដេចព្រះសង្ឃរាជ សម្តេចព្រះរាជាគណៈ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ គណៈចាងហ្វាងជាន់ខ្ពស់សាសនិកអ៊ិស្លាម គណៈដឹកនាំគ្រីស្តសាសនិក     សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ តំណាងអង្គទូតនៃបណ្ដាប្រទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំនៃបណ្ដាគណបក្សនយោបាយ សមាជិក សមាជិកានៃអង្គមីទ្ទីង និងបងប្អូនជនរួមជាតិដែលកំពុងរស់នៅក្នុងប្រទេស និងក្រៅប្រទេសជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត! ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ ជាថ្ងៃគម្រប់ខួប ៧៣ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តន៍ខ្មែរ មានប្រភពពីចលនាតស៊ូរបស់ប្រជាជនកម្ពុជាប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ។ ចាប់ពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជាបានប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន ក្នុងការបម្រើបុព្វហេតុដ៏ឧត្ដុង្គឧត្តមបំផុតរបស់ជាតិ និងប្រជាជន ឆ្លងកាត់ដំណាក់កាលធំៗរបស់ប្រទេសជាតិប្រកបដោយវីរភាព គឺការតស៊ូប្រយុទ្ធដើម្បីឯករាជ្យជាតិ ការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ការតស៊ូរំដោះជាតិ…