សេចក្តីដកស្រង់ប្រសាសន៍ជាសង្កថា ក្នុងពិធីប្រគល់សញ្ញបត្រ និស្សិត សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល

(១) មោទនភាពនឹងការឈានឡើងនៃវិស័យសុខាភិបាល ថ្ងៃនេះ ខ្ញុំមានការរីករាយដែលបានមកចូលរួមដើម្បីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលចំនួន ១ ៣៩៦ នាក់។ នេះគឺជាសមទ្ធផលថ្មីមួយទៀតនៅក្នុងវិស័យសុខាភិបាលរបស់យើង។ តាមរយៈរបាយការណ៍ឯកឧត្តម ម៉ម ប៊ុនហេង និងការយល់ដឹងផ្ទាល់របស់ខ្ញុំពាក់ព័ន្ធនឹងដំណើរជាតិរបស់កម្ពុជា ខ្ញុំមានមោទនភាពចំពោះការឈានឡើងនៅក្នុងវិស័យសុខាភិបាលនេះ។ បើយើងពិនិត្យកាលពីឆ្នាំ១៩៧៩ ចំនួនគ្រូពេទ្យនៅសេសសល់តិចណាស់។ ពេលនោះនិយាយតាមត្រង់ មានអ្នកខ្លះតាំងខ្លួនជាវេជ្ជបណ្ឌិត។ ប៉ុន្ដែ​ចូលមកដល់ទីក្រុងភ្នំពេញ ជួបគ្រូពេទ្យ(ជាវេជ្ជបណ្ឌិត ក៏ដឹង)ថា (អ្នកហ្នឹង)នឹងមិនមែនជាវេជ្ជបណ្ឌិតទេ។ វេជ្ជបណ្ឌិតមាននិក្ខេបទរក្សានៅសាលាឯនោះ ហើយគ្រូពេទ្យនិងគ្រូពេទ្យគេស្គាល់គ្នា។ អញ្ចឹងទេបញ្ឈប់បញ្ហាអំពីគ្រូពេទ្យមិនមែនជាវេជ្ជបណ្ឌិត។ (២) ក្រោយឆ្នាំ១៩៧៩ បើកសន្និបាតសុខាភិបាលនិងដំណើរការសាលាវេជ្ជសាស្ត្រ ឥឡូវ យើងបានធ្វើការបណ្ដុះបណ្ដាល(គ្រូពេទ្យត្រឹមត្រូវ)។ បើខ្ញុំមិនច្រលំទេ ខ្លួនខ្ញុំផ្ទាល់តែម្ដងបានមកធ្វើសន្និបាតក្រសួងសុខាភិបាល នៅឯសាកលវិទ្យាល័យសុខាភិបាលសព្វថ្ងៃនេះ និងបើកអោយដើម្បីដំណើរការសាកលវិទ្យាល័យ(ឡើងវិញ)។ ពេលនោះ ជាសមាជិកអចិន្ដ្រៃយ៍របស់គណៈរដ្ឋមន្ដ្រី ខ្ញុំជាអធិបតីនៅក្នុងពិធីសន្និបាតនោះ។ ខ្ញុំសូមយកឱកាសនេះថ្លៃងនូវការកោតសរសើរចំពោះក្រសួងសុខាភិបាលក៏ដូចជាសាកលវិទ្យាល័យ ថ្នាក់ដឹកនាំ សាស្ដ្រាចារ្យដែលបានខិតខំក្នុងរយៈពេលកន្លងទៅ។ យើងបានវិនិយោគច្រើនទៅលើការបណ្ដុះបណ្ដាលធនធានមនុស្ស ក៏ដូចជាកិច្ចការទាក់ទងនឹងសុខភាពរបស់ប្រជាជន។ ប្រ​សិនបើយើងវិលទៅមើលរូបភាពដើមនៃស្ថានភាពសង្គមសេដ្ឋកិច្ចកម្ពុជាកាលពីពេលនោះ ជាពិសេសសុខភាពប្រជាជនរបស់យើង វាច្បាស់ណាស់ថាគួរឲ្យសង្វេគ។ យើងបានដើរឆ្ងាយចេញពីទីកន្លែងដែលយើងធ្លាប់លំបាក ប៉ុន្ដែវាមិនទាន់អស់រឿងត្រូវដោះស្រាយទេ។ នៅមានរឿងច្រើន។ (៣) ពង្រាយមន្ដ្រីសុខាភិបាលមានការហ្វឹកហាត់ជំ​នាញបច្ចេកទេសបម្រើសុខុមាលភាពប្រជាពលរដ្ឋ ប៉ុន្ដែ ប្រសិនបើយើងប្រៀបធៀបពីចំណុចចេញដំណើរដ៏លំបាករបស់យើងក្នុងស្ថានភាពនៃផលវិបាកដែលពួកខ្មែរក្រហមបានបន្សល់ទុក គឺពិតជាគួរឲ្យមានមោទនភាពអំពីកិច្ចខិតខំរួមគ្នារបស់យើង។ ពេលនេះ យើងមានមន្ដ្រីសុខាភិបាលពង្រាយទៅតាមទីកន្លែងនានា ដែលមានការហ្វឹកហាត់ជំ​នាញបច្ចេកទេស។…