សេចក្ដីអធិប្បាយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អញ្ជើញជាអធិបតីពិធីបំពាក់ឋានន្តរស័ក្ដិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទជូនសម្ដេចពិជ័យសេនា ទៀ បាញ់ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន

សម្ដេច ឯកឧត្ដម លោកជំទាវ លោក លោកស្រី! ថ្ងៃនេះ ខ្ញុំមានការរីករាយ ក្នុងនាមជាប្រមុខរដ្ឋស្ដីទី តំណាងឲ្យព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបំពាក់ឋានន្តរស័ក្ដិ នាយឧត្ដមសេនីយ៍ផុតលេខ ផ្កាយមាស៥ ជូនសម្ដេច ទៀ បាញ់ និងសម្ដេច ម៉ែន សំអន​។ ខ្ញុំសូមឆ្លៀតយកឱកាសនេះបញ្ជាក់បន្តិច។ ខ្ញុំមិនបញ្ជាក់តាមអ្វីដែលជាការព្រៀងទុកទេ។ ខ្ញុំគ្រាន់តែលើកឡើងអំពីចំណុចមួយចំនួនដើម្បីយើងអាចចាត់ទុកជា(ដំណើរវិវត្តន៍នៃ)ប្រវត្តិសាស្រ្ត។ ប៉ុន្មានថ្ងៃមុននេះ ខ្ញុំក៏ (១) បានផ្ដល់នូវឯកសារប្រមាណជា ២០ឬ ៣០គីឡូក្រាម ជូនទៅនាយឧត្ដមសេនីយ៍ ណឹម សុវត្ថិ ជូនទៅសម្ដេចពិជ័យសេនា ទៀ បាញ់ ពិនិត្យមើល ដោយឯកសារទាំងនោះមានការពាក់ព័ន្ធនឹងរឿងសាំញ៉ាំជាច្រើនក្នុងប្រវត្តិសាស្រ្ត។ សៀវភៅទាំងអស់ដែលខ្ញុំបានសរសេរគឺបានបញ្ជូនទៅទីនោះ។ អ្វីដែលខ្ញុំចង់បញ្ជាក់ដំបូងបំផុត គឺសម្រាប់ពួកយើងដែល(ត្រូវបានបំ)ពាក់ឋានន្តរស័ក្ដិជូននៅថ្ងៃនេះ គឺបានចូលទាហាន មិនតិចជាង ៥៥ឆ្នាំទេ។ ខ្ញុំនិងសម្ដេច ម៉ែន សំអន ចូលទាហានស្មើគ្នា គឺនៅឆ្នាំ១៩៧០។ គិតមកដល់ពេលនេះ មានរយៈពេល ៥៥ឆ្នាំ។ ដោយឡែក សម្ដេចពិជ័យសេនា ទៀ បាញ់ គឺលឿនមុននោះ ដោយសភាពការណ៍ពេលនោះ…