សេចក្តីដកស្រង់ប្រសាសន៍ សារសំឡេងស្នើឲ្យមានសិក្សា និងរៀបចំក្រមប្រតិបត្តិព្យាបាលអ្នកជំងឺ កូវីដ-១៩ កម្រិតស្រាលនៅតាមផ្ទះ (ករណីព្រឹត្តិការណ៍ ២០ កុម្ភៈ មិនថមថយ)

  ជូនឯកឧត្តម លោកជំទាវ នៅក្នុងក្រុមដែលខ្ញុំទើបរៀបចំឡើងនេះ ដើម្បីពិចារណា និងរៀបចំឱ្យបានមួយជំហានមុន។ កាលពីពេលប្រជុំអន្តរក្រសួង ឯកឧត្តម ម៉ម ប៊ុនហេង បានស្នើអំពីការរៀបចំការព្យា​បាលតាមផ្ទះ។ ឥឡូវនេះ យើងត្រូវព្យាករសភាពការណ៍ជាមុនអំពីសមត្ថភាពទ្រទ្រង់បាននៃមន្ទីរពេទ្យ។ ប្រសិនបើជំងឺមិនថមថយទេនោះ គឺមន្ទីរពេទ្យរបស់យើងនឹងពេញហៀរជោរជន់ទៅដោយអ្នកជំងឺទាំងស្រាលទាំងធ្ងន់។ ដូច្នេះ យើងត្រូវតែមានការរៀបចំមួយ ដែលយកវិធីសាស្ត្រតាមបណ្តាប្រ​ទេស ដែលមានអ្នកជំងឺច្រើន ដូចជានៅអាមេរិក នៅបារាំង អឺរ៉ុប និងប្រទេសមួយចំនួនទៀតដែលមានអ្នកជំងឺលើសពីចំនួនពេទ្យដែលអាចទទួលបាន។ ដូចជា ករណីមន្ត្រីការទូតរបស់យើងពីរនាក់ឆ្លងកូវីដ-១៩ នៅប្រទេសបារាំង មន្ទីរពេទ្យគេមិនទទួលឱ្យការព្យាបាលទេ។ គេឱ្យត្រឡប់មកព្យាបាលនៅតាមផ្ទះ។ បងប្អូនខ្មែរយើងនៅក្រៅប្រទេស ទាំងនៅអាមេរិក នៅបារាំងបានផ្តល់យោបល់ឱ្យខ្ញុំថាគួរតែចាត់វិធានការដើម្បីរៀបចំឱ្យមានការព្យាបាលតាមផ្ទះ ហើយទទួលយកទៅព្យាបាលនៅតាមមន្ទីរពេទ្យតែអ្នកជំងឺធ្ងន់។ ខ្ញុំសូមស្នើឱ្យក្រុមការងាររបស់យើង រៀបចំនូវក្រមប្រតិបត្តិសម្រាប់ការព្យាបាលនៅតាមផ្ទះឱ្យហើយស្រេច ហើយដល់ពេលណាមួយយើងត្រូវពិនិត្យអំពីលទ្ធភាពក្នុងការទទួលយកមកព្យាបាលនៅក្នុងមន្ទីរពេទ្យ និងទុកសម្រាប់ការព្យាបាលនៅតាមផ្ទះ។ យើងមិនអាចទទួលអស់ទេ ក្នុងករណីមានការកើនឡើងថែមទៀត។ អ្នកជាតិច អ្នកចូលច្រើន។ ទោះបីជាយើងរៀបចំមន្ទីរពេទ្យប៉ុន្មានទៀតក៏វាមិនគ្រប់ដែរ។ អញ្ចឹង វិធីដោះស្រាយគឺមានតែទុកអ្នកមានវិជ្ជមានកូវីដ-១៩ ស្រាលព្យា​បាលនៅតាមផ្ទះ។ ប៉ុន្តែ ត្រូវតែមានការវិនិច្ឆ័យឱ្យបានច្បាស់។ ការវិនិច្ឆ័យនោះ តាមយោបល់ខ្ញុំ ស្ថិតនៅលើចំណុច ២។ ចំណុចទី១ ដែលថាទុកនៅតាមផ្ទះ អ្នកនោះត្រូវតែអ្នកដែលមានជំងឺស្រាល ហើយមានផ្ទះសមរម្យដែលអាចព្យាបាលបាន ទើបយើងទុកនៅតាមផ្ទះ។…