ចំណូលបានពីការលក់សំបុត្រចូលទស្សនាតំបន់អង្គរ មានជាង៥០លានដុល្លារ ធ្លាក់ចុះ៨.៥១ភាគរយ នៅរយៈពេល៥ខែ ឆ្នាំ២០១៩

FN ៖ របាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា នៅរយៈពេល៥ខែឆ្នាំ២០១៩ រមណីយដ្ឋានអង្គរ រកចំណូលចូលថវិកាជាតិបាន ៥០,៣១២,៨៤៧ដុល្លារ ធ្លាក់ចុះចំនួន៨.៥១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨។ សម្រាប់ភ្ញៀវទេសចរបរទេស ដែលបានទិញសំបុត្រចូលទស្សនាអង្គរវិញ នៅរយៈពេល៥ខែមកនេះ មានចំនួន១,១១៧,៨៤១នាក់ ធ្លាក់ចុះ៧.៣២ភាគរយ។ រាបយការណ៍បាឲ្យដឹងទៀតថា ថវិកាបានពីការលក់សំបុត្រចូលទស្សនាតំបន់អង្គរ នៅរយៈពេល៥ខែនេះ ត្រូវបានឧបត្ថម្ភចូលមូលនិធិគន្ធបុប្ផាកម្ពុជា ចំនួន២,២៣៥,៦៨២ដុល្លារ។ ដោយឡែកគិតតែក្នុងខែឧសភា ឆ្នាំ២០១៩ មានភ្ញៀវទេសចរចំនួន ១៤៤,៥៣៦នាក់ បានទិញសំបុត្រទស្សនាអង្គរ ទទួលបានចំណូល ៦,១៧៨,២១២ដុល្លារ៕

រដ្ឋមន្ដ្រីសុខាភិបាល ប្រជុំផ្សព្វផ្សាយ និងណែនាំពីការអនុវត្ដកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនស្ដ្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំនៃគ្រួសារក្រីក្រ

FN ៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ អញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយប្រកាសអន្ដរក្រសួង និងសេចក្ដីណែនាំ ស្ដីពី ការអនុវត្ដកម្មវិធី ឧបត្ថម្ភ សាច់ប្រាក់ ជូនស្ដ្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ នៃគ្រួសារ មានប័ណ្ណសមធម៌ ឬបណ្ណអាទិភាព ។ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានសម្រេចឧបត្ថម្ភសាច់ប្រាក់ ជូនស្ដ្រីក្រីក្រមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ។ ដោយឡែក ស្ដ្រីក្រីក្រមកពិនិត្យផ្ទៃពោះមុនសម្រាល ចំនួន ៤ដង ម្តងទទួលបាន ៤ម៉ឺនរៀល, ពេលសម្រាល ទទួលបាន ២០ម៉ឺនរៀល, ពិនិត្យ និងថែទាំក្រោយសម្រាល និងកូនចំនួន ១០ដង ពោលមានរយៈពេល១,០០០ថ្ងៃ។ ជាងនេះទៅទៀត រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបញ្ជាក់ថា «ការដែលអនុត្ដន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ នឹងប្រគល់ដល់ដៃស្ដ្រីក្រីក្រយ៉ាងពិតប្រាកដមែន តាមប្រព័ន្ធធនាគារវីង។…

កម្ពុជានាំចេញអង្ករបានជាង២១ម៉ឺនតោន កើនឡើង៨ភាគរយ នៅ៤ខែដំបូងឆ្នាំនេះ

FN ៖ រយៈពេល៤ខែដើមឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្ដរជាតិជាង២១ម៉ឺនតោន កើនឡើង៨.៣១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។ របាយការណ៍ផ្លូវការរបស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់ការបំពេញបែបបទនាំចេញអង្ករ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩បានបញ្ជាក់ថា ចាប់ពីខែមករា ដល់មេសា ឆ្នាំ២០១៩ កម្ពុជាបាននាំចេញអង្ករចំនួន២១៣,៧៦៣តោន កើនឡើង៨.៣១% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ ដែលមានចំនួន១៩៧,៣៥៤តោន។ យោងតាមរបាយការណ៍ដដែរបានបញ្ជាក់ថា ប្រទេសចំនួនជិត៧០ បានទិញពីកម្ពុជា ហើយប្រទេសដែលទិញអង្ករច្រើនជាងនៅកម្ពុជា គឺប្រទេសចិន ដែលមានចំនួនជាង៩ម៉ឺនតោន បន្ទាប់មកគឺប្រទេសបារាំង ដែលមានចំនួនជិត៣ម៉ឺនតោន និងចំណាត់ថ្នាក់ទី៣ ប្រទេសហ្គាបុង ដែលមានចំនួនជាង ១.៣ម៉ឺនតោន។ បើក្រឡែកទៅមើលប្រទេសនៅសហគមន៍អឺរ៉ុប ដែលចាប់ផ្តើមគិតពន្ធលើកអង្ករកម្ពុជា ចាប់តាំងពីខែមករាមកឃើញថា នៅ៤ខែកន្លងមកនេះ កម្ពុជានាំចេញបាន៦.៥ម៉ឺនតោន ស្មើនឹងជាង៣០ភាគរយនៃចំនួនអង្ករ ដែលកម្ពុជាបាននាំចេញទាំងអស់។ ដូច្នេះទោះគិតពន្ធ ក៏អង្កររបស់កម្ពុជា នៅតែអាចនាំចូលអឺរ៉ុបបានដដែល។ សូមជម្រាបថា នៅឆ្នាំ២០១៨កន្លងទៅកម្ពុជា បាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ បានចំនួនជាង៦២ម៉ឺនតោន ខណៈរាជរដ្ឋាភិបាល មានផែនការជំរុញការនាំចេញអង្ករ ឲ្យបាន១លានតោនក្នុង១ឆ្នាំ៕