គ.ជ.ប រកឃើញភាពមិនប្រក្រតីខ្លះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ប៉ុន្តែមិនមានអ្វីធ្ងន់ធ្ងរទេ

FN ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប បានថ្លែងប្រាប់អង្គភាព័ត៌មាន Fresh News ឱ្យដឹងនៅវេលាថ្ងៃត្រង់ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះថា គ.ជ.ប បានប្រទះឃើញបញ្ហាមួយចំនួនដែលកើតឡើង បន្ទាប់ពីរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ រយៈពេលកន្លះថ្ងៃនេះ ប៉ុន្តែទោះជាយ៉ាងណា បញ្ហាទាំងនោះ មិនទាន់ជាអ្វីធ្ងន់ធ្ងរនៅឡើយទេ។ លោក ហង្ស ពុទ្ធា បានបញ្ជាក់យ៉ាងដូច្នេះថា «ភាពមិនប្រក្រតី យើងបានរកឃើញខ្លះដែរ ដូចជាពលរដ្ឋខ្មែរគាត់មានការច្រឡំការិយាល័យបោះឆ្នោត ករណីឯកសារ បញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះ យកទៅធ្វើការបញ្ជាក់យកទៅបោះឆ្នោតក៏គាត់មានការច្រឡំខ្លះ ហើយមានកន្លែងខ្លះ ក៏មានប្រជ្រៀតគ្នា បណ្តាលឱ្យខ្យល់គ ហើយក៏មានករណីប្រើប្រាស់ប្រដាប់ថតរូប នៅក្នុងការិយាល័យបោះឆ្នោត ថតក្នុងបន្ទប់សម្ងាត់ហើយផ្សព្វផ្សាយចេញ ហើយមានគណបក្សមួយនោះ គាត់បានឃោសនាតាម TV Facebook»។ សូមបញ្ជាក់ថា គិតត្រឹមម៉ោង ១១៖៣០នាទី ព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ មានប្រជាពលរដ្ឋនៅទូទាំងប្រទេសជាង៥០ភាគរយហើយ បានទៅបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧នេះ ខណៈសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ ក៏មានភាពល្អប្រសើរ មិនមានភាពមិនប្រក្រតីអ្វីធំដុំទេ។…

គ.ជ.ប ហាមមិនឲ្យថតរូបភាពគូសសញ្ញាធិច លើសន្លឹកឆ្នោត យកទៅបង្ហោះលើ Facebook ព្រោះផ្ទុយនឹងច្បាប់បោះឆ្នោត

FN ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០៤ ខែមិថុនានេះ បានចេញសេចក្ដីអំពាវនាវជាបន្ទាន់មួយ ដោយហាមមិនឲ្យអ្នកបោះឆ្នោត ថតយករូបភាពសន្លឹងឆ្នោត ដែលបានគូសធិចរួចហើយ ទៅបង្ហោះលើបណ្ដាញសង្គម Fecebook ព្រោះសកម្មភាពនេះ ផ្ទុយទៅនឹងច្បាប់បោះឆ្នោត។ គ.ជ.ប បានបញ្ជាក់ថា ឃុំ-សង្កាត់នីមួយៗ ត្រូវមានក្រុមប្រឹក្សាមួយ ដែលត្រូវបានបោះឆ្នោតជ្រើសរើសឡើង ដោយប្រជាពលរដ្ឋនៃឃុំ-សង្កាត់របស់ខ្លួន តាមការបោះឆ្នោតជាទូទៅជាសកល ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយស្មើភាព ដោយចំពោះ ដោយសម្ងាត់ ស្របទៅតាមនីតិវិធីដូចមានចែងក្នុងច្បាប់នេះ។

គ.ជ.ប ចេញសេចក្ដីណែនាំបន្ថែម៖ ការស្នើសុំនិងការបញ្ជាក់ «ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យមានបោះឆ្នោត» ត្រូវបញ្ឈប់ត្រឹមម៉ោង២៖៣០រសៀលថ្ងៃ០៤ ខែមិថុនា

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីណែនាំបន្ថែមភ្លាមៗអំពីការសម្រួលដល់ ការបោះឆ្នោតជូនពលរដ្ឋ ដោយ គ.ជ.ប អនុញ្ញាតឲ្យបន្តការស្នើសុំ និងការបញ្ជាក់ «ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យមានបោះឆ្នោត» (ឯ.អ) នៅថ្ងៃនេះ ថែមទៀត តែត្រូវបញ្ឈប់យ៉ាងយូរត្រឹមម៉ោង២៖៣០នាទីនារសៀលថ្ងៃ០៤ ខែមិថុនា ឆ្នាំ២០១៧ ជាកំហិត។ សេចក្ដីណែនាំបន្ថែមរបស់ គ.ជ.ប បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៦ ដោយប្រើប្រាស់ឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការចុះឈ្មោះបោះឆ្នោត និងមានឈ្មោះបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតផ្លូវការ នៅឆ្នាំ២០១៦ ហើយមិនទាន់មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ អាចយកឯកសារ បញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការចុះឈ្មោះបោះឆ្នោត យកទៅជួបគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោតផ្ទាល់ខ្លួនដោយស្នើសុំ ឲ្យគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត បញ្ជាក់អំពីការមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ចុះហត្ថលេខា បោះត្រានិងចុះកាល បរិច្ឆេទផ្ដល់សុពលភាព នៅលើឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការបោះឆ្នោត ដើម្បីប្រើក្នុងការបោះឆ្នោត។