FN ៖ ថ្លែងទៅកាន់និស្សិតខ្មែរកំពុងសិក្សានៅប្រទេសជប៉ុន ប្រមាណ ១០០នាក់នៅយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសជប៉ុននាពេលនេះ គឺចំ ខួប ៦០ឆ្នាំ នៃដំណើរទស្សនកិច្ចជាលើកដំបូងរបស់នាយករដ្ឋមន្រ្តីជប៉ុនទៅកាន់ប្រទេសកម្ពុជានៅក្នុងឆ្នាំ១៩៥៧។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា នាយករដ្ឋមន្រ្តីដំបូងគេ ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពី ៦០ឆ្នាំមុននោះ ត្រូវជាជីតារបស់លោក ស៊ិនហ្សូ អាបេ ដែលជានាយករដ្ឋមន្រ្តីជប៉ុននាពេលបច្ចុប្បន្ននេះ។ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថែមទៀតថា ដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសជប៉ុននាពេលនេះ ក៏ចំខួប ២៥ឆ្នាំ ដែល ប្រទេសជប៉ុន បានបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពលើកដំបូងផងដែរ។
សម្តេចនាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានគូសបញ្ជាក់ពីជំហរនយោបាយអន្តរជាតិជាមួយប្រទេសជប៉ុនផងដែរ។ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជា និងជប៉ុន មានជំហរ និងគោលនយោបាយជួយគ្នាទៅវិញទៅមកទាំងទំនាក់ទំនងទ្វេភាគី ពហុភាគី និងអន្តរជាតិ ហើយមាន ការយកចិត្តទុកដាក់ដូចគ្នាទៅលើបញ្ហាទាំងនេះ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូកម្ពុជាចាកចេញពីកម្ពុជា ទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន នៅវេលាម៉ោងប្រមាណ ៧៖៥០នាទីព្រឹកថ្ងៃទី០៦ ខែសីហានេះ។ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅដល់ទីក្រុងតូក្យូ ប្រទេសជប៉ុន នៅម៉ោង ៦ល្ងាចម៉ោងនៅប្រទេសជប៉ុន។
ក្នុងដំណើរបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃនៅប្រទេសជប៉ុន តបតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ិនហ្សូ អាបេ នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងចូលគាស់ព្រះអង្គម្ចាស់ រាជទាយាទ ណារ៉ូហ៉ីតូ។
សម្តេចតេជោ នឹងមានកិច្ចប្រជុំកំពូលជាមួយលោក ស៉ីនហ្សូ អាបេ និងធ្វើការប្រកាសព័ត៌មានរួមគ្នា ក្រោយនាយករដ្ឋមន្ត្រីទាំង២ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន២ ស្តីពីជំនួយជប៉ុនផ្តល់មកកម្ពុជា ដូចខាងក្រោម៖
១៖ ហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្តគម្រោងធ្វើឲ្យប្រសើរឡើងវិញ ការការពារទឹកជំនន់ក្នុងរាជធានីភ្នំពេញ តំណាក់កាលទី៤ ដែលមានទឹកប្រាក់ ៣,៩៤៨លានយ៉េន ស្មើនឹងប្រមាណ ៣៥លានដុល្លារ។
២៖ ឥណទានសម្បទាន សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានទឹកប្រាក់ ២៣,៥០២លានយ៉េន ស្មើនឹង ២០៨លានដុល្លារ។
បើតាមក្រសួងការបរទេស ក្នុងដំណើរទស្សនកិច្ចនៅប្រទេសជប៉ុន សម្តេចតេជោ ហ៊ុន សែន ក៏នឹងទទួលការចូលជួបសម្តែងការគួរសម ដោយឡែកពីគ្នា ដោយតំណាងសមាគមមត្តិភាពសភាកម្ពុជា-ជប៉ុន សមាគមមិត្តភាពសភាជប៉ុន-មេគង្គ អង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់់ជប៉ុន ព្រមទាំងក្រុមហ៊ុនរបស់ជប៉ុនចំនួន ៤ផងដែរ៕