ក្រសួងសេដ្ឋកិច្ច ចេញសេចក្ដីជូនដំណឹង ស្ដីពីការដាក់ឲ្យដំណើរការជាផ្លូវការ ច្រកចេញតែមួយ នៅទីស្ដីការក្រសួង

FN ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការដាក់ឲ្យដំណើរការជាផ្លូវការ ច្រកចេញតែមួយ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងដើម្បីលើកកម្ពស់គុណភាព និងតម្លាភាព នៃការផ្ដល់សេវាសាធារណៈ របស់អគ្គនាយកដ្ឋាន និងអង្គភាព ដែលបម្រើសេវាសាធារណៈ នៅក្នុងទីស្ដីក្រសួង។ សេចក្ដីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ បានឲ្យដឹងថា ច្រកចេញចូលតែមួយទីស្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានអគ្គនាយកដ្ឋាន និងអង្គភាព ក្រោមឱវាទក្រសួងចំនួន០៣ ដែលមាន​ទីតាំងស្ថិតនៅក្នុងទីស្ដីការក្រសួងផ្ទាល់ បម្រើសេវាសាធារណៈ គឺជាអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ អគ្គនាយកដ្ឋានឧស្សាហកម្ម​ហិរញ្ញវត្ថុ និងក្រុមប្រឹក្សាជាតិគណនេយ្យ។ សេចក្ដីជូនដំណឹង បានបន្តទៀតថា ដោយឡែកសេវាសាធារណៈដែលត្រូវបម្រើដោយអគ្គនាយកដ្ឋាន មានទីតាំងនៅខាងក្រៅទី​ស្ដីការ​ក្រសួង ចំនួន៣ទៀត រួមមាន អគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានរតនាគារជាតិ ទទួលបន្ទុក​ផ្ដល់​សេវាជូនសាធារណជន នៅទីតាំងផ្ទាល់របស់សាមីអង្គភាពតែម្ដង៕

អភិបាលខេត្តថ្មីចំនួន៣ ត្រូវបានតែងតាំង រួមមានខេត្តកំពង់ចាម, ខេត្តត្បូងឃ្មុំ និងខេត្តកោះកុង

FN ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងអភិបាលខេត្តថ្មីចំនួន៣ រួមមានខេត្តកំពង់ចាម, ត្បូងឃ្មុំ និងកោះកុង។ អភិបាលខេត្តទាំង៣នោះរួមមាន៖ ១៖ លោក គួច ចំរើន ត្រូវបានតែងតាំងជាអភិបាលខេត្តកំពង់ចាម ជំនួសលោក លន់ លឹមថៃ ២៖ លោក លី ឡេង ត្រូវបានតែងតាំងជាអភិបាលខេត្តត្បូងឃ្មុំ ជំនួសលោក ប្រាជ្ញ ចន្ទ ៣៖ លោកស្រី មិថុនា ភូថង ត្រូវបានតែងតាំងជាអភិបាលខេត្តកោះកុង ជំនួសលោក ប៊ុន លើត

លោក ឃួង ស្រេង ត្រូវបានតែងតាំងជាអភិបាលរាជធានីភ្នំពេញ

FN ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងលោក ឃួង ស្រេង ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ជាអភិបាលរាជធានីភ្នំពេញ ជំនួសលោក ប៉ា សុជាតិវង្ស​។ យោងតាមព្រះរាជក្រឹត្យ ដែលបណ្ដាញសារព័ត៌មាន ​Fresh News ទទួលបាននៅមុននេះបន្ដិច បញ្ជាក់ថា ការតែងតាំងលោក ឃួន ស្រេង ឋានន្ដរស័ក្ដិឧត្តមមន្ដ្រីថ្នាក់លេខ១ ជាអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ធ្វើឡើងតាមសំណើររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ សូមបញ្ជាក់ថា លោក ឃួន ស្រេង ដែលត្រូវបានតែងតាំង ជាអភិបាលរាជធានីភ្នំពេញ ថ្មីនេះ បច្ចុប្បន្នមានតួនាទីជា អភិបាលរងរាជធានីភ្នំពេញ ហើយលោកក៏ជាអតីតអភិបាលខណ្ឌសែនសុខផងដែរ៕