FN ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការដាក់ឲ្យដំណើរការជាផ្លូវការ ច្រកចេញតែមួយ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងដើម្បីលើកកម្ពស់គុណភាព និងតម្លាភាព នៃការផ្ដល់សេវាសាធារណៈ របស់អគ្គនាយកដ្ឋាន និងអង្គភាព ដែលបម្រើសេវាសាធារណៈ នៅក្នុងទីស្ដីក្រសួង។
សេចក្ដីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ បានឲ្យដឹងថា ច្រកចេញចូលតែមួយទីស្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានអគ្គនាយកដ្ឋាន និងអង្គភាព ក្រោមឱវាទក្រសួងចំនួន០៣ ដែលមានទីតាំងស្ថិតនៅក្នុងទីស្ដីការក្រសួងផ្ទាល់ បម្រើសេវាសាធារណៈ គឺជាអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ និងក្រុមប្រឹក្សាជាតិគណនេយ្យ។
សេចក្ដីជូនដំណឹង បានបន្តទៀតថា ដោយឡែកសេវាសាធារណៈដែលត្រូវបម្រើដោយអគ្គនាយកដ្ឋាន មានទីតាំងនៅខាងក្រៅទីស្ដីការក្រសួង ចំនួន៣ទៀត រួមមាន អគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានរតនាគារជាតិ ទទួលបន្ទុកផ្ដល់សេវាជូនសាធារណជន នៅទីតាំងផ្ទាល់របស់សាមីអង្គភាពតែម្ដង៕