កម្ពុជា-កូរ៉េខាងត្បូង ចុះកិច្ចព្រមព្រៀងចំនួន៥ ចំណុច ក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការបរទេស

FN ៖ បន្ទាប់ពីកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងការបរទេសទាំងពីរ នៅប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ កម្ពុជា និងសាធាណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៥ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទៅវិញទៅមក។ ឯកសារសំខាន់ទាំង៥ ដែលបានចុះហត្ថលេខានោះរួមមាន៖ ១៖ កិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា និងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេសពន្ធ និងការចៀសវាងពន្ធ។ ចុះហត្ថលេខាដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយរដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ លោកស្រីរដ្ឋមន្ត្រីការបរទេសកូរ៉េ Kang Kyung-wha។ ២៖ សន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។ ចុះហត្ថលេខាដោយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយរដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ លោកស្រី Kang Kyung-wha។ ៣៖ អនុស្សារណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម។ ៤៖ អនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន។ ៥៖ សេចក្តីថ្លែងការណ៍រួមស្តីពីការចាប់ផ្តើមការសិក្សារួមគ្នាលើលទ្ធភាពបង្កើតកិច្ចព្រមពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ៕

កម្ពុជានាំចេញជ័រកៅស៊ូបានជិត២០ម៉ឺនតោន ទទួលចំណូល២៦៦លានដុល្លារ នៅរយៈពេល១០ខែឆ្នាំនេះ

FN ៖ យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះបានបញ្ជាក់ថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០១៩ កម្ពុជាបាននាំចេញកៅស៊ូចំនួន១៩៩,៩៧៥តោន កើនឡើង២៤% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ ដោយទទួលបានចំណូលប្រមាណ២៦៦លានដុល្លារអាមេរិក។ របាយការណ៍បញ្ជាក់ថា តម្លៃជាមធ្យមរបស់ជ័រកៅស៊ូ នៅ១០ខែដំបូង ឆ្នាំ២០១៩នេះ មានតម្លៃ១,៣៣២ដុល្លារក្នុង១តោន បានធ្លាក់ចុះ២%។ ដូច្នេះបើគិតជាចំណូលដែលកម្ពុជា ទទួលបានពីការនាំចេញជ័រកៅស៊ូរយៈពេល១០ខែ មានចំនួនប្រមាណជា ២៦៦,៣៦៦,៧០០ដុល្លារអាមេរិក។ សម្រាប់ការនាំចេញជ័រកៅស៊ូ ក្នុងខែតុលា មានចំនួនប្រមាណជាជាង ២៦,៩០៤តោន ខណៈតម្លៃជ័រកៅស៊ូជាមធ្យមក្នុងខែតុលានេះមានតម្លៃ ១,៣០៨ដុល្លារក្នុង១តោន បានកើនឡើង០.៤១% បើធៀបនិងខែមុនកន្លងផងដែរ។ សូមបញ្ជាក់ថា រយៈពេលពេញមួយឆ្នាំ២០១៨ កម្ពុជាបាននាំចេញជ័រកៅស៊ូជាង២១ម៉ឺនតោន ទទួលបានចំណូលជិត៣០០លានដុល្លារអាមេរិក។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី៕

១០ខែឆ្នាំនេះ ពន្ធដារប្រមូលចំណូល សម្រាប់ថវិកាជាតិបានជាង២,៤០០លានដុល្លារ កើនជាង២៨%

FN ៖ រយៈពេល ១០ខែ ឆ្នាំ២០១៩នេះ ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន មានចំនួន ៩ ៦១៦.៨៣ ប៊ីលានរៀល ស្មើនឹងប្រមាណ ២,៤០៤.២១ លានដុល្លារអាមេរិកកើនឡើង២៨.៣១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៨។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន នៃលទ្ធផលកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែតុលា ឆ្នាំ២០១៩ ។ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថាកំណើននៃការប្រមូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ ព្រោះការអនុវត្តដោយជោគជ័យនូវប្រព័ន្ធស្នើសុំបង្វិលសងអាករលើតម្លៃបន្ថែម (E-VAT Refund) ដែលបច្ចុប្បន្នអ្នកជាប់ពន្ធនិងសហគ្រាស មានការយល់ដឹងច្រើន ក៏ដូចជាការខិតខំប្រឹងប្រែងប្រមូលចំណូលពន្ធរបស់ថ្នាក់ដឹកនាំនិងមន្ត្រីពន្ធដារគ្រប់ជាន់ថ្នាក់។ លោកបានណែនាំបន្ថែមដល់គ្រប់អង្គភាព ឱ្យបន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ ប្រកបដោយប្រសិទ្ធភាព និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ និងគ្រប់ជ្រុងជ្រោយដោយប្រកាន់នូវ «ទម្លាប់ហ្មត់ចត់ លើកិច្ចការតូចតាច ទើបអាចមានឱកាសទទួលកិច្ចការធំបាន» ដែលនេះជាប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោក គង់ វិបុល ក៏បានពាំនាំយកនូវការផ្តាំផ្ញើរបស់ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋបមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្នុងនាមលោកផ្ទាល់ សូមវាយតម្លៃខ្ពស់ និងថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារគ្រប់ជាន់ថ្នាក់នៅតាមអង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានពន្ធដារ ដែលបាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការខិតខំប្រឹងប្រែងប្រមូលចំណូល ដែលទទួលបានលទ្ធផលយ៉ាងល្អប្រសើរ…