កម្ពុជា-កូរ៉េខាងត្បូង ចុះកិច្ចព្រមព្រៀងចំនួន៥ ចំណុច ក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការបរទេស

FN ៖ បន្ទាប់ពីកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងការបរទេសទាំងពីរ នៅប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ កម្ពុជា និងសាធាណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៥ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទៅវិញទៅមក។ ឯកសារសំខាន់ទាំង៥ ដែលបានចុះហត្ថលេខានោះរួមមាន៖ ១៖ កិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា និងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេសពន្ធ និងការចៀសវាងពន្ធ។ ចុះហត្ថលេខាដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយរដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ លោកស្រីរដ្ឋមន្ត្រីការបរទេសកូរ៉េ Kang Kyung-wha។ ២៖ សន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។ ចុះហត្ថលេខាដោយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយរដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ លោកស្រី Kang Kyung-wha។ ៣៖ អនុស្សារណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម។ ៤៖ អនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន។ ៥៖ សេចក្តីថ្លែងការណ៍រួមស្តីពីការចាប់ផ្តើមការសិក្សារួមគ្នាលើលទ្ធភាពបង្កើតកិច្ចព្រមពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ៕

កម្ពុជានាំចេញជ័រកៅស៊ូបានជិត២០ម៉ឺនតោន ទទួលចំណូល២៦៦លានដុល្លារ នៅរយៈពេល១០ខែឆ្នាំនេះ

FN ៖ យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះបានបញ្ជាក់ថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០១៩ កម្ពុជាបាននាំចេញកៅស៊ូចំនួន១៩៩,៩៧៥តោន កើនឡើង២៤% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ ដោយទទួលបានចំណូលប្រមាណ២៦៦លានដុល្លារអាមេរិក។ របាយការណ៍បញ្ជាក់ថា តម្លៃជាមធ្យមរបស់ជ័រកៅស៊ូ នៅ១០ខែដំបូង ឆ្នាំ២០១៩នេះ មានតម្លៃ១,៣៣២ដុល្លារក្នុង១តោន បានធ្លាក់ចុះ២%។ ដូច្នេះបើគិតជាចំណូលដែលកម្ពុជា ទទួលបានពីការនាំចេញជ័រកៅស៊ូរយៈពេល១០ខែ មានចំនួនប្រមាណជា ២៦៦,៣៦៦,៧០០ដុល្លារអាមេរិក។ សម្រាប់ការនាំចេញជ័រកៅស៊ូ ក្នុងខែតុលា មានចំនួនប្រមាណជាជាង ២៦,៩០៤តោន ខណៈតម្លៃជ័រកៅស៊ូជាមធ្យមក្នុងខែតុលានេះមានតម្លៃ ១,៣០៨ដុល្លារក្នុង១តោន បានកើនឡើង០.៤១% បើធៀបនិងខែមុនកន្លងផងដែរ។ សូមបញ្ជាក់ថា រយៈពេលពេញមួយឆ្នាំ២០១៨ កម្ពុជាបាននាំចេញជ័រកៅស៊ូជាង២១ម៉ឺនតោន ទទួលបានចំណូលជិត៣០០លានដុល្លារអាមេរិក។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី៕