អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់ជាថ្មីថា ការបង្កើតការិយាល័យចុះឈ្មោះបោះឆ្នោតនៅក្រៅប្រទេស គឺមិនមាននោះទេ!

FN ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានថ្លែងបញ្ជាក់ប្រាប់អង្គការអន្តរជាតិថា គ.ជ.ប គឺបំពេញការងារទៅតាមច្បាប់ ដែលបានកំណត់ ហើយការបង្កើតការិយាល័យ ចុះឈ្មោះបោះឆ្នោតនៅក្រៅប្រទេស គឺមិនមាននោះទេ។ ការបញ្ជាក់ជាថ្មីរបស់លោក ហង្ស ពុទ្ធា យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាស ដែលលោកក្នុងរួមក្នុងសិក្ខាសាល ស្តីពីសវនកម្មបញ្ជីបោះឆ្នោត និងការស្រាវជ្រាវបែបអង្កេត នៅសណ្ឋាគារភ្នំពេញ រៀបចំឡើងដោយ គ.ជ.ប និងអង្គការ IFES នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គជប ដែលអង្គភាព Fresh News ទើបទទួលបាននៅព្រឹកថ្ងៃទី១១ ខែសីហានេះ។ ការបញ្ជាក់ជាថ្មីនេះ ត្រូវបានគេដឹងថា ធ្វើឡើងបន្ទាប់ពីអង្គការសង្គមស៉ីវិលមួយចំនួន បានស្នើឲ្យ គ.ជ.ប បង្កើតការិយាល័យចុះឈ្មោះបោះឆ្នោត នៅក្រៅប្រទេស ដើម្បីឲ្យប្រជាពលរដ្ឋ ដែលចេញទៅធ្វើពលករបរទេស អាចចុះឈ្មោះបោះឆ្នោតបាន ប៉ុន្តែត្រូវបាន គ.ជ.ប បដិសេធថា ខ្លួនគ្មានសិទ្ធិកំណត់ទេ គឺធ្វើទៅតាមច្បាប់ប៉ុណ្ណោះ៕

គ.ជ.ប នឹងប្រជុំផ្សព្វផ្សាយប្រតិទិន នៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧ នៅពាក់កណ្ដាលខែនេះ​

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសេចក្ដីជូនដំណឹងផ្លូវការមួយ អំពីការប្រជុំផ្សព្វផ្សាយប្រតិទិន នៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧។ តាមសេចក្ដីជូនដំណឹងដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧នេះ ក្រៅពីការផ្សព្វផ្សាយខាងលើ គ.ជ.ប នឹងផ្សព្វផ្សាយស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន។ កិច្ចប្រជុំនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ខាងមុខនេះ ក្រោមអធិបតីភាព លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប នាសាលសន្និសីទគ.ជ.ប៕

ខុទ្ទកាល័យនាយករដ្ឋមន្រ្តី បង្ហាញលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូននាយករដ្ឋមន្រ្តីឡាវ ស្នើឲ្យដកកងទ័ពចេញពីទឹកដីកម្ពុជា

FN ៖ ខុទ្ទកាល័យរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបង្ហាញនូវលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្ញើជូននាយករដ្ឋមន្រ្តីឡាវ ដោយស្នើឲ្យដកកងទ័ពចេញពីទឹកដីកម្ពុជា នេះបើយោងតាមលិខិតដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិចនាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ។ នៅក្នុងលិខិតចំនួន៣ទំព័ររបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនលោក ថោងលន់ ស៊ីសូលីត កាលពីថ្ងៃទី០២ ខែសីហា​ ឆ្នាំ២០១៧ បានសរសេរនៅក្នុងកម្មវត្ថុថា៖ «សំណើស្នើ ឲ្យរដ្ឋាភិបាល នៃប្រទេសឡាវ ដកកងកម្លាំងប្រដាប់អាវុធ ចេញពីតំបន់ក្បែរអូរអាឡៃ និងតំបន់អូរតាង៉ាវ ព្រំដែនខេត្តស្ទឹងត្រែង និងខេត្តអាតាពើ ឡាវ»។