តបសំណើសម្តេចតេជោ ហ៊ុន សែន អគ្គលេខាធិការអង្គការសហប្រជាជាតិ សន្យាបង្កើនសុវត្ថិភាពឲ្យបានខ្ពស់ជូនកងទ័ពមួកខៀវកម្ពុជា

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អានតូនីអូ ហ្គាតធើរ៉េស (Antonio Guterres) បង្កើនការយកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀតចំពោះកងទ័ពមួកខៀវកម្ពុជា ជាពិសេសសុខសុវត្ថិភាពរបស់ពួកគេពេលបំពេញបេសសកកម្មរក្សាសន្តិភាពនៅតាមបណ្តាប្រទេសនានា។ សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលសម្តេចជួបសំណេះសំណាលដោយផ្ទាល់ជាមួយលោក Antonio Guterres និងសហការីរបស់លោកនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។ លោក អនឃួន សំអូន អ្នកយកព័ត៌មានពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជា ដែលបានចូលរួមយកព័ត៌មាននៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងម៉ានីលបានរាយការណ៍មកថា ក្នុងជំនួបទ្វេភាគីនាព្រឹកថ្ងៃនេះ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានចូលរួមសម្តែងការសោកស្តាយ និងរំលែកមរណទុក្ខយ៉ាងក្រៀមក្រំចំពោះកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ៤រូប​ ដែលត្រូវបានពលីជីវិតនៅអាហ្វ្រិកកណ្តាល កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧កន្លងទៅនេះ។ ក្នុងកិច្ចប្រជុំនោះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៅអគ្គលេខាធិការអង្គការសហប្រជាជាតិថា កម្ពុជាតែងរក្សាជំហរដ៏ម៉ឹងម៉ាត់បំផុតជាមួយអង្គការសហប្រជាជាតិ និងពិភពលោកក្នុងការរក្សានូវសុខសន្តិភាពនៅលើពិភពលោក។ ឈរលើស្មារតីនេះសម្តេចនាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា បើទោះបីកងទ័ពមួកខៀវរបស់កម្ពុជាបានជួបរឿងអកុសលយ៉ាងនោះក្តី តែកម្ពុជាមិនបានរាថយក្នុងការបញ្ជូនកងកម្លាំងចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពនៅតាមប្រទេសដែលបានជួបភ្លើងសង្រ្គាមនោះឡើយ។ លើសពីនេះទៀតកម្ពុជា តែងតែបានយកចិត្តទុកដាក់ខ្ពស់ក្នុងការបណ្តុះបណ្តាល និងបំពាក់បំប៉នសមត្ថភាពដល់កងកម្លាំងរបស់កម្ពុជា មុននឹងពួកគេចេញទៅបំពេញបេសកកម្មក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។…

ជំនួបនាយករដ្ឋមន្រ្តីកម្ពុជា-ចិន៖ រដ្ឋាភិបាលទីក្រុងប៉េកាំង ប្តេជ្ញាជំរុញទំនាក់ទំនងប្រទេសទាំងពីរដល់កម្រិតខ្ពស់មួយទៀត និងជួយដល់កម្ពុជាក្នុងការថែរក្សាសុខសន្តិភាព

FN ៖ ក្នុងឱកាសសម្តេចអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នៅទីក្រុងម៉ានីលនៃសាធារណៈរដ្ឋហ្វីលីពីន នាព្រលប់ថ្ងៃទី១៣ ខែវិចិ្ឆកា ឆ្នាំ ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោក លី កឺជាង នាយករដ្ឋមន្រ្តីនៃសាធារណៈរដ្ឋប្រជាមានិតចិន ក្នុងបរិយាកាសរីករាយស្និទស្នាលរាក់ទាក់បំផុត។ ក្នុងឱកាសនោះ លោក លី កឺជាង បានសម្តែងសេចក្តីរីករាយ ដោយបានជួបសម្តេចតេជោនាយករដ្ឋមន្រ្តីសារជាថ្មីម្តងទៀត ក្នុងនាមជាមិត្តចាស់របស់ចិន ដែលនេះជាការបង្ហាញពី ទំនាក់ទំនងយ៉ាងជិតស្និទកាន់តែល្អប្រសើរជាលំដាប់រវាងប្រទេសកម្ពុជា និងប្រទេសចិន និងជាពិសេសរវាងសម្តេចតេជោនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំជាន់ខ្ពស់ចិន។ លោកនាយករដ្ឋមន្រ្តីចិន បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញារួមគ្នា នឹងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យដល់កម្រិតខ្ពស់មួយថែមទៀត។ ជាការឆ្លើយតបសម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បានសម្តែងនូវការរីករាយ និងសូមថ្លែងអំណរគុណ ដែលបានទទួលស្គាល់ពីមិត្តចិនថា ជាមិត្តចាស់ ដែលប្រកបដោយទំនុកចិត្តគ្នាទៅវិញទៅមក។ នៅក្នុងជំនួបនេះដែរ ដោយកម្ពុជានឹងត្រូវរៀបចំកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២ នៅរាជធានីភ្នំពេញនាខែមករា ​ឆ្នាំ២០១៨ ខាងមុខនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញលោកនាយករដ្ឋមន្រ្តី លី កឺជាង ចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ និងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដើម្បីបើកសករាជថ្មីនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងខួបអនុស្សាវរីយ៍ទី​ ៦០ឆ្នាំ…

រឿងលោក សម រង្ស៊ី ហៅលោក ត្រាំ «ជាជនផ្តាច់ការដោយសារលុយ» ត្រូវបានសម្តេចតេជោ ហ៊ុន សែន យកទៅប្រាប់លោក ត្រាំ ដោយផ្ទាល់ក្នុងកិច្ចប្រជុំនៅហ្វីលីពីន

FN ៖ ដោយមិនញញើត ឬ ខ្លាចប្រធានាធិបតីអាមេរិកខឹងសម្បានោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននិយាយដោយត្រង់ៗប្រាប់លោក ដូណាល់ ត្រាំ ថា អំឡុងពេលនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅសហរដ្ឋអាមេរិក ក្រុមបក្សប្រឆាំងនៅកម្ពុជា បានប្រដូចលោក ដូណាល់ ត្រាំ និងរូបសម្តេច ជាជនផ្តាច់ការដូចគ្នា និងហៅលោក ត្រាំ ជាជនផ្តាច់ការដោយសារលុយ។ ការថ្លែងរំលឹកបែបនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ាន រួមនិងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានធ្វើឡើងនាទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកប្រាប់លោកប្រធានាធិបតីទី៤៥របស់អាមេរិកថា ក្នុងពេលឃោសនាបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក សម្តេច គឺជាមនុស្សម្នាក់ ក្នុងចំណោមមនុស្សតិចតួចបំផុត ដែលបានជ្រើសរើសយកលោក ដូណាល់ ត្រាំ ឈ្នះឆ្នោតក្លាយជាប្រធានាធិបតីអាមេរិក។ សម្តេចនាយករដ្ឋមន្រ្តីនៃកម្ពុជា ថែមទាំងបានរំលឹកទៀតថា ក្នុងអំឡុងពេលនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតនោះ ចៅៗរបស់សម្តេច ដែលរៀននៅសាលារបស់អាមេរិកាំង ត្រូវបានគេបញ្ចេះឲ្យស្អប់លោក ដូណាល់ ត្រាំ។ ត្រង់ចំណុចនេះ សម្តេចនាយករដ្ឋមន្រ្តី នៃកម្ពុជា ក៏បានប្រាប់ទៅប្រធានាធិបតីអាមេរិករូបនេះថា…