សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ឱសានវាទ៖ ការស្ម័គ្រចិត្តចុះចូលពីសំណាក់អតីតមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ ចូលគណបក្សប្រជាជនកម្ពុជាមានត្រឹមថ្ងៃទី២៤ ខែវិច្ឆិកាប៉ុណ្ណោះ

FN ៖ ជុំវិញការចុះចូលរបស់អតីតមន្រ្តីថ្នាក់ដឹកនាំ និងមន្រ្តីមូលដ្ឋានរបស់គណបក្សសង្រ្គោះជាតិ ដែលកំពុងសម្រុកចុះចូលយ៉ាងច្រើនរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ដែលនៅពេលនេះចំនួនបានកើនឡើងរហូតដល់ជិត៣២០នាក់នៅទូទាំងប្រទេស។ ឆ្លើយតបនឹងការកំណត់ពេលវេលានៃការចុះចូល, ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា បានប្រកាសតាមបណ្តាញព័ត៌មាន​ដ៏ធំមួយនៅកម្ពុជា Fresh News ឲ្យដឹងថា ការស្ម័គ្រចិត្តចុះចូលពី សំណាក់អតីតមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ ចូលគណបក្សប្រជាជនកម្ពុជា មានឱសានវាទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកាប៉ុណ្ណោះ។ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧​នេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់កិច្ចសម្ភាសន៍ដ៏ពិសេសមួយជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិប​ណ្តាញព័ត៌មាន​ Fresh News ឲ្យដឹងថា៖ «ការស្ម័គ្រចិត្តចុះជាមួយគណបក្សប្រជាជនកម្ពុជា មានត្រឹមថ្ងៃទី២៤ ខែវិច្ឆិកាប៉ុណ្ណោះ ព្រោះការរៀបចំបញ្ជីក្រុមប្រឹក្សាឃុំសង្កាត់ថ្មី ដើម្បីបញ្ជូនទៅកាន់ គជប នឹងត្រូវបិទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា, ប្រសិនបើចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកាទៅ ការចុះចូលនៅតែបន្តដដែល ប៉ុន្តែមិនផ្តល់តួនាទីអ្វីនោះទេ»។ សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍អំពាវនាវឲ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការកំពូលកាត់រំលាយ សូមប្រញាប់ប្រញាល់ចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវតួនាទីឋានៈអ្វីៗដដែល ព្រោះការកំណត់ពេលវេលាត្រឹមថ្ងៃទី២៤នេះធ្វើឡើងតាមលក្ខខ័ណ្ឌរបស់គជប។…

សម្តេចតេជោ ហ៊ុន សែន៖ ការរំលាយគណបក្សសង្រ្គោះជាតិ មិនមែនជារឿងនយោបាយទេ គឺជាការអនុវត្តន៍ច្បាប់សុទ្ធសាធ និងប្រាប់ប្រទេសជាមិត្តកុំលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការរំលាយគណបក្សសង្រ្គោះជាតិ និងការផ្អាកសកម្មភាពនយោបាយរបស់ថ្នាក់ដឹកនាំបក្សប្រឆាំង ១១៨រូប មិនឲ្យធ្វើសកម្មភាពនយោបាយ មិនមែនជារឿងនយោបាយនោះឡើយ គឺជាអនុវត្តន៍ច្បាប់របស់កម្ពុជាសុទ្ធសាធ។ នៅចំពោះមុខកម្មករ កម្មការរិនីជិត ៥ពាន់នាក់នៅកោះពេជ្រថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរំលាយគណបក្សសង្រ្គោះជាតិ មិនបានបង្កការអសកម្មភាព ឬបញ្ហាណាមួយដល់ដំណើរការប្រទេសជាតិ និងប្រជាពលរដ្ឋនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន ក៏អំពាវនាវដល់ប្រទេសជាមិត្តកុំលូកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ក៏ដូចជាការអនុវត្តន៍ច្បាប់របស់កម្ពុជា៕

សម្តេចតេជោ ហ៊ុន សែន ហៅលោក វ៉ន​ ពៅ ដែលប្រុងរត់គេចខ្លួនទៅក្រៅប្រទេសឲ្យត្រឡប់ចូលស្រុកវិញ និងធានាមិនមានការចាប់ខ្លួននោះទេ

FN ៖ ក្នុងកិច្ចសំណេះសំណាលជាមួយតំណាងកម្មករ កម្មការិនីជិត៥ពាន់នាក់ នៅកោះពេជ្រនាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា មានមនុស្សខ្លះព្រោះតែការធ្វើសកម្មភាពល្មើសច្បាប់ កំពុងតែគេចខ្លួនទៅក្រៅប្រទេស។ ជាមួយការភ័យខ្លាចហើយប្រុងរត់គេចនេះ, សម្តេចតេជោ ហ៊ុន សែន បានទាក់ទងទៅលោក វ៉ន ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឲ្យត្រឡប់មកផ្ទះវិញ ដោយធានាអះអាងថា គ្មាននរណាចាប់ខ្លួននោះទេ៕