សម្តេចតេជោ ហ៊ុន សែន ហៅលោក វ៉ន​ ពៅ ដែលប្រុងរត់គេចខ្លួនទៅក្រៅប្រទេសឲ្យត្រឡប់ចូលស្រុកវិញ និងធានាមិនមានការចាប់ខ្លួននោះទេ

FN ៖ ក្នុងកិច្ចសំណេះសំណាលជាមួយតំណាងកម្មករ កម្មការិនីជិត៥ពាន់នាក់ នៅកោះពេជ្រនាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា មានមនុស្សខ្លះព្រោះតែការធ្វើសកម្មភាពល្មើសច្បាប់ កំពុងតែគេចខ្លួនទៅក្រៅប្រទេស។ ជាមួយការភ័យខ្លាចហើយប្រុងរត់គេចនេះ, សម្តេចតេជោ ហ៊ុន សែន បានទាក់ទងទៅលោក វ៉ន ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឲ្យត្រឡប់មកផ្ទះវិញ ដោយធានាអះអាងថា គ្មាននរណាចាប់ខ្លួននោះទេ៕

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាបាត់បង់ឱកាសច្រើនណាស់មកហើយ មិនអាចលើកលែងឲ្យអ្នកបំផ្លាញសន្តិភាពបាននោះឡើយ

FN ៖ នៅក្នុងជំនួបជាមួយតំណាងកម្មករ កម្មការិនីនៅកោះពេជ្រ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជា បាត់បង់ឱកាសច្រើនណាស់មកហើយដោយសារតែភ្លើងសង្រ្គាម ហើយសម្តេចមិនលើកលែងឲ្យអ្នកចង់បំផ្លាញសន្តិភាព របស់កម្ពុជានោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មានតែសន្តិភាពនោះទេ ដែលផ្តល់ឱកាសសព្វបែបយ៉ាងទាំងការអភិវឌ្ឍជាតិ កំណើនរោងចក្រ ព្រមទាំងការរស់រៀននៃរបបលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការបញ្ចេញមតិផងដែរ។ សម្តេចបានបន្ថែមថា ចំណងនៃសន្តិភាព និងការអភិវឌ្ឍមិនអាចកាត់ផ្តាច់ពីគ្នាបាននោះទេ។ ក្នុងន័យនេះសម្តេចតេជោ ហ៊ុន សែន ស្នើដល់កម្មករ កម្មការិនី និងប្រជាពលរដ្ឋនៅទូទាំងប្រទេសត្រូវរួមគ្នាថែរក្សាសុខសន្តិភាពកំពុងគ្របដណ្តប់លើផ្ទៃប្រទេសកម្ពុជានេះ៕

សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍អាមេរិក ឲ្យកាត់ជំនួយទាំងអស់ពីកម្ពុជា ព្រោះការកាត់ជំនួយនេះ ជាការសម្លាប់អ្នកបម្រើនយោបាយអាមេរិក

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសស្វាគមន៍ និងលើកទឹកចិត្តឲ្យអាមេរិកកាត់ជំនួយទាំងអស់ពីកម្ពុជា រួមទាំងជំនួយសម្រាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផងដែរ។ នៅចំពោះមុខតំណាងកម្មករកម្មការិនីជិត៥ពាន់នាក់ នៅកោះពេជ្រ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រសិនបើអាមេរិកកាត់ជំនួយ សម្រាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានន័យថា អាមេរិកមិនត្រឹមតែផ្តួលសម្តេចមិនបាននោះទេ ថែមទាំងសម្លាប់ប្រជាធិបតេយ្យថែមទៀតផង។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការកាត់ជំនួយរបស់អាមេរិកមិនបានសម្លាប់រាជរដ្ឋាភិបាលនោះទេ តែគឺជាការសម្លាប់ក្រុមមនុស្សដែលបម្រើនយោបាយរបស់អាមេរិកតែប៉ុណ្ណោះ។ សម្តេចបានតបអាមេរិកថា កម្ពុជា មិនអាចយកជំនួយបរទេស ហើយត្រូវឱនក្បាល និងធ្វើឲ្យបាត់បង់ឯករាជ្យ អធិបតេយ្យភាពជាតិនោះឡើយ៕