សម្តេចតេជោ ហ៊ុន សែន៖ ២៩ ខែធ្នូ គឺជាថ្ងៃប្រវត្តិសាស្រ្តដ៏សំខាន់ ដែលខ្មែរគ្រប់និន្នាការនយោបាយ «ឈ្នះទាំងអស់គ្នា»

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាស្ថាបនិកនយោបាយ «ឈ្នះ-ឈ្នះ» បានថ្លែងថា ថ្ងៃទី២៩ ខែធ្នូ នេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយទៀតរបស់កម្ពុជា ដែលខ្មែរគ្រប់និន្នាការនយោបាយបាន «ឈ្នះទាំងអស់គ្នា»។ សម្តេចតេជោ ហ៊ុន សែន ដែលជារដ្ឋបុរសមួយរូបប្រឹងប្រែងស្វែងរកសុខសន្តិភាពនៅកម្ពុជា បានគូសបញ្ជាក់លើទំព័រ Facebook ថា ទោះបីយើងមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ក៏ដោយ ក៏ភាគីកម្ពុជាប្រជាធិបតេយ្យ ឬហៅថាខ្មែរក្រហមនោះ នៅបន្តគ្រប់គ្រងតំបន់មួយចំនួនដែលពួកគេកាន់កាប់ជាមួយគ្រឿងអាវុធយុទ្ធភ័ណ្ឌយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយខ្មែរក្រហមបានបន្តបង្កសកម្មភាពគ្រោះថ្នាក់ជាច្រើនដល់ប្រទេសជាតិ និងបង្កការភ័យខ្លាចដល់ភ្ញៀវទេសចរបរទេសផងដែរ។ បុរសដែលបានហែលឆ្លងក្នុងសមរភូមិសង្គ្រាមតាំងពីទសវត្សរ៍ឆ្នាំ៧០រូបនេះ បានថ្លែងបញ្ជាក់ថា «ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង និងដើម្បីបង្រួបបង្រួមផ្សះផ្សាជាតិទាំងមូលទើបនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ខ្ញុំបានសម្រេចដាក់ចេញនយោបាយ ឈ្នះ-ឈ្នះ ដែលធានាដល់អាយុជីវិត និងកម្មសិទ្ធិនានារបស់ភាគីកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) នៅពេលពួកគេទម្លាក់អាវុធវិលមករួមរស់នៅក្នុងសង្គមជាតិក្រោមដំបូលនៃរាជរដ្ឋាភិបាលតែមួយ និងនាយករដ្ឋមន្រ្តីតែមួយ ទើបបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញរហូតមកទល់សព្វថ្ងៃនេះ»។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា នយោបាយ ឈ្នះ-ឈ្នះ គឺខ្មែរទាំងអស់គ្នាឈ្នះ កម្ពុជាទាំងមូលមានសុខសន្តិភាព ហើយប្រជាពលរដ្ឋក៏កាន់តែមានឱកាសច្រើនឡើងក្នុងការកសាងសង្គមគ្រួសារ…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយកម្មករជាង១ម៉ឺននាក់ មកពីរោងចក្រចំនួន១៥ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ នាព្រឹកថ្ងៃពុធនេះ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧នេះ បានបន្តជួបសំណេះសំណាលជាមួយ កម្មករ កម្មការិនីសរុបប្រមាណ ១៤,០៩៩នាក់ មកពីរោងចក្រចំនួន១៥ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន សម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខជាមួយរដ្ឋាភិបាល និងប្រជាពលរដ្ឋហ្វីលីពីន ដែលបានរងគ្រោះដោយសារឥទ្ធិពលខ្យល់ព្យុះបណ្តាលមាន ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងឆក់យកអាយុជីវិតប្រជាពលរដ្ឋមួយចំនួន។ * សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាកាសធាតុក្តៅ រងាត្រជាក់ និងភ្លៀង មិនអាចរារាំងដំណើរចុះជួបកម្មករ និយោជិតរបស់សម្តេចបាននោះឡើយ ដើម្បីជំរុញការអនុវត្តន៍គោលនយោបាយជាតិអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងការគាំពារសង្គម។ * សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានសម្តែងការអបអរសាទរជាមួយកម្មករ កម្មការិនីទាំងអស់ ដែលនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងទទួលបានប្រាក់ឈ្នួលទាបបំផុត ១៧០ដុល្លារ និងសេវាគាំពារសង្គមជាច្រើនទៀត…

សេចក្តីដកស្រង់ប្រសាសន៍ ក្នុងសង្កថាពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅតំបន់ផ្លូវជាតិលេខ ៣

ធ្វើដំណើរមកទិសខាងលិច តែងតែភ្លៀង ដំបូងអនុញ្ញាតអោយខ្ញុំបានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះក្មួយៗជាកម្មករ/ការិនី ក៏ដូចជាសម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។ ខ្ញុំមិនដឹងថា តើខ្ញុំគួរនឹងស្វាគមន៍ភ្លៀងធ្លាក់ ឬអត់? អោយតែខ្ញុំមកទិសខាងលិច តែងតែភ្លៀងតែម្ដង។ ដូចជាជួបប្រទះ ៤ លើក ទាំងលើកនេះហើយ។ សូម្បីតែខែនេះ ទំលាប់ធម្មតា វាឆ្លងផុតពីខែរងារទៅហើយ ហើយវាបានចូលមកដល់ដំណាក់កាលនៃរដូវរំហើយ ប៉ុន្តែវាមិនត្រជាក់ និងមិនធ្លាក់ភ្លៀងបែបនេះទេ។ មុនពេលដែលខ្ញុំចេញដំណើរមកទីនេះ គេបានប្រាប់ថា នៅទីនេះមិនទាន់មានភ្លៀងធ្លាក់ទេ ប៉ុន្តែនៅឯផ្ទះខ្ញុំនោះ មានភ្លៀងធ្លាក់តាំងពីល្ងាច។ ពេលខ្ញុំមកដល់ទីនេះ ភ្លៀងវាតាមដល់ត្រង់ហ្នឹងទៀត។ ស្ដេចនាគរាជគឺម្យ៉ាង ប៉ុន្តែធាតុអាកាស ទោះបីស្ដេចនាគរាជ ឬស្ដេចតោ ក៏ភ្លៀងនៅតែភ្លៀងអញ្ចឹង។ រាជរដ្ឋាភិបាលកម្ពុជា សូមចូលរួមមរណទុក្ខអ្នកបាត់បង់ជីវិតនៅប្រទេសភីលីពីន ដោយគ្រោះធម្មជាតិ តែនេះវាជាបាតុភូតធម្មជាតិ ដែលប្រទេសរបស់យើងប៉ះស្ថានភាពប៉ុណ្ណេះ មិនមែនជាស្ថានភាពធ្ងន់ធ្ងរទេ បើប្រៀបធៀបទៅនឹងប្រទេសហ្វីលីពីននៅប៉ុន្មានថ្ងៃនេះ ដែលនៅក្នុងពេលនេះ ខ្ញុំសុំយកឱកាសនេះ សំដែងជូនចំពោះរដ្ឋាភិបាលហ្វីលីពីន ក៏ដូចជាប្រជាជនហ្វីលីពីន ដែលបានជួបនូវខ្យល់ព្យុះដ៏កំណាច ហើយដែលឆក់យកជីវិតប្រជាជនរាប់រយនាក់រួចស្រេចទៅហើយ ហើយកំពុងធ្វើការស្ដារឡើងវិញ។ យើងសុំចូលរួមនូវមរណទុក្ខដ៏ក្រៀមក្រំជាមួយបាតុភូតធម្មជាតិដ៏អាក្រក់ ដែលបាតុភូតនៃធម្មជាតិនោះ វាជាប់ពាក់ព័ន្ធជាមួយនឹងបណ្ដាប្រទេសនៅក្នុងតំបន់របស់យើង ហើយជាពិសេសតាំងពីហ្វីលីពីន…