សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យការបើកគ្រឹះស្ថានឧត្តមសិក្សាពុំចាំបាច់តម្កល់ប្រាក់ទៀតនោះទេ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចអនុញ្ញាតឲ្យការបើកដំណើរការគ្រឹះស្ថានឧត្តមសិក្សាពុំចាំបាច់តម្កល់ប្រាក់ទៀតនោះទេ។ ការសម្រេចនេះបានធ្វើឡើងក្នុងកិច្ចប្រជុំរវាងសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំសមាគមគ្រឹះស្ថានឧត្តមសិក្សានៅព្រឹកថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះ នៅវិមានសន្តិភាព។ លោក អ៊ាង សុផល្លែត ជំនួយកាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា ក្នុងកិច្ចប្រជុំជាច្រើនម៉ោងនោះ សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំសមាគមគ្រឹះស្ថានឧត្តមសិក្សា ដែលសុទ្ធសឹងជាថ្នាក់ដឹកនាំគ្រឹះស្ថានអប់រំល្បីៗនៅកម្ពុជា បានជជែកយ៉ាងច្រើនទៅលើបញ្ហាអប់រំនៅកម្ពុជាទាំងបញ្ហាប្រឈម និងការពង្រឹងគុណភាពអប់រំនៅកម្ពុជាឲ្យកាន់តែល្អប្រសើរ។ បើតាមលោក អ៊ាង សុផល្លែត ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន ក៏បានអនុញ្ញាតឲ្យការបើកគ្រឹះស្ថានឧត្តមសិក្សាមិនចាំបាច់តម្កល់ប្រាក់ទៀតនោះទេ។ ការសម្រេចបែបនេះ បន្ទាប់ពីមានសំណើរបស់ថ្នាក់ដឹកនាំ និងសមាជិកសមាគមគ្រឹះស្ថានឧត្តមសិក្សា។ ក្នុងកិច្ចប្រជុំនាព្រឹកមិញក៏មានការពិភាក្សាលើការបណ្តុះបណ្តាលគ្រូបង្រៀនផងដែរ។ ត្រង់ចំណុចនេះសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការបណ្តុះបណ្តាលគ្រូបង្រៀន គឺជាបញ្ហារបស់ក្រសួងអប់រំ គឺពាក់ព័ន្ធនឹងសេវាសាធារណៈ និងសេវាអធិបតេយ្យ។ សម្តេចបានស្នើឲ្យក្រសួងអប់រំទទួលខុសត្រូវលើការបណ្តុះបណ្តាលនេះ។ ពាក់ព័ន្ធការវាយតម្លៃទៅលើកម្រិតសិក្សាវិញ…

សម្តេចតេជោ ហ៊ុន សែន ឲ្យអតីតសមាជិកគណបក្សសង្គ្រោះជាតិបង្កើតបក្សថ្មីចូលរួមប្រកួតប្រជែង ព្រោះបក្សដែលរំលាយគ្មានថ្ងៃរស់ឡើងវិញឡើយ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សកាន់អំណាច បានផ្តល់អនុសាសន៍ឲ្យក្រុមគណបក្សប្រឆាំងបង្កើតបក្សថ្មីចូលរួមប្រកួតប្រជែងការបោះឆ្នោត កុំរំពឹងគណបក្សនយោបាយដែលរំលាយចោលនោះ ព្រោះគ្មានថ្ងៃរស់ឡើងវិញនោះឡើយ។ ការផ្តល់អនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងកិច្ចសំណេះសំណាលជាមួយតំណាងកម្មករ កម្មការិនីនៅសាលមហោស្រពកោះពេជ្រនាព្រឹកថ្ងៃអាទិត្យ ១៤រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧នេះ។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដូច្នេះ «ដោយសារមានការខ្សឹបខ្សៀវ និងការប្រឌិតព័ត៌មានមិនពិត​ដដែលជាដដែលអំពីការរស់ឡើងវិញនៃអតីតបក្សសង្រោះជាតិ គឺខ្ញុំសូមផ្តាំផ្ញើ និងបញ្ជាក់សាជាថ្មីថា អតីតបក្សដែលត្រូវបាន​រំលាយហើយ ដោយសាលដីការតុលាកំពូល គឺចប់ជាស្ថាពរហើយ។ ឈ្មោះអតីតបក្សនេះ គឺនឹងគ្មានកើតឡើងសាជាថ្មីទៀតឡើយ។ ខ្ញុំសូមឲ្យយោបល់ខ្លះៗដែលអាចមានប្រយោជន៍ ហើយកុំឲ្យខាតពេលច្រើន គឺមានតែវិធីមួយគត់ គឺបង្កើតបក្សថ្មីចូលរួមប្រកួតប្រជែងតាមលក្ខណៈប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតខាងមុខ គឺវាប្រសើរជាងដើរនិយាយឃោសនាមិនពិត ហើយខាត​បង់ពេលវេលាកាន់តែច្រើន»។ សូមបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលកាត់រំលាយចោលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តទង្វើក្បត់ជាតិ ដោយយោងទៅតាមច្បាប់ស្តីពីគណបក្សនយោបាយ។ ក្រៅពីរំលាយគណបក្សប្រឆាំងមួយនេះហើយថ្នាក់ដឹកនាំរបស់គណបក្សមួយនេះ ១១៨រូប ក៏ត្រូវបានផ្អាកសកម្មភាពនយោបាយរយៈពេល ៥ឆ្នាំផងដែរ៕

កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី២ នៅខែក្រោយ

FN​ ៖ ប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី២ ដែលនឹងប្រារព្ធឡើង នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ ដែលកិច្ចប្រជុំនេះប្រទេសកម្ពុជា នឹងធ្វើជាសហប្រធានផងដែរ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧នេះ។ កិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី២ នៅដើមឆ្នាំក្រោយនេះ នឹងធ្វើឡើងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ក្រោមមូលបទ «ទន្លេរបស់យើងដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព»។ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងនូវការពេញចិត្តចំពោះប្រទេសសមាជិកមេគង្គ-ឡានឆាងទាំងអស់ដែលបានផ្តល់ការសហការយ៉ាងជិតស្និទ្ធ និងគាំទ្រខ្លាំងក្លាដល់ កម្ពុជាធ្វើជាសហប្រធាន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ៕