FN ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹងមួយ បញ្ជាក់ពីព័ត៌មានដែលរដ្ឋាភិបាលអាមេរិក របស់លោកប្រធាធិបតី ដូណាល់ ត្រាំ ទើបចុះហត្ថលេខាលើច្បាប់ ដើម្បីបន្ដឡើងវិញ នូវប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) សម្រាប់រយៈពេល២ឆ្នាំបន្ដទៀត ចាប់ពីឆ្នាំ២០១៨-២០២០។
បន្ទាប់ពីទទួលដំណឹងនេះ មជ្ឈដ្ឋានមួយបានបង្ហាញពីភាពភ្ញាក់ផ្អើល និងមានចម្ងល់មួយចំនួន ពាក់ព័ន្ធការអនុគ្រោះពន្ធតាមប្រព័ន្ធ GSP។ ដើម្បីបង្ហាញ និងពន្យល់អំពីករណីនេះ បណ្ដាញព័ត៌មាន Fresh News បានធ្វើកិច្ចសម្ភាសន៍ជាមួយលោក សួន ប្រសិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្ដរជាតិ ដើម្បីឲ្យលោកពន្យល់បន្ថែម។
លោក សួន ប្រសិទ្ធ បានពន្យល់ថា រដ្ឋាភិបាលអាមេរិក តែងតែអនុវត្តន៍ការផ្ដល់នូវប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) រយៈពេល២ឆ្នាំម្ដង ហើយចុងក្រោយប្រព័ន្ធអនុគ្រោះពន្ធទូទៅនេះ ត្រូវរដ្ឋាភិបាលអាមេរិក បញ្ចប់ត្រឹមខែធ្នូ ឆ្នាំ២០១៧។
លោកបន្ថែមថា ដោយសាររដ្ឋាភិបាលលោក ដូណាល់ ត្រាំ មានភាពយឺតយ៉ាវ ក្នុងការស្នើច្បាប់ទៅសភា ដើម្បីអនុម័តនោះ ទើបចាប់ពីមករាដល់ ខែមេសា ឆ្នាំ២០១៨ អង្គភាពគយរបស់អាមេរិក បានអនុវត្តន៍ការយកពន្ធចំពោះទំនិញនាំចូល ដោយមិនបានគិត ពីក្របខ័ណ្ឌប្រព័ន្ធអនុគ្រោះពន្ធ GSP ឡើយ។ ទើបតែថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ច្បាប់ថ្មី ដែលរួមបញ្ចូលជាមួយប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) សម្រាប់កម្ពុជាដែលនោះ ត្រូវបានសភាអនុម័តជាធរមាន ហើយប្រតិសកម្មនៃច្បាប់នេះ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។
លោកអគ្គនាយករងបន្ថែមថា បន្ទាប់ពីច្បាប់នេះ ត្រូវមានសុពលភាពជាថ្មី ហើយត្រូវចាប់អនុវត្តន៍ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨មកនោះ ទើបខាងអង្គភាពគយរបស់អាមេរិក បានប្រកាសសងត្រឡប់មកវិញនូវប្រាក់ពន្ធ ដែលក្រុមហ៊ុននាំចូលទៅអាមេរិក បានបង់ក្នុងរយៈពេលដែលច្បាប់ មិនទាន់បានអនុម័តជាថ្មី (ពីថ្ងៃទី០១ ខែមករា ដល់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨)។ ដូច្នេះហើយទើប ក្រសួងពាណិជ្ជកម្ម បានប្រកាសបន្តដល់ពាណិជ្ជករដែលនាំចេញទំនិញទៅអាមេរិក ដាក់ពាក្យស្នើសុំថវិកាពន្ធត្រឡប់មកវិញ ដោយផ្ទាល់ទៅកាន់អង្គភាពគយ របស់សហរដ្ឋអាមេរិក។
សូមជម្រាបថា ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ បានចេញសេចក្តីជូនដំណឹង ដល់រាល់ពាណិជ្ជករទាំងអស់ ដែលនាំចូលទំនិញទៅទីផ្សារសហរដ្ឋអាមេរិកនាពេលកន្លងមក ហើយបានបង់ពន្ធរួច ចាប់ពីខែមករាមក អាចធ្វើការស្នើសុំដកប្រាក់ពន្ធនោះត្រឡប់មកវិញបាន បន្ទាប់ពីសហរដ្ឋអាមេរិក បានសម្រេចបន្តឡើងវិញ នូវប្រព័ន្ធអនុគ្រោះពន្ធទូទៅ និងដាក់ឲ្យចូលជាធរមានកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨។
សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា លោកប្រធានាធីបតីសហរដ្ឋអាមេរិក Donald Trump កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ បានចុះហត្ថលេខាលើច្បាប់ស្តីពី Consolidated Appropriations Act, 2018 ដើម្បីបន្តឡើងវិញ នៃប្រព័ន្ធអនុគ្រោះពន្ធទូទៅ ដោយភ្ជាប់ជាមួយការធ្វើប្រតិសកម្មពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ ដល់ដំណាច់ខែធ្នូ២០២០។
ការសម្រេចនេះ អាចឲ្យរាល់ពាណិជ្ជករទាំងអស់ដែលប្រើ Special Program Indicator (SPI) កូដ អាចទទួលប្រាក់ពន្ធ ដែលបានបង់រួចហើយត្រឡប់មកវិញ ដោយស្វ័យប្រវត្តិ។ ដោយឡែងអ្នកនាំផលិតផល ទៅអាមេរិកដែលមិនប្រើ SPI កូដអាចស្នើសុំប្រាក់ពន្ធមកវិញ បានដោយត្រូវដាក់ពាក្យស្នើសុំដោយខ្លួនឯង តាមរយៈគេហទំព័រនៅក្នុងសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម៕