ជប៉ុន​ផ្ដល់ប្រាក់ប្រមាណ៧លានដុល្លារ​ដល់កម្ពុជា សម្រាប់អនុវត្តគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម, ស្អែកនេះទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន និងឯកអគ្គរាជទូតជប៉ុន នឹងចុះហត្ថលេខា

FN ៖ ទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិអន្ដរជាតិ និងលោក ហូរីណូអ៊ូ​ជិ ហ៊ីដេហ៊ីសា (HORINOUCHI Hidehisa) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ​នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ស្អែកនេះ នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន៨០០​លានយ៉េន (ប្រមាណ​៧​លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោង កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។ បើតាមសេចក្ដីជូនដំណឹង នៅក្នុងក្របខ័ណ្ឌនៃកម្មវិធីនេះ រដ្ឋាភិបាលជប៉ុន នឹងផ្ដល់ហិបឆ្នោត ព្រមទាំងសម្ភារចាំបាច់ដទៃទៀត ដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រាប់ការបោះឆ្នោតសកល ដែលនឹងប្រព្រឹត្តទៅនៅ ខែ​កក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ។ ជំនួយជាបន្តបន្ទាប់របស់ប្រទេសជប៉ុនដល់កម្ពុជា និយាយជារួម និងដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និយាយដោយឡែក បង្ហាញពីការតាំងចិត្តរបស់ជប៉ុន ក្នុងការជួយដល់ប្រទេសកម្ពុជា ដើម្បីសម្រេចឲ្យបាននូវការរីកចម្រើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចិរភាព៕

CDC ប្រឹងប្រែងទាក់ទាញវិនិយោគជប៉ុន មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ឲ្យកាន់តែច្រើន ខណៈត្រឹមឆ្នាំ២០១៧ ទុនវិនិយោគជប៉ុននៅកម្ពុជាកើនដល់១.៦ប៊ីលានដុល្លារ

FN ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បាននិងកំពុងប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការទាក់ទាញវិនិយោគិនជប៉ុន ឲ្យមកវិនិយោគនៅកម្ពុជា ឲ្យកាន់តែច្រើនឡើងថែមទៀត ខណៈគិតត្រឹមឆ្នាំ២០១៧ ជប៉ុនមានវិនិយោគនៅកម្ពុជា ១៣០គ្រោងមានទុនវិនិយោគ ១.៦ប៊ីលានដុល្លារអាមេរិក។ ជាក់ស្តែងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសណ្ឋាគារ Imperial Hotel នៅទីក្រុងតូក្យូ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសហការជាមួយនឹងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន និងស្ថានទូតនៃកម្ពុជា ប្រចាំទីក្រុងតូក្យូ បានរៀបចំសិក្ខាសាលា ស្តីពីការវិនិយោគនៅកម្ពុជា ក្នុងគោលបំណងទាក់ទាញការវិនិយោគ ពីសំណាក់វិនិយោគិនជប៉ុន មកកម្ពុជាបន្ថែមទៀត។ សិក្ខាសាលានេះ មានការចូលរួមពីសំណាក់វិនិយោគិន ជប៉ុនដែលមានបំណង់ចង់វិនិយោគនៅកម្ពុជាចំនួនប្រមាណ២៨០នាក់។ គួរបញ្ជាក់ថាជារៀងរាល់ឆ្នាំ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាតែងតែរៀបចំសិក្ខាសាលា ស្តីពីការវិនិយោគនៅទីក្រុងនានានៃប្រទេសជប៉ុន ដោយឆ្នាំនេះមានការរៀបចំសិក្ខាសាលានេះ នៅទីក្រុងតូក្យូ និងទីក្រុងសេនដាយ (Sendai)។ គិតមកត្រឹមឆ្នាំ២០១៧ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កម្ពុជាបានទទួលស្វាគមន៍ និងចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ជប៉ុន ចំនួន ១៣០គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ១,៦ប៊ីលានដុល្លារអាមេរិក ក្នុងវិស័យមួយចំនួន រួមមាន ធនាគារ ឧស្សាហកម្ម កសិ-ឧស្សាហកម្ម សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ជាដើម។…

កម្ពុជាចាយលុយជាង៤លានដុល្លារ លើគម្រោងមុខរបរ និងការងាររបស់យុវជនទាំងក្នុង និងក្រៅប្រព័ន្ធ

FN ៖ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាជាង៤លានដុល្លារ សម្រាប់ប្រើប្រាស់លើគម្រោង «រួមគ្នាដើម្បីមុខរបរ និងការងាររបស់យុវជននៅកម្ពុជា» ដែលផ្ដោតសំខាន់លើការជំរុញ ឲ្យយុវជនកម្ពុជាទាំងក្នុង និងក្រៅប្រព័ន្ធ ចេះបង្កើតការងារដោយខ្លួនឯង ពិសេសសិស្សានុសិស្ស ដែលបញ្ចប់មធ្យមសិក្សាទុតិយភូមិ (ចប់ថ្នាក់ទី១២) និងយុវជនដែលបានបោះបង់ការសិក្សា។ នេះបើតាមលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ លោក ហេង សួរ លើកឡើងយ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំលើកទី១ នៃក្រុមប្រឹក្សាពិគ្រោះយោបល់ នៃកម្មវិធីរួមគ្នារបស់អង្គការសហប្រជាជាតិ «រួមគ្នាដើម្បីមុខរបរ និងការងាររបស់យុវជននៅកម្ពុជា» ជាមួយតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា តំណាងវិស័យឯកជន តំណាងក្រសួងអប់រំ ក្រសួងទេសចរណ៍ សហជីព និងតំណាងយុវជនផងដែរ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមអធិបតីភាពរបស់សហប្រធានលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងលោកស្រី Claire Vander Vaeren មន្ត្រីសម្របសម្រួលអង្គការ សហប្រជាជាតិប្រចាំកម្ពុជា។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំ លោក ហេង សួរ បានលើកឡើងថា ជំហ៊ានដំបូងនៃគម្រោងថ្មីនេះ…