កម្ពុជា​ និងរុស្ស៊ី​ ចុះកិច្ចព្រមព្រៀង​លេីពិធីសារស្ដីពីកិច្ចសហប្រតិបត្តិការរវាង​ គណៈកម្មាធិការកណ្ដាលរៀបចំការបោះឆ្នោតរុស្សុី និង គ.ជ.ប

FN ៖​ ប្រទេសកម្ពុជា​ និងប្រទេស​រុស្ស៊ី​ នាថ្មីៗនេះ​ បានចុះកិច្ចព្រមព្រៀង​លេីពិធីសារស្ដីពីកិច្ចសហប្រតិបត្តិការរវាង​ គណៈកម្មាធិការកណ្ដាលរៀបចំការបោះឆ្នោតរុស្សុី និង គ.ជ.បកម្ពុជា​។ នេះបេីតាម​ លោក​ ឌឹម​ សុវណ្ណរុំ​ ដែលបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន​ Fresh News នៅថ្ងៃនេះ​។ កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌនៃពិធីសារនេះ បានធ្វេីឡេីង​នៅថ្ងៃទី១៧​ ខែមីនា​ ដែលត្រូវអនុវត្តដោយឈរលើមូលដ្ឋាននៃការជឿទុកចិត្តគ្នា សមភាព មានផលប្រយោជន៍ទៅវិញទៅមក ការគោរព និងការប្រតិបត្តិតាមច្បាប់រដ្ឋរបស់ភាគីនីមួយៗ​។ គោលបំណងនៃពិធីសារនេះគឺដើម្បីពង្រឹងច្បាប់បោះឆ្នោត និងការអនុវត្តជាក់ស្ដែងក្នុងការត្រៀមរៀបចំការបោះឆ្នោត ដោយយកចិត្តទុកដាក់លើសកម្មភាព ដូចខាងក្រោម៖ * សកម្មភាពនៃស្ថាប័នរៀបចំការបោះឆ្នោត ដើម្បីធានាសម្រេចឱ្យបាននូវសិទ្ធិបោះឆ្នោត បង្កើនកម្រិតវិជ្ជាជីវៈរបស់ស្ថាប័នរៀបចំការបោះឆ្នោត ព្រមទាំងសិទ្ធិស្របច្បាប់របស់អ្នកបោះឆ្នោត * ធានាសិទ្ធិរបស់ភាគីពាក់ព័ន្ធក្នុងដំណើរការរៀបចំការបោះឆ្នោត ដំណើរការឃោសនាបោះឆ្នោត ដោយការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយមហាជន * ការផ្ដល់ហិរញ្ញប្បទានសម្រាប់ដំណើរការបោះឆ្នោត ពោលគឺយន្តការច្បាប់ និងការរៀបចំដើម្បីរក្សាឱ្យបាន និងគ្រប់គ្រងដំណើរការបោះឆ្នោត * ការអភិវឌ្ឈ និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាទំនើប សម្រាប់ការបោះឆ្នោត និងបច្ចេកវិទ្យាព័ត៌មានវិទ្យាផ្សេងទៀត ព្រមទាំងប្រព័ន្ធស្វ័យប្រវត្តិកម្មនៃការចុះឈ្មោះ ការរក្សាគណនីព័ត៌មាន និងការកំណត់អត្តសញ្ញាណអ្នកបោះឆ្នោត បរិក្ខារ សម្ភារ និងម៉ាសុីនក្នុងការធានារក្សាឱ្យបាននូវដំណើរការបោះឆ្នោត *ការរៀបចំបោះឆ្នោតក្នុងតំបន់ដាច់ស្រយាល៕

ប្រាក់រៀលកំពុងមានសន្ទុះក្នុងប្រតិបត្តិការ លើវិស័យមីក្រូហិរញ្ញវត្ថុឯកជននៅកម្ពុជា ខណៈកំណើននៃការប្រើប្រាស់ប្រាក់រៀលរបស់ពលរដ្ឋកើនឡើង

FN ៖ បន្ទាប់ពីមានការជំរុញ នូវការប្រើប្រាស់ប្រាក់រៀល ពីធនាគារជាតិនៃកម្ពុជា ស្ថាប័នពាក់ព័ន្ធនានាកន្លងមក ឃើញថាបច្ចុប្បន្ន​នេះប្រាក់រៀល​ បាននិងកំពុងមានសន្ទុះខ្លាំង ទៅលើប្រតិបត្តិការក្នុងវិស័យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ឯកជននៅកម្ពុជា ​ជាមួយនឹងការយល់​ដឹងច្រើនរបស់ពលរដ្ឋ ក្នុងការប្រើប្រាស់ប្រាក់រៀលផងដែរ។ ទម្រាំតែប្រាក់រៀល ត្រូវបានចរាចរណ៍មកដល់សព្វថ្ងៃ និងមានការទទួលគាំទ្របែបនេះ ប្រាក់រៀលក៏បានទទួលរង នូវបញ្ហាប្រឈមជាច្រើនផងដែរ។ ក្នុងនោះបញ្ហាប្រឈមដ៏ធំ គឺបញ្ហាដុល្លាររូបនីយកម្មខ្ពស់ ដែលតាមបទពិសោធន៍អន្តរជាតិបង្ហាញថា ត្រូវការពេលវេលាយូរ និងកិច្ចខិតខំប្រឹងប្រែងដ៏ច្រើន ទាំងពីសំណាក់អាជ្ញាធរ វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់រូប ដើម្បីកាត់បន្ថយ ឬលុបបំបាត់កម្រិតដុល្លារូបនីយកម្មពីសេដ្ឋកិច្ច។ តែទោះបីជាយ៉ាងណា បច្ចុប្បន្ននេះប្រាក់រៀល ត្រូវបានប្រើប្រាស់ទៅលើវិស័យផ្សេងៗ ដោយមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា ដែលធ្លាប់តែ​ចរាចរណ៍ប្រាក់ដុល្លារ ក៏បានងាកមកប្រើប្រាស់ប្រាក់រៀលជំនួសវិញ ទោះថាការប្រើប្រាស់នូវមានកម្រិតក៏ដោយ នេះក៏សបញ្ជាក់​ពីការគាំទ្រប្រាក់រៀលដែរ។ ថ្លែងក្នុងទិវា «ប្រាក់រៀល អបអរសាទរខួបលើកទី៣៨ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ» នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះ លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK បានឲ្យដឹងថា ជាមួយនឹងការលើកទឹកចិត្តពីសំណាក់ ធនាគារជាតិនៃកម្ពុជា រួមទាំងស្ថានប័នពាក់ព័ន្ធផងនោះ ឃើញថាប៉ុន្មានឆ្នាំចុងក្រោយនេះ ពលរដ្ឋមានការប្រើប្រាស់ប្រាក់រៀលច្រើនជាងមុន សូម្បីតែប្រាក់សន្សំក្នុងធនាគារ…

តំណាងកម្ពុជាប្រចាំ UN៖ កម្ពុជាប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះសេចក្តីថ្លែងការណ៍ទាំងទ្បាយ ដែលបង្កប់ទៅដោយចរិតនយោបាយនៅពីក្រោយ

FN ៖ កម្ពុជាបានប្រកាសប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះសេចក្តីថ្លែងការណ៍ទាំងទ្បាយណា ដែលត្រូវបានធ្វើទ្បើងដោយបង្កប់ទៅដោយចរិតនយោបាយនៅពីក្រោយ ដោយព្រងើយកន្តើយចំពោះសមត្ថកិច្ចរបស់រដ្ឋអធិបតេយ្យមួយ នៅក្នុងការថែរក្សាការពារច្បាប់ និងសណ្តាប់ធ្នាប់ដើម្បីជាសារប្រយោជន៍នៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍សម្រាប់ប្រជាពលរដ្ឋរបស់ខ្លួន។ នេះគឺជាសេចក្តីថ្លែងការណ៍របស់ តំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំមន្ទីរអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា ទីក្រុងហ្សឺណែវ ដែលឆ្លើយតបទៅនឹង សេចក្តីថ្លែងការណ៍ប្រឆាំងនឹងកម្ពុជា នៃបណ្តាប្រទេសមួយចំនួន រួមបញ្ចូលទាំងសេចក្តីថ្លែងការណ៍របស់ សហគមអឺរ៉ុប នៅក្នុងសម័យប្រជុំលើកទី៣៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ហ្សឺណែវ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨។ នៅក្នុងសម័យប្រជុំនោះ លោក ណី សំអុល តំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំមន្ទីរអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា ទីក្រុងហ្សឺណែវ បានចោទជាសំណួរទៅកាន់ហេតុអ្វីបានជាបញ្ហារបស់កម្ពុជា ត្រូវបានលើកទ្បើងយកមកពិភាក្សាមិនត្រូវតាមបែបបទ នៅក្នុងសម័យប្រជុំលើកទី៣៧ នៃក្រុមប្រឹក្សានេះ? ជាមួយគ្នានេះ លោកបានបកស្រាយថា ចម្លើយយ៉ាងសាមញ្ញបំផុតគឺ ដោយសារតែកម្ពុជា នឹងមានការរៀបចំការបោះឆ្នោតនៅក្នុងខែកក្កដាឆ្នាំនេះ។ ហេតុដូច្នេះហើយ បានជាមានបណ្តាប្រទេសមួយចំនួន ខិតខំរិះរកមធ្យោបាយ និងវិធីសាស្រ្តគ្រប់បែបយ៉ាងដោយឥតអៀនខ្មាស់ ដើម្បីធ្វើការជ្រៀតជ្រែកចូលទៅក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ ពួកគេព្យាយាមរំលោភបទបញ្ញត្តិ ក្រមច្បាប់ គោលការណ៍ និងការអនុវត្តន៍នៃអង្គការសិទ្ធិមនុស្សដ៏ឧត្តុងឧត្តមនេះដោយគ្មានញញើតកោតក្រែងសោះទ្បើយ ពោលគឺក្នុងចេតនាសាបព្រួសអំពើស្អប់ខ្ពើម និងបណ្តុះនូវគោលនយោបាយប្រទូស្តរាយប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា ហើយដែលគោលដៅចុងក្រោយរបស់ពួកគេ គឺក្នុងគោលបំណងធ្វើការផ្លាស់ប្តូររបបនាពេលបច្ចុប្បន្ននេះ តាមរយៈអ្វីដែលគេហៅថា…