សម្តេចតេជោ ហ៊ុន សែន៖ មិនមានការបិទប្រទេស រាជធានី ឬតំបន់ណាមួយនោះទេ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញមកបញ្ជាក់ថា មិនមានការបិទប្រទេស រាជធានី ឬតំបន់ណាមួយនៅក្នុងប្រទេសកម្ពុជា ដើម្បីជាវិធានការក្នុងការទប់ស្កាត់ការរីករាតត្បាតជំងឺកូវីដ១៩នោះឡើយ។ ក្នុងសារផ្ញើជូនជនរួមជាតិលើបណ្តាញសង្គម Facebook នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តចតេជោ ហ៊ុន សេន បានបញ្ជាក់ដូច្នេះ «ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាលខ្ញុំសូមបញ្ជាក់ថា នឹងមិនមានការបិទប្រទេស ឬរាជធានីខេត្ត ឬតំបន់ណាមួយនោះទេ»។ ការបញ្ជាក់របស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងបន្ទាប់ពីមានសំឡេងមួយចែកចាយតាមបណ្តាញសង្គម ដោយប្រឌិតព័ត៌មានថា នឹងមានការបិទរាជធានីភ្នំពេញ និងហាមធ្វើដំណើរឆ្លងខេត្តជាដើម។ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការប្រឌិតព័ត៌មាននេះ ជាការឃោសនាអកុសលរបស់ជនអាក្រក់ សំដៅធ្វើឱ្យប្រទេសមានចលាចលទំនិញឡើងថ្លៃ ប្រជាជនរស់នៅមិនបានស្ងប់ចិត្ត ដើម្បីគេងចំណេញខាងនយោបាយតែប៉ុណ្ណោះ។ ជាមួយនឹងការច្រានចោលព័ត៌មានប្រឌិតនេះហើយ សម្តេចតេជោ ក៏បានបញ្ជាក់ដែរថា បញ្ហាសំខាន់ក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ-១៩នៅពេលនេះ គឺប្រជាជនគ្រប់រូបការពារខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសការពាក់ម៉ាស់ ការលាងដៃ ការមិនជួបជុំប្រមូលផ្តុំ ការរក្សាគម្លាតសុវត្ថិភាព។ល។ ពាក់ព័ន្ធការពាក់ម៉ាស់នេះដែរ សម្តេចតេជោ បានបញ្ជាក់ថា កាលពីម្សិលមិញនេះ សម្តេចបានបញ្ជាឱ្យបញ្ចេញម៉ាស់ក្រណាត់ចំនួន ២លានម៉ាស់ជូនទៅសាលារាជធានីភ្នំពេញ ដើម្បីចែកជូនប្រជាជនក្រីក្រ។ នគរបាលចរាចរណ៍ក៏នឹងជូនម៉ាស់សម្រាប់អ្នកជិះកង់ ជិះម៉ូតូដែលមិនបានពាក់ម៉ាស់។…

សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា លទ្ធផលធ្វើតេស្ដលើកទី២ សម្ដេច និងភរិយា ព្រមទាំងអ្នកនៅជាមួយទាំងអស់ «អវិជ្ជមាន» កូវីដ-១៩

FN ៖ លទ្ធផលធ្វើតេស្ដលើកទី២ រកមេរោគកូវីដ-១៩ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសនៅមុននេះបន្ដិចថា សម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងអ្នកនៅជាមួយសម្ដេចទាំងអស់ លទ្ធផលអវិជ្ជមានជំងឺកូវីដ-១៩។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើទំព័រ Facebook យ៉ាងដូច្នេះថា៖ «ថ្ងៃនេះ៩ វិច្ឆិកា ២០២០ ក្រុមគ្រូពេទ្យបានយកសំណាកខ្ញុំ និងភរិយាព្រមទាំងអ្នកនៅជាមួយ និងអ្នកនៅជាប់ខ្ញុំទាំងអស់ ទៅធ្វើតេស្តជាលើកទី២។ លទ្ធផល គឺអវិជ្ជមានទាំងអស់ គឺជាលទ្ធផលល្អសម្រាប់ដំណាក់កាលទី២ ក្នុងចំណោម៤ដំណាក់កាល។ ខ្ញុំត្រូវធ្វើចត្តាឡីស័កបន្តទៀត នឹងរង់ចាំការធ្វើតេស្តជាលើកទី៣ នៅថ្ងៃទី១៤ វិច្ឆិកា និងលើកទី៤ នៅថ្ងៃទី១៨ វិច្ឆិកា។ ខ្ញុំកំពុងរង់ចាំលទ្ធផល នៃការធ្វើតេស្តបងប្អូនជិត៩០០នាក់ផ្សេងទៀត ដែលបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលពីព្រឹត្តិការណ៍ ដែលខ្ញុំសូមដាក់ឈ្មោះថា (ព្រឹត្តិការណ៍៣វិច្ឆិកា)។ ព្រឹត្តិការណ៍ (៣វិច្ឆិកា) នឹងត្រូវបិទបញ្ចប់នៅក្រោយពេលដែលមនុស្សប្រមាណ៩០០នាក់ ដឹងថា វិជ្ជមាន ឬអវិជ្ជមាន ដែលត្រូវការពេលប្រមាណ៣សប្តាហ៍ទៀត។ ដើម្បីកម្រិតកុំឲ្យមនុស្សកើនឡើង តម្រូវឲ្យអ្នកដែលបាននិងកំពុងធ្វើចត្តាឡីស័ក…

សម្ដេចតេជោ ហ៊ុន សែន៖ «ទោះកំពុងធ្វើចត្តាឡីស័ក ក៏ខ្ញុំអាចបំពេញការងារជានាយករដ្ឋមន្ត្រីដូចមុនដដែល គ្មានអ្វីចម្លែកក្នុងខ្លួនទេ»

FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រលប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានលើកឡើងថា ទោះបីសម្តេចកំពុងធ្វើចត្តាឡីស័កក៏ដោយ ក៏សម្តេចអាចបំពេញការងារ ក្នុងនាមជានាយករដ្ឋមន្ត្រីដូចមុនដដែល គឺគ្មានអ្វីចម្លែកក្នុងខ្លួននោះទេ។ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញ សម្តេចតេជោ ហ៊ុន សែន បានធ្វើតេស្តរកមេរោគកូវីដ១៩ ម្តងរួចហើយ ដែលលទ្ធផលបញ្ជាក់ថា អវិជ្ជមាន។ តាមរយៈ Facebook របស់សម្តេច, សម្តេចអះអាងថា កំពុងមានសុខភាពល្អប្រសើរ ហើយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន ដើម្បីរង់ចាំការធ្វើតេស្តរកមេរោគកូវីដ១៩ ជាបន្តបន្ទាប់ទៀត។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរសារតាមរយៈ Facebook ដែលមានខ្លឹមសារទាំងស្រុង ដូចខាងក្រោមនេះ៖ ចាប់តាំងពីពេលយកសំណាក ទៅពិនិត្យនៅម៉ោង១២ ថ្ងៃ៤វិច្ឆកាមក ដល់ពេលនេះខ្ញុំបានធ្វើចត្តាឡីស័កជាង៣០ម៉ោងរួចមកហើយ។ គ្មានអ្វីប្លែកក្នុងខ្លួនទាល់តែសោះ បាយបាន សម្រាកលក់ ពិនិត្យរបាយការណ៍ពិនិត្យសម្រេចលើសំណើររបស់ក្រសួង ស្ថាប័ន និងចុះហត្ថលេខាលើឯកសារ នានាដូចពេលមុនៗដែរ។ អ្វីដែលប្លែកគឺខ្ញុំ និងប្រពន្ធចែកបន្ទប់គ្នាដេក មិនហ៊ានប៉ះពាល់គ្នាដូចកាលពីនៅកម្លោះក្រមុំ។ ចំណែកអ្នកបំរើត្រូវពាក់ម៉ាស់ពាក់ស្រោមជើងស្រោមដៃតាមការណែនាំរបស់គ្រូពេទ្យ។ សម្រាប់ករណីខ្ញុំ…