អ្នកសារព័ត៌មានអន្តរជាតិ២០៣នាក់ មកពី៦៦អង្គភាព ត្រូវបានគ.ជ.ប ផ្តល់បណ្ណផ្លូវការ ដើម្បីយកព័ត៌មានបោះឆ្នោត

FN ៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ ជាថ្ងៃចុងក្រោយ នៃការទទួលពាក្យចុះឈ្មោះអ្នកសារព័ត៌មានអន្តរជាតិ។ នេះបើតាមសេចក្តីប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅល្ងាចនេះ។ បើតាមសេចក្តីប្រកាសរបស់គ.ជ.ប គិតត្រឹមល្ងាចថ្ងៃចុងក្រោយនេះ គ.ជ.ប បានផ្តល់បណ្ណអ្នកសារព័ត៌មាន ជូនដល់អ្នកសារព័ត៌មានអន្តរជាតិ ចំនួន២០៣នាក់ មកពី៦៦ស្ថាប័ន នៅជុំវិញពិភពលោក ដើម្បីចូលរួមយកព័ត៌មាននៅថ្ងៃបោះឆ្នោត។ ទីភ្នាក់ងារសារព័ត៌មានសំខាន់ៗ មានដូចជា AFP, Thomson Reuters, AP, EPA, Xinhua, Aljazeera, Kyodo, Channel News Asia, NHK, Cambodia Sin Chew Daily និង កាសែតបារាំង Le Monde ជាដើម៕

រដ្ឋមន្ត្រីក្រសួងសុខាភិបាល បញ្ជាឲ្យមន្ទីរសុខាភិបាលចុះចែកមុងជ្រលក់ថ្នាំ និងចាក់វ៉ាក់សាំងការពារជំងឺឆ្លង ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅខេត្តស្ទឹងត្រែង

FN ៖ បន្ទាប់ពីទទួលបានដំណឹងពីការលិចលង់ដោយទឹកជំនន់ ដែលហូរធ្លាក់ពីប្រទេសឡាវ ដោយប្រជាពលរដ្ឋកម្ពុជារស់នៅតំបន់មួយចំនួន ក្នុងខេត្តស្ទឹងត្រែង ត្រូវបានជម្លៀសរកទីទួលសុវត្ថិភាពនោះ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រាប់ឲ្យប្រធានមន្ទីរសុខាភិបាលខេត្ត ប្រញាប់ចុះចែកមុងជ្រលក់ថ្នាំ និងចាក់វ៉ាក់សាំងការពារជំងឺឆ្លងផ្សេងៗ ពិសេសជំងឺគ្រុនចាញ់ជូនដល់កុមារ និងស្ត្រីមានផ្ទៃពោះ ដែលងាយរងគ្រោះដោយសារទឹកជំនន់នោះ។ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល​ ម៉ម ប៊ុនហេង បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៥ ខែកក្កដានេះយ៉ាងដូច្នេះថា «នៅខណៈពេលដែលមានបញ្ហាទឹកជំនន់នៅខេត្តស្ទឹងត្រែង ខ្ញុំបានប្រាប់ឲ្យមន្ទីរសុខាភិបាលខេត្ត ឲ្យចុះចែកមុងជ្រលក់ថ្នាំ និងចាក់វ៉ាក់សាំងដល់កុមារ និងស្ត្រីមានផ្ទៃពោះ ដើម្បីការពារជំងឺផ្សេងៗ ពិសេសជំងឺគ្រុណចាញ់»។ លោក ម៉ម ប៊ុនហេង បញ្ជាក់បន្ថែមថា ដើម្បីការពារការខ្វះខាតមុងជ្រលក់ថ្នាំសម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋ ពេលនេះក្រសួងសុខាភិបាល បាននិងកំពុងបញ្ជូនមុងចំនួន៤០០០មុងថែមទៀត ដើម្បីទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែង។ លោករដ្ឋមន្ត្រី ក៏សូមអំពាវនាវដល់បងប្អូនទាំងអស់ ការពារសុខភាពតាមរយៈការហូបស្អាតទឹកស្អាត និងកុំឲ្យកូនតូចៗ លេងទឹកដោយធ្វេសប្រហែសដោយសោះ ព្រោះអាចមានគ្រោះថ្នាក់ជាយថាហេតុ។ សូមជម្រាបថា គិមមកដល់វេលាព្រឹកព្រលឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ ទឹកជំនន់ដែលហូរចេញពីការបាក់ទំនប់ Se-Pian…

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ដឹកនាំក្រុមគ្រូពេទ្យ​ចុះពិនិត្យព្យាបាលប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដោយឥតគិតថ្លៃ នៅខេត្តកំពង់ស្ពឺ

FN ៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី២១​ ខែកក្កដា ឆ្នាំ២០១៨ នេះ បានដឹកនាំក្រុមគ្រូពេទ្យ និងសហជាមួយអាជ្ញាធរមានសមត្ថកិច្ច ដែលដឹកនាំដោយគណៈអភិបាលខេត្ដកំពង់ស្ពឺ លោក វី សំណាង ចុះទៅពិនិត្យ និងព្យាបាលប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ដែលរងគ្រោះមហន្ដរាយ ដោយទឹកជំនន់ នៅក្រុងច្បារមន ខេត្ដកំពង់ស្ពឺ ។ ក្នុងឱកាសនោះ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានណែនាំ​អប់រំ និងអំពាវដល់ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពកុមារតូចៗ កុំឲ្យចុះងូតទឹក ឬហែលទឹកនៅពេលទឹកជំនន់ ពេលទឹកលិចត្រូវដាក់សញ្ញាសម្គាល់ ឬដាក់បន្លាស្រាស់ នៅកន្លែងដែលមានរណ្ដៅ ឬស្រះ ហើយបន្ទាប់ពីទឹកជំនន់ ត្រូវសម្អាតគ្រប់ទីកន្លែងជុំវិញគេហដ្ឋានឲ្យមានអនាម័យល្អ ពិសេសអណ្ដូងទឹក ត្រូវតែស្ដារលាងសម្អាតចេញទាំងអស់ ។ សម្រាប់ស្ដ្រីមានផ្ទៃពោះ ត្រូវទៅពិនិត្យសុខភាពឲ្យបានទៀងទាត់ នៅមណ្ឌលសុខភាពណាមួយ ដែលមានទីទួលមានសុវត្ថិភាព និងត្រូវនាំកុមារទៅចាក់ថ្នាំបង្ការ ឲ្យបានទៀងទាត់ តាមការកំណត់ ទោះបីជាមានទឹកជំនន់ក៏ដោយ។ ប្រសិនបើ មានពស់ចឹក សូមប្រញាប់បញ្ជូនជនរងគ្រោះ ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ…