រដ្ឋបាលរាជធានីភ្នំពេញ៖ ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ នឹងរៀបចំឡើងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា

FN ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងត្រូវរៀបចំឡើងនៅថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង។ នេះបើតាមលិខិតណែនាំរបស់អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ផ្ញើទៅកាន់គ្រប់រដ្ឋបាលខណ្ឌ មន្ទីរ អង្គភាពជុំវិញរដ្ឋបាលរាជធានីភ្នំពេញ​ ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨។ ក្នុងលិខិតរបស់ខ្លួន​រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំទៅអង្គភាពជុំវិញរដ្ឋបាលរាជធានី ត្រូវតុបតែងលម្អទង់ជាតិ ទង់សាសនា ទង់ក្អែប បដាពាក្យស្លោក និងបំភ្លឺភ្លើងពណ៌ តាមមន្ទីរ អង្គភាព សាលារៀន រោងចក្រ សហគ្រាស និងលំនៅដ្ឋានប្រជាពលរដ្ឋ ដើម្បីអបអរសាទរព្រះរាជពិធីមួយនេះ។ ដោយឡែក សម្រាប់បញ្ហាសន្ដិសុខវិញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំង១២ ត្រូវរៀបចំផែនការការពារជាក់ស្ដែង សម្រាប់បង្កើនកិច្ចការពារសុវត្ថិភាព សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងចរាចរណ៍មុន ក្នុង និងក្រោយពេល ប្រារព្ធព្រះរាជពិធី៕

ក្រសួងបរិស្ថាន៖ ដីដែលហូរចូលសមុទ្រដោយសារសកម្មភាពអភិវឌ្ឍន៍ តែមិនបង្កផលប៉ះពាល់ដល់ទឹក និងឆ្នេរសមុទ្រទេ

FN ៖ ក្រសួងបរិស្ថានបានអះអាងថា ស្ថានភាពល្អក់កករទឹកនៅតាមឆ្នេរសមុទ្រមួយចំនួន រួមទាំងឆ្នេរព្រែកត្រែងផងនោះ មិនបង្កជាបញ្ហាប៉ះពាល់ធ្ងន់ធ្ងរនោះឡើយ។ ការល្អក់កករនេះ ដោយសារតែសកម្មភាពអភិវឌ្ឍនៅខេត្តព្រះសីហនុកំពុងមានច្រើន ហើយប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ច្រើនហូរនាំយកដីចូលទៅក្នុងសមុទ្រ ទើបនាំឲ្យមានបញ្ហាទាំងនេះតែម្តង។ ការចេញមកបញ្ជាក់ធ្វើឡើង ក្រោយពេលប្រជាពលរដ្ឋឃើញទឹកសមុទ្រនៅប៉ុន្មានថ្ងៃនេះបានប្រែជាល្អក់កករដោយសារតែដីហូរចូល ជាពិសេសនៅឆ្នេរព្រែកត្រែងតែម្តង។ បងប្អូនប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាំងខ្លាចស្ថានភាពនេះនាំឲ្យខូចទឹក និងឆ្នេរសមុទ្ររបស់ខ្មែរដែលជាប់ជាឆ្នេរស្អាតនៅលើពិភពលោក។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះថា៖ «សមុទ្រមានទឹកល្អក់នៅតំបន់ខ្លះ ដោយសារតែប៉ុន្មានថ្ងៃចុងក្រោយនេះ គឺនៅខេត្តព្រះសីហនុមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ ដែលបានច្រោះដីមួយចំនួន ចេញពីការដ្ឋានសាងសង់នានាទៅជាមួយ ហើយហូរចូលទៅក្នុងអូរ និងប្រឡាយ នាំយកចូលទៅក្នុងសមុទ្រ។ ខេត្តព្រះសីហនុបច្ចុប្បន្ននេះមានការអភិវឌ្ឍ និងមានការដ្ឋានសាងសង់ បុកគ្រឹះជាច្រើនដែលជាហេតុ ពេលភ្លៀងខ្លាំងនាំឱ្យមានការច្រោះដីទៅជាមួយខ្លះ។ បញ្ហានេះមិន មានអ្វីដែលព្រួយបារម្ភនិងប៉ះពាល់ដល់ទឹកសមុទ្រទេ»។ សូមបញ្ជាក់ថា ដោយសារតែកំណើនៃការវិនិយោគកំពុងមានសន្ទុះខ្លាំងនោះ ការអភិវឌ្ឍន៍នៅក្នុងខេត្តព្រះសីហនុ ក៏កំពុងតែមានសន្ទុះខ្លាំងណាស់ផងដែរ។ មួយរយៈនេះប្រជាពលរដ្ឋ ក៏បានប្រតិកម្មផងដែរ រឿងក្រុមហ៊ុនវិនិយោគមួយបានចាក់ដីលុបឆ្នេរព្រែកត្រែង ហើយដីនេះក៏បានហូរចូលទៅសមុទ្រផងដែរ។ ឆ្លើយតបការព្រួយបារម្ភនេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ការចាក់ដីនោះ…

ក្រសួងអប់រំនឹងចេញលទ្ធផលប្រឡងបាក់ឌុបថ្មី សម្រាប់ថ្នាក់វិទ្យាសាស្ត្រ នៅថ្ងៃស្អែក ក្រោយរកឃើញប្រព័ន្ធកុំព្យួទ័រមានកំហុសបច្ចេកទេស

FN ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៣ ខែកញ្ញានេះ បានចេញសេចក្តីប្រកាសព័ត៌មានបន្ទាន់មួយ ដោយសម្រេចនឹងចេញលទ្ធផលប្រឡងថ្មី នៃការប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៨ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ នៅថ្ងៃទី១៤ ខែកញ្ញាស្អែកនេះ បន្ទាប់ពីរកឃើញប្រព័ន្ធកុំព្យួទ័រ មានកំហុសបច្ចេកទេស។ យ៉ាងណាការប្រកាសថ្មីនេះ គឺសម្រាប់តែថ្នាក់វិទ្យាសាស្ត្រប៉ុណ្ណោះ ចំពោះថ្នាក់វិទ្យាសាស្ត្រសង្គម គឺមិនប៉ះពាល់ទេ។ ក្រសួងអប់រំបញ្ជាក់ថា បន្ទាប់រកឃើញកំហុសបច្ចេកទេសនេះ ធ្វើឲ្យលទ្ធផលនៃការប្រឡងសញ្ញាបត្របាក់ឌុបប្រែប្រួល ដោយចំនួនអ្នកជាប់កើតឡើងដល់ ៧៦,០៣៤នាក់ ស្មើនឹង៦៧.០៧ភាគរយ។ បេក្ខជនជាប់និទ្ទេស A មានចំនួន ៤០៨នាក់ និទ្ទេស B ចំនួន ២,២២២នាក់ និទ្ទេស C ចំនួន ៦,០៤១នាក់ និទ្ទេស D ចំនួន ១៥,១៨០នាក់ និងនិទ្ទេស E ចំនួន ៥,២១៨៣នាក់៕