FN ៖ ក្រសួងបរិស្ថានបានអះអាងថា ស្ថានភាពល្អក់កករទឹកនៅតាមឆ្នេរសមុទ្រមួយចំនួន រួមទាំងឆ្នេរព្រែកត្រែងផងនោះ មិនបង្កជាបញ្ហាប៉ះពាល់ធ្ងន់ធ្ងរនោះឡើយ។ ការល្អក់កករនេះ ដោយសារតែសកម្មភាពអភិវឌ្ឍនៅខេត្តព្រះសីហនុកំពុងមានច្រើន ហើយប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ច្រើនហូរនាំយកដីចូលទៅក្នុងសមុទ្រ ទើបនាំឲ្យមានបញ្ហាទាំងនេះតែម្តង។
ការចេញមកបញ្ជាក់ធ្វើឡើង ក្រោយពេលប្រជាពលរដ្ឋឃើញទឹកសមុទ្រនៅប៉ុន្មានថ្ងៃនេះបានប្រែជាល្អក់កករដោយសារតែដីហូរចូល ជាពិសេសនៅឆ្នេរព្រែកត្រែងតែម្តង។ បងប្អូនប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាំងខ្លាចស្ថានភាពនេះនាំឲ្យខូចទឹក និងឆ្នេរសមុទ្ររបស់ខ្មែរដែលជាប់ជាឆ្នេរស្អាតនៅលើពិភពលោក។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះថា៖ «សមុទ្រមានទឹកល្អក់នៅតំបន់ខ្លះ ដោយសារតែប៉ុន្មានថ្ងៃចុងក្រោយនេះ គឺនៅខេត្តព្រះសីហនុមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ ដែលបានច្រោះដីមួយចំនួន ចេញពីការដ្ឋានសាងសង់នានាទៅជាមួយ ហើយហូរចូលទៅក្នុងអូរ និងប្រឡាយ នាំយកចូលទៅក្នុងសមុទ្រ។ ខេត្តព្រះសីហនុបច្ចុប្បន្ននេះមានការអភិវឌ្ឍ និងមានការដ្ឋានសាងសង់ បុកគ្រឹះជាច្រើនដែលជាហេតុ ពេលភ្លៀងខ្លាំងនាំឱ្យមានការច្រោះដីទៅជាមួយខ្លះ។ បញ្ហានេះមិន មានអ្វីដែលព្រួយបារម្ភនិងប៉ះពាល់ដល់ទឹកសមុទ្រទេ»។
សូមបញ្ជាក់ថា ដោយសារតែកំណើនៃការវិនិយោគកំពុងមានសន្ទុះខ្លាំងនោះ ការអភិវឌ្ឍន៍នៅក្នុងខេត្តព្រះសីហនុ ក៏កំពុងតែមានសន្ទុះខ្លាំងណាស់ផងដែរ។ មួយរយៈនេះប្រជាពលរដ្ឋ ក៏បានប្រតិកម្មផងដែរ រឿងក្រុមហ៊ុនវិនិយោគមួយបានចាក់ដីលុបឆ្នេរព្រែកត្រែង ហើយដីនេះក៏បានហូរចូលទៅសមុទ្រផងដែរ។
ឆ្លើយតបការព្រួយបារម្ភនេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ការចាក់ដីនោះ គឺដើម្បីកែលំអ និងអភិវឌ្ឍឆ្នេរនៅតំបន់នោះឲ្យបានកាន់តែល្អប្រសើរ។ លោកអភិបាលខេត្ត បានឲ្យដឹងដែរថា ក្រុមហ៊ុនវិនិយោគនោះជារបស់ខ្មែរ មិនមែនរបស់ចិនដូចការលើកឡើងមួយចំនួននោះឡើយ។
ឆ្នេរសមុទ្រខ្មែរក្នុងខេត្តព្រះសីហនុនោះនាពេលបច្ចុប្បន្នកំពុងតែល្បាញល្បី និងជាទីចាប់អារម្មណ៍ខ្លាំងសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដោយសារតែភាពស្រស់ស្អាតនៃឆ្នេរ ដ៏សក្បុសនោះ និងទឹកសមុទ្រដ៏ថ្លា។ ដើម្បីបន្តរក្សាបាននូវភាពស្រស់ស្អាតនេះ ប្រជាពលរដ្ឋខ្មែរនៅតែចង់ឲ្យក្រសួងពាក់ព័ន្ធទាំងអស់មានចំណាត់ការឲ្យបានខ្ពស់បំផុត ក្នុងការថែរក្សាឆ្នេរសមុទ្រទាំងនោះ គួររកវិធីទប់ស្កាត់កុំឲ្យដីហូរធ្លាក់ទៅចូលទឹកសមុទ្រ ពួកគេជឿថា នៅពេលដីហូចូលសមុទ្រកាន់តែច្រើននឹងនាំឲ្យឆ្នេរលែងស្អាត ហើយទឹកសមុទ្រក៏នឹងមិនថ្លាល្អដូចពេលបច្ចុប្បន្ននោះដែរ៕