សុន្ទរកថា និងសេចក្តីដកស្រង់ប្រសាសន៍ ពិធីបើកបុណ្យទន្លេលើកទី ៦ ក្រោមប្រធានបទ «ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព»

សម្តេច ឯកឧត្តម លោកជំទាវ ឯកឧត្តម លោកជំទាវ ឯកអគ្គរដ្ឋទូត និងតំណាងអង្គទូត ឯកឧត្តម លោកជំទាវ លោក លោកស្រីភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ បងប្អូនជនរួមជាតិជាទីមេត្រី! រាត្រីនេះខ្ញុំមានសេចក្តីរីករាយដោយបានមកចូលរួមនៅក្នុងពិធីបុណ្យទន្លេលើកទី ៦ ក្រោមប្រធានបទ «ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព» ដែលប្រព្រឹត្តទៅយ៉ាងអធិកអធមនាពេលនេះ។ ខ្ញុំសូមថ្លែងអំណរគុណចំពោះវត្តមានសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមសប្បាយរីករាយជាមួយក្រុមគ្រួសារ និងញាតិមិត្តក្នុងពិធីបុណ្យទន្លេ ដែលជាការបង្ហាញអំពីសាមគ្គីភាព ហើយក៏ជាការចូលរួមផ្សព្វផ្សាយដើម្បីជំរុញកំណើនទេសចរណ៍ តាមដងទន្លេកម្ពុជា។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការអន្តរក្រសួង ក្រសួងទេសចរណ៍ ក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តបាត់ដំបង និងវិស័យឯកជនដែលបានរួមសហការគ្នាយ៉ាងសកម្មរៀបចំពិធីបុណ្យដ៏មានសារៈសំខាន់នេះ។ ការរៀបចំឱ្យមានបុណ្យទន្លេជារៀងរាល់ឆ្នាំ គឺជាការបង្ហាញអំពីសក្តានុពលទេសចរណ៍តាមដងទន្លេកម្ពុជា ជាពិសេសខេត្តបាត់ដំបងដែលស្ថិតនៅប៉ែកពាយព្យ និងចំកណ្តាលនៃបណ្តាខេត្តសំខាន់ៗនៃប្រទេសកម្ពុជា ហើយក៏ជាខេត្តដែលសម្បូរបេតិកភណ្ឌវប្បធម៌ និងតំបន់ទេសចរណ៍ធម្មជាតិ រមណីយដ្ឋានទេស​ចរណ៍ ធម្មជាតិ វប្បធម៌ប្រវត្តិសាស្ត្រ និងកសិទេសចរណ៍ សំណង់ ស្ថាបត្យកម្មដ៏ប្រណតិជាច្រើនកនែ្លងដែលបន្សល់ទុកដោយឤណានិគមបារាំង និងកំពុងទាក់ទាញភ្ញៀវទេសចរចម្រុះជាតិសាសន៍ បានមកកម្សាន្ត និងសិក្សាស្វែងយល់។ បច្ចុប្បន្ន វិស័យទេសចរណ៍កម្ពុជាកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិយើង។ ជាក់ស្តែង…

សេចក្តីដកស្រង់ប្រសាសន៍ ពិធីចែកសញ្ញាបត្រដល់និស្សិត នៃវិទ្យាស្ថាន វ៉ាន់ដា

ក្រមាខ្មែរថែសុខភាព ដំបូងខ្ញុំសុំបង្ហាញ អំពីឯកសណ្ឋានថ្មី។ នេះជាក្រវាត់កជំនាន់កូរ៉ូណា។ ម្សិលមិញបាន​ពាក់ឯកសណ្ឋានបែបនេះទៅកាន់ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ ៥៥ និងបើកការដ្ឋានផ្លូវជាតិលេខ ១០ ដែលតភ្ជាប់ពីខេត្តបាត់ដំបងទៅខេត្តកោះកុង។ ថ្ងៃនេះ ពាក់(ក្រមា)មកកាន់ទីនេះ ហើយពីពេលនេះរហូតដល់បញ្ចប់វីរុសកូរ៉ូណា ខ្ញុំនៅតែពាក់បែបនេះ។ ខ្ញុំគិតថា វាក៏ជាផ្នែកមួយ ដើម្បីដោះស្រាយរឿងម៉ាសឡើងថ្លៃ។ ម៉ាស់វាមិនសូវមានប្រយោជន៍ប៉ុន្មានទេ យ៉ាងច្រើន ៥ ម៉ោង ត្រូវប្ដូរវាម្ដង។ ក្រមាអត់មានបញ្ហាទេ ក្រោមពាក្យស្លោក “ក្រមាខ្មែរថែសុខភាព”។ អញ្ចឹងទេ អ្នកដែលចង់បង់កក្រមាក៏បង់ទៅ អ្នកដែលចង់ពាក់ម៉ាសក៏ពាក់ទៅ គឺជារឿងដែលទាក់ទងជាមួយសុខភាពរបស់យើង។ ចំនួននិស្សិតស្ត្រីច្រើនជាងបុរស ស្តែងពីការលើកស្ទួយសមភាពយេនឌ័រ ថ្ងៃនេះ ខ្ញុំរីករាយ ដែលបានមកចូលរួមសាជាថ្មីម្ដងទៀត ក្នុងការចែកសញ្ញាបត្រ សម្រាប់ជ័យលាភី ចំនួន ៣ ៤៥៨ នាក់ នៅវិទ្យាស្ថាន វ៉ាន់ដា ដែលនេះ គឺជាផ្នែកដ៏សំខាន់មួយ នៃការអភិវឌ្ឍធនធានមនុស្សរបស់យើង។ ខ្ញុំពិតជាមានការរីករាយ ដែលបានស្ដាប់របាយការណ៍របស់ឯកឧត្តម បណ្ឌិត ហេង វ៉ាន់ដា ទាក់ទងជាមួយនឹងជាមួយនឹងវឌ្ឍនភាព នៃវិទ្យាស្ថានរបស់យើង ដែលបានឆ្លើយតបទៅនឹងតម្រូវការនៃការបណ្ដុះបណ្ដាលធនធានមនុស្សរបស់យើង ហើយយើងនៅតែបន្តការខិតខំតទៅទៀត…

សេចក្ដីដកស្រង់ប្រសាសន៍ សម្ពោធដាក់ឱ្យប្រើប្រាស់នូវ ផ្លូវជាតិ លេខ៥៥ និងប្រកាសបើកការដ្ឋាន​ ផ្លូវជាតិ លេខ១០

រីករាយចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់នូវ ផ្លូវជាតិ លេខ ៥៥ ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយបង្គំព្រះតេជព្រះគុណ ព្រះអនុគុណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ។ ឯកឧត្តម Wang WenTian អគ្គរដ្ឋទូតវិស្សមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងប្រិយមិត្តចិន។ សម្តេច ឯកឧត្តម និងលោកជំទាវ អស់លោក លោកស្រី ដែលបានចូលរួម។ សូមគោរពចំពោះលោកយាយ លោកតា បងប្អូនជនរួមជាតិទាំងអស់ជាទីគោរព ស្រលាញ់ និងនឹករលឹកពីខ្ញុំព្រះករុណាខ្ញុំ។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយដែលបានមកចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់នូវផ្លូវលេខ ៥៥ ប្រវែង ១៨២ គីឡូម៉ែត្រ  និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ១០ ប្រវែង ១៩៨ គីឡូម៉ែត្រ។ នេះជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ព្រះរាជាណាចក្រកម្ពុជា និយាយជារួម និងសម្រាប់បងប្អូនដែលរស់នៅក្នុងតំបន់នេះនិយាយដោយឡែក។ «អរគុណសន្តិភាព» … ស្រុកវាលវែង ជួរភ្នំក្រវាញ កម្រត្រួតត្រាបានដោយរដ្ឋាភិបាល មុនចូលដល់បញ្ហាទាក់ទិនជាមួយនឹងបញ្ហានិយាយដល់ផ្លូវនេះ ខ្ញុំព្រះករុណាខ្ញុំ គួរតែស្រែកថា «អរគុណ សន្តិភាព» ហើយក៏សុំនិទានរឿងបន្តិចទាក់ទងនឹងតំបន់នេះ និងការតភ្ជាប់ពីតំបន់នេះ តើស្ថានភាពវាបែបណា។ ហើយថ្ងៃនេះកាលពីអតីតកាលស្ថានភាពបែបណា?…