សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិភាក្សាអំពីពាណិជ្ជកម្មសេរី និងសេដ្ឋកិច្ចសកលលោកជាមួយមេដឹកនាំអាស៊ាន

នៅថ្ងៃទី ១៤ វិច្ឆិកា ឆ្នាំ ២០១៨ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ជាមួយនឹងថ្នាក់ដឹកនាំអាស៊ាន និងពិភាក្សាការងារទាក់ទងទៅនឹងប្រធានបទ ពាណិជ្ជកម្មសេរី និងសេដ្ឋកិច្ចសកលលោក។ ប្រមុខដឹកនាំនៃប្រទេសអាស៊ានទាំងអស់ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯ.ឧ ចាសស្ទីន ទ្រូដូ (Justin Trudeau) នាយករដ្ឋមន្រ្តីកាណាដា ឯ.ឧ សេបាសស្ទៀន ពីណេរ៉ា (Sebastian Pinera) ប្រធានាធិបតីនៃសាធារណរដ្ឋឈីលី និងលោកជំទាវ គ្រីស្ទីន ឡាហ្កាដ (Christine Lagarde) នាយកគ្រប់គ្រងមូលនិធិហិរញ្ញវត្ថុអន្តរជាតិ (IMF) ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នេះ។ មេដឹកនាំអាស៊ានបានចាត់ទុកថា នេះគឺជាវេទិកាដ៏កម្រមិនធ្លាប់មានពីមុនមក ហើយស្ថិតក្រោមប្រធានបទមួយដែលមានសារសំខាន់ខ្លាំងណាស់សម្រាប់តំបន់ និងសកលលោក ដែលស្ថិតនៅក្នុងបរិការណ៍សេដ្ឋកិច្ច និងពាណិជ្ជកម្មបច្ចុប្បន្ន។ ជាក់ស្តែងការកើនឡើងនៃនិន្នាការគាំពារនិយម សកម្មភាពពាណិជ្ជកម្មឯកតោភាគី និងសង្រ្គាមពាណិជ្ជកម្ម បាននិងកំពុងតែដាក់សម្ពាធ និងគំរាមកំហែងដល់ស្ថិរភាពកំណើនសេដ្ឋកិច្ច និងវិបុលភាពនៃតំបន់ ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍។ ក្នុងបរិកាណ៍នេះ អាស៊ានកំពុងតែប្រឹងប្រែងជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ឲ្យកាន់តែស៊ីជម្រៅ តាមរយៈការពន្លឿនការធ្វើពាណិជ្ជកម្មសេរី តួយ៉ាង អាស៊ានបានខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំក្នុងការជំរុញសម្រេចឲ្យបាននូវភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់…

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-រុស្ស៊ី លើកទី ៣

កាលពីរសៀលថ្ងៃទី ១៤ វិច្ឆិកា ២០១៨ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល អាស៊ាន-រុស្ស៊ី លើកទី ៣ នៅប្រទេសសិង្ហបុរី ដែល មានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងប្រធានាធិបតីរុស្ស៊ី។ ប្រមុខដឹកនាំនៃប្រទេសអាស៊ានទាំងអស់បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯឧ វ៉្លាឌីមៀ ពូទីន ប្រធានាធិប តីនៃសហព័ន្ធរុស្សី ហើយបានចាត់ទុកថាវត្តមានរបស់លោកប្រធានាធិបតីមិនត្រឹមតែឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់រុស្សីចំពោះទំនាក់ទំនងអាស៊ាន-រុស្សី តែប៉ុណ្ណោះទេ ប៉ុន្តែបានរិតចំណងទាក់ទងនេះឲ្យកាន់តែស្អិតរមួត និងស៊ីជម្រៅថែមទៀតផង។ ថ្លែងនៅក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា សម្តេចសូមវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពគួរឲ្យកត់សំគាល់នៃកិច្ចសហប្រតិបត្តិការ អាស៊ាន-រុស្សី ជាពិសេស បន្ទាប់ពីការរៀបចំដោយជោគជ័យនូវកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ អាស៊ាន-រុស្សី កាលពីឆ្នាំ ២០១៦ នៅទីក្រុងសូឈី សហព័ន្ធរុស្សី។ សុន្ទរកថារបស់សម្តេចតេជោនាយករដ្ឋមន្រ្តី គឺបានជំរុញអោយភាគីទាំងពីរខិតខំបន្ថែមទៀត ដើម្បីសម្រេចបានតាមផែនការសកម្មភាពគ្រប់ជ្រុងជ្រោយ អាស៊ាន-រុស្សី ឆ្នាំ២០១៦-២០២០ ដើម្បីបង្កើនល្បឿន និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែស៊ីជម្រៅថែមទៀត។ សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ផងដែរថា គួររៀបចំឲ្យមាននូវកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំអាស៊ាន និងរុស្សី ឲ្យបានទៀងទាត់ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ អាស៊ាន-រុស្សី…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ស្តីពីភាពជាដៃគូសេដ្ឋកិច្ចតំបន់ទូលំទូលាយលើកទី ២

នៅរសៀលថ្ងៃទី ១៤ វិច្ឆិកា ដដែលនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម កិច្ចប្រជុំកំពូលស្តីពីភាពជាដៃគូសេដ្ឋកិច្ចតំបន់ទូលំទូលាយលើកទី ២ ដែលមានការចួលរួមពីមេដឹកនាំអាស៊ានទាំងអស់ ដែលបានចាត់ទុកថា ការប្រែប្រួលភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចពិភពលោក និងការបង្កើតតំបន់ពាណិជ្ជកម្មសេរីទូលំទូលាយនេះ គឺពិតជាមានសារសំខាន់ខ្លាំងណាស់ក្នុងការធ្វើឲ្យសេដ្ឋកិច្ចក្នុងតំបន់អាស៊ី ក្លាយទៅជាប៉ូលសេដ្ឋកិច្ចស្នូល ដែលជួយរក្សាស្ថិរភាពនយោបាយ និងស្ថិរភាពសេដ្ឋកិច្ចសកលលោក ព្រមទាំងអាចជួយទប់ស្កាត់នូវនយោបាយគាំពារនិយម និងការរីករាលដាលនៃសង្រ្គាមពាណិជ្ជកម្ម។ ថ្លែងទៅកាន់មេដឹកនាំនៃប្រទេសជាដៃគូសេដ្ឋកិច្ចទូលំទូលាយ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ថ្វីត្បិតតែកម្ពុជាជាប្រទេសអភិវឌ្ឍន៍តិចតួច ប៉ុន្តែកម្ពុជាសូមជំរុញឲ្យក្រុមអ្នកចរចាខិតខំពុះពារនូវឧបសគ្គតាមវិស័យនីមួយៗឲ្យបញ្ចប់ការចរចាតាមអាណត្តិ ដែលផ្តល់ដោយថ្នាក់ដឹកនាំនៃប្រទេសសេដ្ឋកិច្ចទូលំទូលាយ ទោះជាកម្ពុជាត្រូវធ្វើការកែទម្រង់លិខិតបទដ្ឋានមួយចំនួន ព្រមទាំងត្រូវផ្តល់នូវការសម្របសម្រួលជាច្រើនជាមួយបណ្តាប្រទេសដៃគូដទៃទៀតក៏ដោយ។ កម្ពុជានៅតែរក្សាជំហរ និងឯកភាពជាមួយថ្នាក់ដឹកនាំនៃប្រទេសសេដ្ឋកិច្ចទូលំទូលាយទាំងអស់ថា កិច្ចព្រមព្រៀងនៃប្រទេសសេដ្ឋកិច្ចទូលំទូលាយ ត្រូវតែជាកិច្ចព្រមព្រៀងដែលមានលក្ខណៈទំនើបគ្រប់ជ្រុងជ្រោយ មានគុណភាពខ្ពស់ និងផ្តល់ផលប្រយោជន៍ឲ្យគ្រប់សមាជិកទាំងអស់ ទោះបីជាផលប្រយោជន៍នោះមិនទទួលបានចំណែកស្មើៗគ្នា ដោយសារភាពខុសគ្នានៃទំហំ និងស្ថានភាពសេដ្ឋកិច្ច ព្រមទាំងដោយសារកម្រិតនៃសមត្ថភាពប្រកួតប្រជែងមិនដូចគ្នាក៏ដោយ។ មេដឹកនាំទាំងអស់ ដែលមានវត្តមានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលស្តីពីភាពជាដៃគូសេដ្ឋកិច្ចតំបន់ទូលំទូលាយ បានឯកភាពគ្នាឈានទៅចេញសេចក្តីប្រកាសរួមរបស់ប្រធានកិច្ចប្រជុំ និងរបាយការណ៍រដ្ឋមន្រ្តីនៃកិច្ចប្រជុំថ្នាក់ដឹកនាំនៃភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់៕