សម្តេចតេជោ ហ៊ុន សែន ទាត់ចោលឯកសារក្លែងក្លាយដែលចែកចាយលើបណ្តាញទំនាក់ទំនងសង្គម អំពីផែនការកាត់បន្ថយក្រសួងរបស់រាជរដ្ឋាភិបាល

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ប្រាប់ក្នុងកិច្ចសម្ភាសន៍ជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះថា សម្តេចសូមប្រកាសទាត់ចោលឯកសារក្លែងក្លាយមួយ ដែលបានចែកចាយលើបណ្តាញទំនាក់ទំនងសង្គមថា រាជរដ្ឋាភិបាល មានផែនការកាត់បន្ថយក្រសួងទាំងអស់ មកត្រឹមចំនួន១៦ក្រសួង ហើយសម្តេចតេជោបានចាត់ទុកថា ការបង្កើតឯកសារក្លែងក្លាយនេះជាផែនការដ៏អាក្រក់របស់ជនទុច្ចរិត ដែលមានបំណងចង់បំផ្លាញទំនុកចិត្តលើប្រព័ន្ធការងាររបស់រាជរដ្ឋាភិបាល។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖«ឯកសារនេះ គឺជាឯកសារក្លែងក្លាយសុទ្ធសាធ និងជាផែនការដ៏អាក្រក់មួយដើម្បីបំផ្លាញទំនុកចិត្តលើមន្រ្តី និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដូច្នេះសូមប្រកាសទាត់ចោលទាំងស្រុងនូវឯកសារក្លែងមួយនេះ»។ សូមជំរាបថា ឯកសារក្លែងមួយនេះត្រូវបានឃើញគេចែកចាយតៗគេនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook និង Telegram កាលម្សិលមិញ និងថ្ងៃនេះ ហើយឯកសារក្លែង​នេះក៏ត្រូវបានគេបង្កើតឡើង បន្ទាប់សម្តេចតេជោ ហ៊ុន​ សែន ក្នុងវេទិកាជួបជាមួយកម្មករ នៅខេត្តកំពត បានប្រកាសថា នៅថ្ងៃខាងមុខការិយាល័យ ឬមន្ទីររបស់ក្រសួងមួយចំនួននៅតាមស្រុកនឹងត្រូវលុបចោល គឺទុកតែការិយាល័យប្រតិបត្តិការកងទ័ព នគរបាល សុខាភិបាល អប់រំ និងរៀបចំដែនដីតែប៉ុណ្ណោះ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងកាត់បន្ថយលើការចំណាយថវិកាជាតិ៕

សារលើហ្វេសប៊ុក ស្តីពី «ការរីកចម្រើនមិននឹងស្មានដល់របស់កម្ពុជា»

អរុណសួស្តី បងប្អូនជនរួមជាតិ មើលរូបថតខ្ញុំ និងភរិយា គឺមិនគួរអោយជឿថា កម្ពុជាយើងបានរីកចម្រើនលឿនមកដល់ដំណាក់កាលនេះ! យើងលំបាកវេទនាខ្លាំងណាស់ ទម្រាំបានឆ្លងរួចផុតពីសង្រ្គាម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ នៅពេលនេះ យើងឃើញស្រាប់នឹងភ្នែកហើយ សំណង់អាគារទាបខ្ពស់តូចធំ ផ្លូវថ្នល់ខ្វាត់ខ្វែង ស្ពានអាកាស និងរោងចក្រ សាលារៀន មន្ទីរពេទ្យ បូរី សណ្ឋាគារ និងផ្សារទំនើប … កំពុងកើតឡើងយ៉ាងច្រើនបន្តបន្ទាប់នៅក្នុងប្រទេស។ កម្ពុជាធ្លាប់បានឆ្លងកាត់ឆ្អែត ដោយសារសង្រ្គាម និងរបបប្រល័យពូជសាសន៍ ដូច្នេះយើងត្រូវតែទប់ស្កាត់មិនអោយកើតមានឡើងសាជាថ្មីទៀតឡើយ។ ខ្ញុំសប្បាយចិត្ត និងមានជំនឿជឿជាក់លើការខិតខំប្រឹងប្រែងរបស់បងប្អូន និងការចូលរួមដ៏សកម្មពីវិស័យឯកជន ដែលបានកែប្រែជីវភាពរស់នៅរបស់ពលរដ្ឋកាន់តែល្អប្រសើរ ព្រមទាំងបានជួយពង្រឹងដល់ខឿនសេដ្ឋកិច្ចជាតិរឹងមាំទៀតផង។ នៅក្រោមការដឹកនាំរបស់ខ្ញុំ គឺសូមធានាច្បាស់ថា កម្ពុជានឹងបន្តរស់នៅក្នុងម្លប់សន្តិភាពដ៏យូរអង្វែង ដែលជាបំណងប្រាថ្នារបស់ប្រទេសជាតិយើងទាំងមូល។ ខ្ញុំ និងភរិយា សូមជូនពរបងប្អូនជួបតែសេចក្តីសុខ និងសំណាងល្អ!