សារនៅលើហ្វេសប៊ុក អំពីការផ្ដល់ថវិកាជាតិឧបត្តម្ភជូនជនរងគ្រោះ និងគ្រួសារសពបាត់បង់ជីវិត ដោយសារការបាក់អាគារនៅខេត្តព្រះសីហនុ

បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់។ សោកនាដកម្មបាក់អាគារនៅខេត្តព្រះសីហនុ គឺជារឿងឈឺចាប់របស់ជាតិយើង ពិសេសក្រុមគ្រួសារនៃអ្នកដែលបានបាត់បង់ជិវិតដែលជាភរិយា ឬស្វាមី ឬកូន ឬឪពុកម្តាយ។ល។ ដើម្បីចូលរួមមរណទុក្ខ និងជួយដល់ជីវភាពក្រុមគ្រួសារ ក្នុងនាមរាជរដ្ឋាភិបាលខ្ញុំសម្រេចបញ្ចេញថវិកាជាតិជួយដល់ក្រុមគ្រួសារអ្នកស្លាប់ក្នុងមួយនាក់ ៤០ លានរៀល(សែសឹបលានរៀល)ឬ ១ មុឺនដុល្លា(10.000$)។ សម្រាប់អ្នកត្រូវរបួសទាំងអស់ត្រូវទទួលបានការព្យាបាលដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ និងទទួលបានជំនួយក្នុងមួយនាក់ចំនួន៥លានរៀល(ប្រាំលានរៀល)។ ឯកឧត្តម​ ប៊ិន ឈិន​ ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្ត្រីទទួលចាត់ចែងថវិកានេះជូនបងប្អូន។ យប់នេះខ្ញុំនៅបន្តតាមដានការងាររុករក និងសង្រ្គោះជាមួយបងប្អូនតទៅទៀត៕

សម្តេចតេជោ ហ៊ុន សែន និងប្រធានាធិបតីគីជីស្ថាន ជួបជជែកគ្នារកវិធីលើកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ

FN ៖ លើទឹកដីនៃទីក្រុងឌូសាន់បេ ប្រទេសតាជីគីស្ថានកន្លែងចូលរួមសន្និសីទកំពូលលើកទី៥ ស្តីពីអន្តរសកម្មភាព និងការកសាងទំនុកចិត្តអាស៊ី នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ស៊ូរូនបាយ ជីនបេកូវ (Sooronbay Jeenbekov) ប្រធានាធិបតីគីជីស្ថាន បានជួបជជែកលើការងារមួយចំនួនស្វែងរកការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ។ បើតាមលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ជាកិច្ចចាប់ផ្តើមនៃជំនួបនោះ សម្តេចតេជោ ហ៊ុន សែន និងប្រធាធាធិបតីគីជីស្ថាន សុទ្ធតែបានបង្ហាញនូវភាពរីករាយដែលបានជួបជជែកគ្នា។ ពាក់ព័ន្ធទំនាក់ទំនងទ្វេភាគី សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ទំនាក់ទំនងកម្ពុជា និងគីជីស្ថាន មានរយៈពេល២៤ឆ្នាំហើយ បន្ទាប់ពីបានចុះកិច្ចព្រមព្រៀងកាទូតជាមួយគ្នានៅឆ្នាំ១៩៩៥។ សម្ដេចតេជោ បានគូសបញ្ជាក់ថា មកដល់ពេលបច្ចុប្បន្នទំនាក់ទំនងប្រទេសទាំងពីរនៅមានកម្រិតតិចតួចនៅឡើយ ដូច្នេះសម្ដេចស្នើឲ្យមានការតែងតាំងឯកអគ្គរដ្ឋទូតប្រចាំនៅប្រទេសទាំង២ ដើម្បីជំរុញទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែប្រសើរ។ ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះ សម្តេចតេជោ ក៏បានស្នើឱ្យមានការចុះអនុស្សារណៈដើម្បីពិគ្រោះយោបល់លើផ្នែកនយោបាយ ក៏ដូចជាការចុះអនុស្សរណៈរវាងក្រសួងការពារប្រទេសនៃប្រទេសទាំងពីរដើម្បីអាចពិភាក្សាធ្វើការជាមួយគ្នា។ សម្តេចតេជោ ហ៊ុន សែន ក៏ចង់ឱ្យមានការពិភាក្សាលើទំនាក់ទំនងអន្តរជាតិជាមួយសម្ព័ន្ធភាពអាស៊ី-អឺរ៉ុប ដែលកម្ពុជានឹងអាចនាំចេញក្រណាត់ និងសម្លៀកបំពាក់មកផងដែរ។…

សម្តេចតេជោ ហ៊ុន សែន និងប្រធានាធិបតីតួកគី ចង់ឃើញទំហំពាណិជ្ជកម្ម ឡើងដល់ ១ពាន់លានដុល្លារ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក តាយយីប អ៊ែរដូហ្កាន (Recep Tayyip Erdoğan) ប្រធានាធិបតីតួកគី បានបង្ហាញបំណងដូចគ្នាចង់ឃើញទំហំពាណិជ្ជកម្មរវាងកម្ពុជា និងតួកគីកើនឡើងដល់ ១ពាន់លានដុល្លារអាមេរិក ខណៈពេលបច្ចុប្បន្នមានត្រឹមប្រមាណ ៩១លានដុល្លារប៉ុណ្ណោះ។ បំណងរួមគ្នាចង់ឃើញទំហំពាណិជ្ជកម្មកម្ពុជា និងតួកគីរីកធំធាត់នេះ ត្រូវបានស្តែងឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន និងលោក អ៊ែរដូហ្កាន នៅតាជីគីស្ថាន ទីកន្លែងដែលមេដឹកនាំប្រទេសទាំងពីអញ្ជើញចូលរួមសន្និសីទកំពូលស្តីពីអន្តរសកម្មភាព និងការកសាងទំនុកចិត្តអាស៊ីលើកទី៥ នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះ។ ដើម្បីជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យសម្រេចបានតាមការចង់ប៉ុនប៉ងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកជាគំនិតឱ្យរៀបចំបញ្ជីទំនិញ ដែលអាចនាំចេញ នាំចូលរវាងប្រទេសទាំងពីរ ពោលតើទំនិញអ្វីដែលកម្ពុជាអាចនាំទៅតួកគីបាន ហើយតួកគីអាចនាំទំនិញអ្វីមកកម្ពុជាបាន? ដោយឡែកលោកប្រធានាធិបតីតួកគី បានលើកជាគំនិតឱ្យជំរុញអ្នកវិនិយោគ និងពាណិជ្ជករតួកគី និងកម្ពុជា រកស៊ីជាមួយគ្នាឱ្យកាន់តែច្រើន។ ក្នុងជំនួបនេះក្រៅពីជជែកលើការបង្កើនទំហំពាណិជ្ជកម្មហើយនោះ សម្តេចតេជោ ហ៊ុន សែន និងលោក អ៊ែរដូហ្កាន ក៏បានពិភាក្សាលើការពង្រឹងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។ ជាពិសេសការរៀបចំនូវពិធីផ្សេងៗ ដើម្បីអបអរសាទរដល់ចំណងការទូត៦០ឆ្នាំនៃប្រទេសទាំងពីរ។ ពាក់ព័ន្ធការប្រារព្ធពិធីអបអរសាទរខួប៦០ឆ្នាំនៃទំនាក់ទំនងកម្ពុជា និងតួកគីនេះ…