ថ្ងៃស្អែកការដង្ហែក្បួនឃោសនារកសំឡេងឆ្នោតចាប់ផ្តើមហើយ! សូមអានសេចក្តីណែនាំរបស់ គ.ជ.ប ស្តីពីការដង្ហែក្បួននេះ

FN ៖ ការដង្ហែក្បួនឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី២០​ ខែឧសភា ឆ្នាំ២០១៧ស្អែកនេះហើយ។ យុទ្ធនាការដង្ហែក្បួនឃោសនារកសំឡេងឆ្នោតនេះ មានរយៈពេល ១៤ថ្ងៃ ពោលគឺនឹងត្រូវបិទបញ្ចប់វិញនៅថ្ងៃទី០២ ខែមិថុនា។ ដើម្បីបញ្ចៀសបញ្ហាផ្សេងៗ ដែលអាចកើតមានក្នុងពេលឃោសនារកសំឡេងឆ្នោតនេះ គណៈកម្មការធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីណែនាំមួយឲ្យគណបក្សនយោបាយទាំង ១២ ដែលបានចុះឈ្មោះចូលរួមប្រកួតប្រជែង គោរពឲ្យបានខ្ជាប់ខ្ជួន។

គ.ជ.ប ចាប់ផ្តើមបើកកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីការឃោសនាបោះឆ្នោតឃុំ-សង្កាត់

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅម៉ោង១០៖២០នាទីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ នេះ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី ការឃោសនាបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក ឯម សុផាត សមាជិក គ.ជ.ប។ គ.ជ.ប បានបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់ ធ្វើឡើងរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ហើយសកម្មភាពដើរឃោសនានេះ គ.ជ.ប អនុញ្ញាតឲ្យគណបក្សនយោបាយ ធ្វើតែ២ដងប៉ុណ្ណោះ ក្នុងអំឡុងពេល ១៤ថ្ងៃនេះ។ ដោយឡែក ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នឹងប្រព្រឹត្តទៅរយៈពេល១ថ្ងៃ នៅថ្ងៃអាទិត្យ ទី០៤ ខែឧសភា ឆ្នាំ២០១៧ ខាងមុខ ពោលគឺនៅសល់តែ១៦ថ្ងៃទៀតប៉ុណ្ណោះ៕

គ.ជ.ប ផ្តល់ប័ណ្ណព័ត៌មាន អ្នកបោះឆ្នោតជូនពលរដ្ឋ ជាង៧លាន

DAP ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ថា ​លទ្ធផលបណ្ដោះអាសន្ន នៃការផ្តល់ប័ណ្ណព័ត៌មានអ្នកបោះឆ្នោត គិតត្រឹមថ្ងៃទី១៧ ខែមេសា ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧មានចំនួន៧,៣៦៥,៩១៨ប័ណ្ណ ក្នុងចំណោម៧,៨៦៥,០៣៣ប័ណ្ណ៕