គ.ជ.ប ចេញសេចក្តីប្រកាស សរុបព្រឹត្តិការណ៍ទូទៅនៃយុទ្ធនាការឃោសនាបោះឆ្នោត២១ថ្ងៃ នៅកម្ពុជា

FN ៖ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសមួយទៀត បង្ហាញលទ្ធផលសរុបព្រឹត្តិការណ៍ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ រយៈពេល២១ថ្ងៃ ដែលបានបិទបញ្ចប់នៅល្ងាចថ្ងៃសុក្រម្សិលមិញនេះ។ តាមសេចក្តីប្រកាសរបស់គ.ជ.ប ដែលបណ្តាញព័ត៌មាន ​Fresh News ទទួលបាន បញ្ជាក់ថា ក្នុងរយៈពេល២១ថ្ងៃមកនេះ យុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយទាំង២០ មានប្រជាពលរដ្ឋ ចេញទៅហែរក្បួនប្រមាណជិត២លាននាក់ ដែលធ្វើសកម្មភាពឃោសនានៅតាមដងផ្លូវ ប្រជុំ និងចែកខិត្តបណ្ណ។ ចំពោះរថយន្តដែលបានប្រើប្រាស់ក្នុងរយៈពេលឃោសនានេះ គឺមានប្រមាណជាង៦ម៉ឺនគ្រឿង ចំណែកម៉ូតូមានប្រមាណជាង៣សែនគ្រឿងផងដែរ៕

គ.ជ.ប ចេញសេចក្តីអំពាវនាវស្តីពីការរក្សាភាពស្ងប់ស្ងាត់នៅថ្ងៃស និងថ្ងៃបោះឆ្នោត

FN ៖ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានចេញលិខិតមួយ ដោយអំពាវនាវដល់គ្រប់គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ អ្នកគាំទ្រគណបក្សនយោបាយ រួមនឹងអ្នកគ្រប់គ្រងបណ្តាញផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវរក្សាភាពស្ងប់ស្ងាត់ នេះបើយោងតាមសេចក្តីអំពាវនាវរបស់គ.ជ.ប នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ។ តាមសេចក្តីអំពាវនាវ បានឲ្យដឹងថា «យោងតាមមាត្រា៧២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សកម្មភាពឃោសនាបោះឆ្នោតត្រូវបញ្ឈប់២៤ម៉ោង មុនថ្ងៃបោះឆ្នោត។ គ.ជ.ប សួមអំពាវនាវ ដល់គ្រប់គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ អ្នកគាំទ្រគណបក្សនយោបាយ រួមនឹងអ្នកគ្រប់គ្រងបណ្តាញផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវរក្សាភាពស្ងប់ស្ងាត់ ចាប់ពីម៉ោង១២៖០០យប់ ថ្ងៃទី២៧ រហូតដល់ម៉ោង១២៖០០យប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨»៕

អ្នកសារព័ត៌មានអន្តរជាតិ២០៣នាក់ មកពី៦៦អង្គភាព ត្រូវបានគ.ជ.ប ផ្តល់បណ្ណផ្លូវការ ដើម្បីយកព័ត៌មានបោះឆ្នោត

FN ៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ ជាថ្ងៃចុងក្រោយ នៃការទទួលពាក្យចុះឈ្មោះអ្នកសារព័ត៌មានអន្តរជាតិ។ នេះបើតាមសេចក្តីប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅល្ងាចនេះ។ បើតាមសេចក្តីប្រកាសរបស់គ.ជ.ប គិតត្រឹមល្ងាចថ្ងៃចុងក្រោយនេះ គ.ជ.ប បានផ្តល់បណ្ណអ្នកសារព័ត៌មាន ជូនដល់អ្នកសារព័ត៌មានអន្តរជាតិ ចំនួន២០៣នាក់ មកពី៦៦ស្ថាប័ន នៅជុំវិញពិភពលោក ដើម្បីចូលរួមយកព័ត៌មាននៅថ្ងៃបោះឆ្នោត។ ទីភ្នាក់ងារសារព័ត៌មានសំខាន់ៗ មានដូចជា AFP, Thomson Reuters, AP, EPA, Xinhua, Aljazeera, Kyodo, Channel News Asia, NHK, Cambodia Sin Chew Daily និង កាសែតបារាំង Le Monde ជាដើម៕