ដកស្រង់សេចក្ដីអធិប្បាយ, ពិធីបិទវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាន

ឯកឧត្តមនាយករដ្ឋមន្រ្តី ង្វៀន ស៊នហ្វ៊ុក ឯកឧត្តមនាយករដ្ឋមន្រ្តី ថងលូន ស៊ីស៊ូលីត ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី! អម្បាញ់មិញ យើងបាននិយាយរួចហើយនូវវេទិកាសេដ្ឋកិច្ចពិភពលោក នៅពេលនេះបានឈានដល់ទីបញ្ចប់ ជាមួយនឹងជោគជ័យដែលយើងបានរួមគ្នាបង្កើតឡើង។ ហើយនេះ ក៏បង្ហាញពីភាពសុខដុមរមនានៅក្នុងក្របខណ្ឌអាស៊ាន ហើយដែលនោះហើយ ជាថាមពលធំបំផុតរបស់តំបន់របស់យើង។ ខ្ញុំរីករាយ ជាមួយនឹងការអញ្ជើញចូលរួមពីសំណាក់បណ្ដាមិត្តភក្ដិទាំងអស់ ដែលបានអញ្ជើញមកកាន់ទីក្រុងភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមជាមួយ បង្ហាញឲ្យឃើញថា ពេលនេះយើងបានធ្វើការជាក្រុម នៅក្នុងក្របខណ្ឌអាស៊ានក្តី និងនៅក្នុងការរៀបចំដោយការចូលរួមរបស់អ្នកទាំងឡាយ ដែលចូលរួមនៅក្នុងវេទិកាដ៏ធំនេះ។ ហើយខ្ញុំសង្ឃឹមថា វេទិកាសេដ្ឋកិច្ចពិភពលោករបស់យើងនេះ នឹងក្លាយទៅជាវេទិកាដ៏សំខាន់ ដើម្បីរារាំងនៅនយោបាយគាំពារនិយម, ដែលនឹងពង្រីកនូវស្មារតីសមាហរណកម្ម ក៏ដូចជា សាកលភាវូបនីយកម្ម។ អរគុណចំពោះអ្នកចូលរួមទាំងអស់ ដែលបានប្រឹងប្រែងហើយផ្តល់នូវកិត្តិយសឲ្យកម្ពុជា ដើម្បីធ្វើជាម្ចាស់ផ្ទះ សូមជូនពរឯកឧត្តម លោកជំទាវ ទទួលបានសេចក្តីសុខ សេចក្តីចម្រើន៕ សូមអរគុណ!

សុន្ទរកថា, ពិធីបើកវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីឤស៊ាន ជាផ្លូវការ ក្រោមប្រធានបទ៖ «យុវជន បច្ចេកវិទ្យា និងកំណើន ការធានាឱ្យបាននូវផលលាភបច្ចេកវិទ្យាឌីជីថល និងផលលាភប្រជាសាស្ត្ររបស់ឤស៊ាន»

ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលរដ្ឋមន្ត្រី និងគណៈប្រតិភូ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិនិងអន្តរជាតិ ប្រិយមិត្តទាំងអស់ជាទីមេត្រី ! កម្ពុជាពិតជាមានកិត្តិយសខ្ពស់បំផុត ដោយបានធ្វើជាម្ចាស់ផ្ទះ នៃវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីឤស៊ាន ក្រោមប្រធានបទ « យុវជន បច្ចេកវិទ្យា និងកំណើន ការធានាឱ្យបាននូវផលលាភបច្ចេកវិទ្យាឌីជីថល និងផលលាភប្រជាសាស្រ្តរបស់​ឤស៊ាន » នាពេលនេះ។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល រដ្ឋមន្ត្រី និងគណៈប្រតិភូ ព្រមទាំងភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញមកដល់ដែនដីចំណាស់មួយនេះនៃតំបន់ឤស៊ាន។ ជាការពិតណាស់ ព្រឹត្តិការណ៍នេះបានកើតឡើងស្របពេលនឹងការប្រារព្ធខួប ៥០ ឆ្នាំ នៃការបង្កើតឤស៊ាន ដែលនឹងផ្តល់ជាវេទិកាសម្រាប់អ្នកពាក់ព័ន្ធទាំងអស់ ទាំងអ្នកនៅក្នុងប្រទេស អ្នកមកពីក្នុងតំបន់ និងអ្នកមកពីក្រៅតំបន់ ដើម្បី​ពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ អំពីនិន្នាការដែលកំពុងកើតឡើងជុំវិញប្រធានបទធំៗបីសំខាន់ គឺការប្រែប្រួលថ្មីនៃបរិការណ៍សកលលោក ការតភ្ជាប់សេដ្ឋកិច្ចឤស៊ាន និងផលលាភយុវជននៃតំបន់ឤស៊ាន។ ប្រធានបទទាំងនេះ គឺជាកត្តាកំណត់ដំណើរការអភិវឌ្ឍរបស់ឤស៊ានក្នុងពេលអនាគត។ ខ្ញុំមានសេចក្តីរីករាយ ដោយបានសង្កេតឃើញថា វេទិកាពេលនេះទទួលបានការចូលរួមពីសំណាក់អ្នករៀបចំគោលនយោបាយ នាយកប្រតិបត្តិក្រុមហ៊ុនធំៗ ធុរជន និងយុវជនគ្រប់ស្រទាប់យ៉ាងកុះករ…

សេចក្តីថ្លែង និងការស្រង់សេចក្តីអធិប្បាយ សន្និសីទសារព័ត៌មាន ស្ដីពីវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាន

ជាបឋម ខ្ញុំសូមសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់អ្នកសារព័ត៌មានពីកម្ពុជា អាស៊ាន និងជុំវិញ ពិភពលោក ក៏ដូចជាអ្នកមានវត្តមាននៅក្នុងសន្និសីទសារព័ត៌មាននៅទីនេះ។ ព្រមទាំង ខ្ញុំសូមថ្លែងអំណរ គុណចំពោះការអញ្ជើញមកចូលរួមនូវវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាន ដើម្បីតាមដានទិន្នន័យភាព និងព័ត៌មានសម្រាប់ផ្សព្វផ្សាយ។ កម្ពុជាពិតជាមានកិត្តិយស ដែលបានទទួលធ្វើជាម្ចាស់ផ្ទះ នៃវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាន ក្រោម​ប្រធានបទ «យុវជន បច្ចេកវិទ្យា និងកំណើន ការធានាអោយនូវបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត​របស់​​អា​ស៊ាន» នៅពេលនេះ។ ជាការពិត ប្រតិបត្តិការនេះ បានកើតឡើងស្របពេលនឹងការប្រាព្ធខួប ៥០ ឆ្នាំ នៃការបង្កើតអាស៊ាន ដែល​ផ្ដល់​ជាវេទិកាសម្រាប់ការពិភាក្សា និងផ្លាស់ប្ដូរបទពិសោធន៍អំពីនិន្នាការ ដែលកំពុងកើតឡើង​ជុំវិញប្រធាន​បទ​ធំៗថ្មីសំខាន់ ការប្រែប្រួលថ្មីនៃបរិការណ៍សកលលោក ការតភ្ជាប់សេដ្ឋកិច្ចអាស៊ាន និងផលលាភ​យុវជន​នៃ​តំបន់អាស៊ាន វាសុទ្ធតែមានសារសំខាន់សម្រាប់ចក្ខុវិស័យ និងដំណើរការអភិវឌ្ឍរបស់អាស៊ាន។​ ខ្ញុំមានសេចក្ដីរីករាយ សង្កេតឃើញថា វេទិកានេះទទួលនូវបានចូលរួមពីសំណាក់អ្នករៀបចំគោល​នយោ​​បាយ នាយកប្រតិបត្តិក្រុមហ៊ុនធំៗ និងយុវជនគ្រប់ស្រទាប់យ៉ាងកុះករ មកពីក្នុង និងក្រៅតំបន់​ ដែល​ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ចំពោះអាស៊ាននិយាយជារួម និងនិយាយដោយឡែកចំពោះកម្ពុជា។ ជាការពិត គឺរយៈពេល ៥០ ឆ្នាំកន្លងមក អាស៊ានបានក្លាយជាសហគមន៍សេដ្ឋកិច្ចនយោបាយ និងសង្គម វប្បធម៌មួយដ៏រឹងមាំ និងមានភាពចាស់ទុំ មានសាមគ្គីភាពខ្ពស់ មានការអភិវឌ្ឍ រក្សាបាននូវសន្ដិភាព…