ផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្តោះអាសន្ននៅស្រុកពាមរក៍ ខេត្តព្រៃវែង

FN ៖ ដោយសារមានការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៅស្រុកពាមរក៍ ខេត្តព្រៃវែង និងដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ ព្រមទាំងយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា សម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្តោះអាសន្ន នៅស្រុកពាមរក៍ខេត្តព្រៃវែង ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១នេះ។ ក្រសួងបានបញ្ជាក់ទៀតថា គ្រឹះស្ថានសិក្សាទាំងអស់ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលស្រុកពាមរក៍ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាគ្រប់កម្រិត បុគ្គលិកអប់រំ មាតាបិតាអ្នកអាណាព្យាបាលគ្រប់រូប និងសូមចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

បុគ្គលិកកន្លែងម៉ាស្សា «ឡេស៍រីឡេកស្ប៉ា» ៣នាក់វិជ្ជមានកូវីដ១៩! ក្រសួងសុខាភិបាល ប្រកាសឱ្យអ្នកធ្លាប់ទៅកន្លែងនេះ ប្រញាប់ទៅធ្វើតេស្ត និងធ្វើចត្តាឡីស័ក

FN ៖ ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងថា បុគ្គលិកបម្រើការងារនៅកន្លែងម៉ាស្សា «ឡេស៍រីឡេកស្ប៉ា» ចំនួន ៣នាក់ ត្រូវបានរកឃើញថា វិជ្ជមានជំងឺកូវីដ១៩។ ក្រសួងបានអំពាវនាវដល់អ្នកធ្លាប់ទៅរកសេវានៅកន្លែងម៉ាស្សាទាំង៣ទីតាំង នៅសង្កាត់បឹងកេងកង១ និងសង្កាត់ទន្លេបាសាក់ ប្រញាប់ទៅធ្វើតេស្តសុខភាព និងធ្វើចត្តាឡីស័ក។ យោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានឱ្យតដឹងថា មានស្ត្រីជនជាតិចិនវិជ្ជមានជំងឺកូវីដ១៩ម្នាក់ ធ្លាប់បានទៅហាងម៉ាស្សាឈ្មោះ «ឡេសំរីឡែកភ្លៅ (Let’s Relex Spa)» ស្ថិតនៅផ្ទះលេខ២១ ផ្លូវម៉ៅសេទុង សង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ។ ក្រសួងបានគូសបញ្ជាក់ថា ការយកវត្ថុសំណាកលើកទី២ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ លទ្ធផលវិភាគមន្ទីរពិសោធន៍បានបង្ហាញថា មានករណីវិជ្ជមាន វីរុសកូវីដ-១៩ លើបុគ្គលិកហាងម៉ាស្សានេះ ចំនួន ០៣នាក់។ ក្រសួងបានអះអាងថា កន្លែងម៉ាស្សាទាំង៣ទីតាំង សុទ្ធតែជាប់ពាក់ព័ន្ធនឹងការកើតជំងឺកូវីដ១៩។ ដូច្នេះអតិថិជនដែលបានប្រើប្រាស់សេវានៅទីតាំងទាំង៣កន្លែងខាងលើ មានភាពស្មោះត្រង់មកធ្វើតេស្ត និងធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ តាមការអំពាវនាវរបស់ក្រសួងសុខាភិបាលនេះ ដើម្បីចូលរួមចំណែកក្នុងការកាត់ផ្តាច់បាននូវការចម្លងវីរុសកូវីដ- ១៩ នៅក្នុងសហគមន៍យើងបានទាន់ពេលវេលា បញ្ចៀសបាននូវគ្រោះថ្នាក់នៃការរាតត្បាតលក្ខណៈធំធេងនៅរាជធានីភ្នំពេញ និង នៅតាមបណ្ដាខេត្តនានានៅក្នុងប្រទេសកម្ពុជា។…

ព័ត៌មានផ្លូវការក្រសួងសុខាភិបាល៖ បុរសជនជាតិចិនកើតកូវីដ១៩ ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ មិនមែនស្លាប់ដោយសារតែជំងឺកូវីដ១៩

FN ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការដោយបានទាត់ចោលទាំងស្រុង ចំពោះការផ្សាយទាំងឡាយ ដែលលើកឡើងថា បុរសជនជាតិចិនកំពុងព្យាបាលជំងឺកូវីដ១៩ម្នាក់ បានស្លាប់ដោយសារតែស្ថានភាពជំងឺកូវីដ១៩។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា តាមរយៈការធ្វើកោសល្យវិច័យល្អិតល្អន់ទៅរកឃើញថា បុរសរូបនេះស្លាប់ដោយសារការរើឡើងនៃថ្នាំញៀនធ្ងន់ធ្ងរ។ បុរសជនជាតិចិនម្នាក់ ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ នៅក្នុងមណ្ឌលព្យាបាលជំងឺកូវីដ១៩ ព្រែកព្នៅ បានស្លាប់កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១។ បុរសជនជាតិចិនរូបនេះ មានឈ្មោះ ឡាយ ប៊ីនស៊ាង អាយុ ៣៣ឆ្នាំ។ បុរសជនជាតិចិនរូបនេះ ត្រូវបានរកឃើញថា ឆ្លងជំងឺកូវីដ១៩ ពីអ្នកកើតជំងឺក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ រូបគេត្រូវបានយកសំណាកធ្វើតេស្តកាលពីថ្ងៃទី២៨ ខែកុម្ភៈ ហើយសម្រាកព្យាបាលជំងឺនៅថ្ងៃទី០១ ខែមីនា។ លោក ម៉ម ប៊ុនហេង បានគូសបញ្ជាក់ថា តាមរយៈការធ្វើកោសល្យវិច្ច័យរបស់មន្ត្រីជំនាញតាមរយៈការពិនិត្យទឹកនោម បានបង្ហាញថា បុរសជនជាតិចិនរូបនេះ មានសារធាតុអំហ្វេតាមីនខ្ពស់។ ក្រុមមន្ត្រីជំនាញសន្និដ្ឋានថា បុរសរូបនេះ បានប្រើប្រាស់សារធាតុញៀនប្រភេទអំហ្វេតាមីនក្នុងរយៈពេលយូរមកហើយ។ លោករដ្ឋមន្ត្រី បានបន្ថែមថា សេចក្តីសន្និដ្ឋានរបស់មន្ត្រីជំនាញ ការស្លាប់របស់បុរសជនជាតិចិនរូបនេះ ដោយសារសភាពរើមេថ្នាំញៀនធ្ងន់ធ្ងរបណ្តាលឱ្យគាំងបេះដូងស្លាប់ភ្លាមៗតែម្តង។ មរណភាពរបស់បុរសជនជាតិចិនរូបនេះ គឺជាការស្លាប់របស់ជនកើតជំងឺកូវីដ១៩ លើកដំបូងហើយនៅក្នុងប្រទេសកម្ពុជាគិតចាប់ពីថ្ងៃឆ្លងដំបូង…