FN ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការដោយបានទាត់ចោលទាំងស្រុង ចំពោះការផ្សាយទាំងឡាយ ដែលលើកឡើងថា បុរសជនជាតិចិនកំពុងព្យាបាលជំងឺកូវីដ១៩ម្នាក់ បានស្លាប់ដោយសារតែស្ថានភាពជំងឺកូវីដ១៩។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា តាមរយៈការធ្វើកោសល្យវិច័យល្អិតល្អន់ទៅរកឃើញថា បុរសរូបនេះស្លាប់ដោយសារការរើឡើងនៃថ្នាំញៀនធ្ងន់ធ្ងរ។
បុរសជនជាតិចិនម្នាក់ ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ នៅក្នុងមណ្ឌលព្យាបាលជំងឺកូវីដ១៩ ព្រែកព្នៅ បានស្លាប់កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១។ បុរសជនជាតិចិនរូបនេះ មានឈ្មោះ ឡាយ ប៊ីនស៊ាង អាយុ ៣៣ឆ្នាំ។
បុរសជនជាតិចិនរូបនេះ ត្រូវបានរកឃើញថា ឆ្លងជំងឺកូវីដ១៩ ពីអ្នកកើតជំងឺក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ រូបគេត្រូវបានយកសំណាកធ្វើតេស្តកាលពីថ្ងៃទី២៨ ខែកុម្ភៈ ហើយសម្រាកព្យាបាលជំងឺនៅថ្ងៃទី០១ ខែមីនា។
លោក ម៉ម ប៊ុនហេង បានគូសបញ្ជាក់ថា តាមរយៈការធ្វើកោសល្យវិច្ច័យរបស់មន្ត្រីជំនាញតាមរយៈការពិនិត្យទឹកនោម បានបង្ហាញថា បុរសជនជាតិចិនរូបនេះ មានសារធាតុអំហ្វេតាមីនខ្ពស់។ ក្រុមមន្ត្រីជំនាញសន្និដ្ឋានថា បុរសរូបនេះ បានប្រើប្រាស់សារធាតុញៀនប្រភេទអំហ្វេតាមីនក្នុងរយៈពេលយូរមកហើយ។
លោករដ្ឋមន្ត្រី បានបន្ថែមថា សេចក្តីសន្និដ្ឋានរបស់មន្ត្រីជំនាញ ការស្លាប់របស់បុរសជនជាតិចិនរូបនេះ ដោយសារសភាពរើមេថ្នាំញៀនធ្ងន់ធ្ងរបណ្តាលឱ្យគាំងបេះដូងស្លាប់ភ្លាមៗតែម្តង។
មរណភាពរបស់បុរសជនជាតិចិនរូបនេះ គឺជាការស្លាប់របស់ជនកើតជំងឺកូវីដ១៩ លើកដំបូងហើយនៅក្នុងប្រទេសកម្ពុជាគិតចាប់ពីថ្ងៃឆ្លងដំបូង នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។ គិតត្រឹមព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ កម្ពុជា បានរកឃើញអ្នកកើតជំងឺកូវីដ១៩សរុប ៩០៩នាក់, ព្យាបាលជា ៤៨៤នាក់ និងកំពុងសម្រាកព្យាបាល ៤២៥នាក់។
កម្ពុជា ត្រូវបានកត់ត្រាមានអត្រាឆ្លងខ្ពស់បំផុតក្នុងព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍២០កុម្ភៈ។ ព្រឹត្តិការណ៍ឆ្លងសហគមន៍២០កុម្ភៈ មានអ្នកឆ្លងសរុបរហូតដល់ទៅ ៤០២នាក់ ដែលភាគច្រើនជាជនជាតិចិន៕